អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-នុយក្លេអ៊ែរ

ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ ទាមទារ​បង្កើត​តំបន់សុវត្ថិភាព នៅ​ស្ថានីយ៍​​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា

បន្ទាប់ពី​បាន​ចុះទៅត្រួតពិនិត្យ​ស្ថានការណ៍ នៅស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរហ្សាប៉ូរីចា ក្រុមអ្នកជំនាញ​​នៃ​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ​ បានបង្ហាញ​​របាយការណ៍​មួយកាលពី​ថ្ងៃអង្គារទី​៦កញ្ញា​ ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ ​នៃអង្គការ​សហប្រជាជាតិ។ ក្នុងរបាយការណ៍នេះ ទីភ្នាក់ងារនុយក្លេអ៊ែរ​អន្តរជាតិ​​ បានទាមទារថា ត្រូវតែ​បង្កើតតំបន់សុវត្ថិភាព គ្មានអាវុធជាបន្ទាន់​ នៅស្ថានីយ៍​ហ្សាប៉ូរីចានេះ ព្រោះ​លក្ខខណ្ឌសន្តិសុខ នឹងមិនអាចទ្រាំទ្របានទៀត ប្រសិន​បើ​គេ​ ចង់បញ្ចៀសមិន​ឲ្យ​មានគ្រោះថ្នាក់​នុយក្លេអ៊ែរទេនោះ។

លោកអគ្គនាយក​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA / IAEA Rafael Mariano Grossi ឆ្លើយសំណួរអ្នកកាសែត ពេលតក្រលប់​ពី​ស្ថានីយ៍​​ហ្សាប៉ូរីចា​ មកដល់​​ព្រលាន​យន្តហោះ​ទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ២កញ្ញា ២០២២​
លោកអគ្គនាយក​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA / IAEA Rafael Mariano Grossi ឆ្លើយសំណួរអ្នកកាសែត ពេលតក្រលប់​ពី​ស្ថានីយ៍​​ហ្សាប៉ូរីចា​ មកដល់​​ព្រលាន​យន្តហោះ​ទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ២កញ្ញា ២០២២​ AP - Theresa Wey
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ បានសន្និដ្ឋានថា ស្ថានការណ៍​នៅ​ស្ថានីយ៍​ហ្សាប៉ូរីចានាពេលនេះ គឺមិនអាច​ទ្រាំទ្របាន​ទៀតទេ ព្រោះ​ស្ថានីយ៍នុយក្លេអ៊ែរនេះ បានរងនូវការ​បាញ់ទំលាក់គ្រាប់បែក យ៉ាងដំណំ ជាច្រើនលើកច្រើនសា។ ត្រូវតែការ​ពារ​ស្ថានីយ៍នេះ ពីការទំលាក់​គ្រាប់បែកជាបន្ទាន់។ ត្រូវតែ​រៀបចំ ឲ្យ​ស្ថានីយ៍នេះក្លាយ​ជាតំបន់សុវត្ថិភាព​ពិសេស គ្មានអាវុធ។

នៅក្នុងសារវីដេអូប្រចាំថ្ងៃរបស់ខ្លួន លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងអបអរ ដោយក្នុងរបាយការណ៍នេះ អ្នកជំនាញ​នៃទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA បានលើកឡើងថា​ គេបានប្រទះឃើញ​គ្រឿងសព្វាវុធ របស់កងទ័ពរុស្ស៊ី នៅក្នុង​បរិវេន​ស្ថានីយ៍​ហ្សាប៉ូរីចា។ វត្តមាន​កងទ័ព​និងគ្រឿងសព្វាវុធរុស្ស៊ីនេះ គឺវាបាន​ដាក់សំពាធយ៉ាងខ្លាំង និង​ជារៀងរាល់ថ្ងៃ ទៅ​លើ​បុគ្គលិក​អ៊ុយក្រែន ដែលបំពេញការងារនៅក្នុងស្ថានីយ៍ហ្សាប៉ូរីចា។​ លោក​ហ្សេឡេនស្គី បានអះអាងថា អ៊ុយក្រែនគាំទ្រពេញទំហឹង ចំពោះការបង្កើតតំបន់សុវត្ថិភាព ពិសេស គ្មានអាវុធ គ្មានកងទ័ព នៅស្ថានីយ៍​ហ្សាប៉ូរីចានេះ។

រូបភាពប្រគល់​ឲ្យ​ដោយ​​ក្រសួង​ការពារជាតិរុស្ស៊ី បង្ហាញ​ឲ្យឃើញ​​ក្រុមអ្នកជំនាញ AIEA កំពុងចុះត្រួតពិនិត្យ​នៅស្ថានីយ៍អគ្គីសនី ហ្សាប៉ូរីចា ថ្ងៃទី ២កញ្ញា ២០២២
រូបភាពប្រគល់​ឲ្យ​ដោយ​​ក្រសួង​ការពារជាតិរុស្ស៊ី បង្ហាញ​ឲ្យឃើញ​​ក្រុមអ្នកជំនាញ AIEA កំពុងចុះត្រួតពិនិត្យ​នៅស្ថានីយ៍អគ្គីសនី ហ្សាប៉ូរីចា ថ្ងៃទី ២កញ្ញា ២០២២ AP

ដោយឡែក ភាគីរុស្ស៊ីវិញ បានទាមទារ ឲ្យទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ ត្រូវផ្តល់ព័ត៌មានបញ្ជាក់លំអិត ទាក់ទិននឹងរបាយការណ៍នេះ។ លោកស៊ែរហ្កី ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងថា មានចំណុចច្រើនដែល ភាគីរុស្ស៊ី​មានចម្ងល់ ជាក់ស្តែងទាក់ទិនចំណុចដែល ភាគីរុស្ស៊ីបានប្រគល់ឯកសារភស្តុតាងគ្រប់គ្រាន់បញ្ជក់ថា កងទ័ព​​អ៊ុយក្រែន គឺជាអ្នក​បានបាញ់​ប្លោងគ្រាប់ ​មកលើស្ថានីយ៍​ហ្សាប៉ូរីចា តែរបាយការណ៍បែរជាមិនយកបញ្ហានេះមកនិយាយឲ្យ​ចំៗទៅវិញ។​ លោកស្រី Maria Zhakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាន​ចោទថាគឺក្រុមប្រទេស​លោកខាងលិច ដែលបានដាក់សំពាធទៅលើ AIEA ព្រោះថាការពិត គឺអ៊ុយក្រែនជាអ្នកបាញ់​ប្លោងគ្រាប់នៅលើស្ថានីយ៍ហ្សាប៉ូរីចា ដោយមានជំនួយ​ពីអាមេរិក។​

គួរបញ្ជាក់ថា ស្ថានីយ៍​នុយក្លេអ៊ែរហ្សាប៉ូរីចា និង​តំបន់នៅជុំវិញ​ បានធ្លាក់ចូលក្នុ​ងការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី តាំងតែពីខែមីនាមកម្លេះ។ ស្ថានីយ៍​នុយក្លេអ៊ែរដ៏ធំជាងគេនៅអឺរ៉ុបនេះ បានរងនូវការទម្លាក់គ្រាប់ជាច្រើនដង ធ្វើ​ឲ្យ​មានការបារម្ភខ្លាំងពីគ្រោះថ្នាក់នុយក្លេអ៊ែរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមអ្នកជំនាញ ដឹកនាំដោយ​លោក Rafael Grossi អគ្គនាយក AIEA ផ្ទាល់ បានទៅដល់​ស្ថានីយ៍ហ្សាប៉ូរីចានេះ ដើម្បីពិនិត្យស្ថានការណ៍ បន្ទាប់ពីមានអន្តរាគមន៍ទាមទារពីអង្គការសហប្រជាជាតិ។

គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកជំនាញ​របស់ AIEA បានចាកចេញពី​ស្ថានីយ៍ហ្សាប៉ូរីចាហើយ ដោយ​ទុកនៅតែ២នាក់​ប៉ុណ្ណោះ ដើម្បី​ប្រចាំការជាអចិន្ត្រៃយ៍។ កាលពីថ្ងៃអង្គារ លោកស្រីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានទាមទារឲ្យ​បង្កើតច្រកផ្លូវសុវត្ថិភាព ដើម្បី​ឲ្យ​ប្រជាជនចាកចេញពី​តំបន់​ក្បែរស្ថានីយ៍នុយក្លេអ៊ែរហ្សាប៉ូរីចានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ