អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី-ថាមពល

លោកពូទីន​អះអាងថា រុស្ស៊ី​បាន​ចំណេញ​ក្នុង​ការ​ពង្រឹង​អធិបតេយ្យ​ជាតិ ហើយ​ពួក​បស្ចឹមលោក​​កំពុង​ផុងជ្រៅ​ក្នុង​​ទណ្ឌកម្ម​ទ័លច្រក

សង្គ្រាមនៅអ៊ុយក្រែន​ បានធ្វើឲ្យ​ក្រុម​ប្រទេសលោកខាងលិច ជាពិសេសសហភាពអឺរ៉ុប ត្រូវស្ថិតក្នុងវិបត្តិខ្វះថាមពលប្រើប្រាស់។ ក្រុម​ហ៊ុន Gazprom របស់រុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍​មុន​ថា គេនឹងបិទរ៉ូក្បាលរ៉ូប៊ីណេទាំងស្រុង លែងបង្ហូរឧស្ម័ន​ទៅ ឲ្យ​អឺរ៉ុបតទៅទៀត រហូតណាទាល់តែ​ខាងភាគីក្រុមហ៊ុន​អាល្លឺម៉ង់ ធ្វើការជួសជុល និង​ប្រគល់ម៉ាស៊ីនតួរប៊ីនបង្ហូរឧស្ម័ន​មក​ឲ្យ​ខាងរុស្ស៊ីវិញ។ អឺរ៉ុប បានចោទរុស្ស៊ីថា បានយក​ទំនិញថាមពលហ្កាសនេះ ជា​អាវុធដើម្បី​វាយធ្វើបាប សងសឹកអឺរ៉ុប។

លោកពូទីន ក្នុងពេល​ថ្លែងសុន្ទរកថានៅក្នុងឱកាស​ បើកវេទិកា​សេដ្ឋកិច្ច​បូព៌ា នៅក្រុង Vladivostok ថ្ងៃទី៧ កញ្ញា ២០២២
លោកពូទីន ក្នុងពេល​ថ្លែងសុន្ទរកថានៅក្នុងឱកាស​ បើកវេទិកា​សេដ្ឋកិច្ច​បូព៌ា នៅក្រុង Vladivostok ថ្ងៃទី៧ កញ្ញា ២០២២ AP - Sergei Bobylev
ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធទី​៧កញ្ញា នៅក្នុង​ឱកាស បើកវេទិកា​សេដ្ឋកិច្ច​បូព៌ា នៅ​ទីក្រុងវ្ល៉ាឌីវ៉ូឆតុក លោកប្រធានាធិបតីពូទីន បានឆ្លើយតប​នឹង​ការចោទប្រកាន់របស់អឺរ៉ុប ដោយ​អះអាងថា ភាគីរុស្ស៊ី​បានគោរពកាតព្វកិច្ច​ផ្គត់ផ្គង់ទំនិញ​វត្ថុធាតុដើមថាមពលជារៀងរហូត។ ផ្ទុយទៅវិញ គឺក្រុមប្រទេសលោកខាងលិចទេ ដែលកំពុងផុងជ្រៅ​ ទៅក្នុងវិធានការទណ្ឌកម្ម​ទ័លច្រករបស់ខ្លួនឯង។

00:59

សំឡេងលោកពូទីន ដែលអះអាងថា រុស្ស៊ីមិនបាន​យកវត្ថុធាតុដើមថាមពល ធ្វើជាអាវុធនោះទេ

« ពួក​លោកខាងលិច និយាយថារុស្ស៊ីបានយក​ វត្ថុធាតុដើមថាមពល ធ្វើ​ជាអាវុធ។ នេះគឺជាសំដីគ្មានន័យ​ខ្លឹមសារមួយទៀតរបស់ពួកគេ។ តើអាវុធអ្វីទៅ ដែលយើងបានប្រើ?​ យើងបានបំពេញកាតព្វកិច្ច​​ ​ផ្គត់ផ្គង់ទំនិញវត្ថុធាតុដើមទៅតាម​ការបញ្ជាទិញ របស់ប្រទេសដែលជាអតិថិជន ដោយត្រឹមត្រូវរហូត​ មិនដែល​ខកខានទេ។

ប្រគល់ម៉ាស៊ីនតួរប៊ីនមកឲ្យយើងមក នោះស្អែក យើងនឹងចាប់ផ្តើម​ដំណើរការ​បំពង់បង្ហូរឧស្ម័ន Nord Stream ឡើងវិញឲ្យ​មើល ! យើងបានត្រៀមខ្លួនរួចហើយ ក្នុង​ការ​ចាប់ផ្តើម​នាំចេញឡើងវិញ ចាប់ពីថ្ងៃស្អែកទៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចុចប៊ូតុងមួយតែប៉ុណ្ណោះ។

ក៏ប៉ុន្តែ គេមិន​ប្រគល់​មកឲ្យ​យើង ហើយគេគឹតតែពីនិយាយច្រំដែល ថា​យើងយកទំនិញ​ថាមពល ប្រើ​ជា​អាវុធ។ តាមពិតទៅ ពួកលោក​ខាងលិច លែងដឹងថាខ្លួន​ត្រូវធ្វើអ្វីទៀតហើយ។ ពួកគេកាន់តែផុងខ្លួន​ជ្រៅ ទៅក្នុងភាពទ័លច្រក នៃ​​វិធានការទណ្ឌកម្មរបស់ពួកគេ។ »

បន្ថែមពីនេះទៀត លោកពូទីន បាន​លើកឡើងទៀតថា​ លោកចង់ចរចា សើរើឡើងវិញ នូវកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ទាក់ទិននឹងការដឹកជញ្ជូនទំនិញស្បៀងគ្រាប់ធុញ្ញជាតិ។ លោកពូទីនអះអាងថា ទំនិញស្បៀងអាហារ គ្រាប់ធុញ្ញជាតិ ដែលគេបាន​​ដឹកចេញពីកំពង់ផែអ៊ុយក្រែន​ ធាតុពិតគឺបានដឹកយកទៅ​ប្រទេសអឺរ៉ុបភាគច្រើនបំផុត។​ ប្រការនេះ គឺ​វានឹងជំរុញឲ្យមាន​​វិបត្តិខ្វះស្បៀងអាហារ គ្រោះទុរ្ភឹក្សនៅតាមប្រទេសក្រីក្រ។ លោក​ពូទីនបន្ថែមថា ក្នុងចំណោម​នាវាដឹកគ្រាប់ធុញ្ញជាតិទាំង៨៧គ្រឿង ដែលបានចេញពី​កំពង់ផែអ៊ុយក្រែន គឺមានតែ២គ្រឿងទេ ដែលបានដឹកទៅជួយ​ប្រទេសក្រីក្រនៅអាហ្វ្រិក​ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។​

អ្នកកាសែតបានជជីកសួរលោកពូទីនបន្ត ថាតើរុស្ស៊ីបាន​ទទួលផលវិបាកអ្វីខ្លះ ក្រោយ​ប្រតិបត្តិការយោធានៅអ៊ុយក្រែន រយៈពេលជាង​​៦ខែមកនេះ។ លោកពូទីន បានឆ្លើយថា រុស្ស៊ីមិនខាតទេ គឺមានតែចំណេញ ៖

00:59

សំឡេងលោកពូទីន ដែលអះអាងថា សង្គ្រាម​អ៊ុយក្រែន​ធ្វើឲ្យ​រុស្ស៊ីចំណេញ​ពង្រឹង​អធិបតេយ្​យជាតិ

«  ខ្ញុំ​ជឿជាក់ក្នុ​ង​ចិត្តណាស់​ ថាយើងមិនបានខាតបង់អ្វីនោះទេ ហើយយើងក៏នឹងនៅតែមិនខាតបង់អ្វីដែរ ទៅថ្ងៃមុខ។ មិនត្រឹមប៉ុណ្ណោះទេ ​ខ្ញុំអាចនិយាយបានថា យើងបានចំណេញរួចទៅហើយ គឺយើងចំណេញ​ក្នុង​ការពង្រឹងអធិបតេយ្យភាពរបស់យើង។

គ្មាននរណាម្នាក់អាចមកធ្វើ ​ឲ្យរុស្ស៊ីនៅឯកោតែម្នាក់ឯងបានឡើយ​ មិនថាអ្នកណាក៏ដោយ មានគ្នាច្រើន​យ៉ាងណាក៏ដោយ​។ រឿងនេះខ្ញុំតែងតែនិយាយ​រួចមកហើយ។​ គ្រាន់តែយើង យកផែនទីពិភពលោកមកមើល ក៏យើងដឹងទៅហើយ ថាយើងមានទំងន់ឥទ្ធិពលប្រកួតប្រជែងយ៉ាងងាយរួចទៅហើយ។​ យើងនឹងបន្ត ពង្រីក​សមត្ថភាពរបស់យើង​នៅក្នុងវិស័យដឹកជញ្ជូន ពង្រីកបណ្ដាញ​គមនាគមន៍​ ផ្លូវថ្នល់ ​ផ្លូវដែក និង​កសាងបើក​​ផ្លូវសមុទ្រ​ ព្រមទាំង​បង្កើន​​សមត្ថភាព​របស់​យើង ក្នុងវិស័យ​ដឹកជញ្ជូនទំនិញ។ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ