អានតួអត្ថបទ

ព្រះមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបិត ទី២ សោយទិវង្គត ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា

ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (Elizabeth II) ដែលគ្រងរាជ្យ​បាន​យូរជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អង់គ្លេស បាន​សោយទិវង្គត នៅថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែកញ្ញា​ ឆ្នាំ២០២២ នៅក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ ក្រោយ​ការសោយទិវង្គត របស់​ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ ព្រះអង្គម្ចាស់ ឆាលស៍ ដែលជា​បុត្រាច្បង គឺ​ជា​អ្នក​​ឡើង​ស្នងរាជ្យ ហើយ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ ឆាលស៍ ទី៣ (Charles III)។ នៅក្នុងរយៈពេល ៧០ឆ្នាំ នៃ​ការ​គ្រងរាជសម្បត្តិ ដែល​ជា​រយៈពេល​យូរ​ជាងគេ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ គឺ​ជា​ជន្ទល់​ដ៏​រឹងមាំ​មួយ នៃ​​​​របបរាជានិយម​​អង់គ្លេស ឆ្លងកាត់​ទាំង​ស្ថិរភាព និង​អស្ថិរភាព នៃ​នយោបាយ​អង់គ្លេស​និង​ពិភពលោក។ ជាជោគជ័យ​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ព្រះមហាក្សត្រិយ៍ ដែល​ កាល​ពី​ដំបូងឡើយ មិនមាន​អ្នកណា​នឹកស្មាន​ថា អាច​នឹង​មាន​ជោគវាសនា​បាន​ឡើង​គ្រងរាជបល្ល័ង្ក។

ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (១៩២៦-២០២២)
ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (១៩២៦-២០២២) REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ ដែលមានឈ្មោះដើម Elizabeth Alexendra Mary កើត​នៅ​ឆ្នាំ១៩២៦ គឺ​ជា​បុត្រីច្បង​របស់​ព្រះអង្គម្ចាស់ Albert ដែល​ត្រូវ​ជា​បុត្រា​ទីពីរ​របស់​ព្រះមហាក្សត្រ​អង់គ្លេស (Georges V)។ ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​ត្រកូល​នៃ​រាជបុត្រា​ទីពីរ​នេះហើយ ដែល​គេ​មិនរំពឹង​ថា អេលីហ្សាបិត អាច​នឹង​មាន​ជោគវាសនា​បាន​ឡើងគ្រងរាជ្យ​នោះទេ ដោយ​សិទ្ធិស្នងរាជ្យ​ត្រូវ​បាន​ទៅ​ត្រកូល​នៃ​រាជបុត្រ​ច្បង គឺ​ព្រះអង្គម្ចាស់ Edward ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ១៩៣៦។

ក៏ប៉ុន្តែ នៅខែ​ធ្នូ ឆ្នាំ១៩៣៦ ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ​មិនទាន់​បាន​មួយឆ្នាំ​ស្រួលបួលផង ព្រះមហាក្សត្រ Edward III ដែល​មាន​រឿងអាស្រូវ​ក្នុ​ងគ្រួសារ ក៏​ស្រាប់តែ​ដាក់រាជ្យ ទើប​​ព្រះអង្គម្ចាស់ Albert បាន​ឡើងស្នងរាជ្យ​ជំនួស ដោយ​យកព្រះ​រាជនាម​ថា Georges VI ហើយព្រះអង្គម្ចាស់ក្សត្រិយ៍​​អេលីហ្សាបិត ដែល​នៅ​ពេលនោះ​ទើប​មាន​អាយុ​បាន ១០ឆ្នាំ ហើយ​ដែល​នៅ​ក្នុង​គ្រួសារ​ជិតស្និទ្ធ​គេ​តែងតែ​ហៅថា “លីលីបិត” (Lilibet) ក៏​បាន​ក្លាយ​ជា​រាជទាយាទ​ជាផ្លូវការ។

ពីរឆ្នាំក្រោយ​សង្គ្រាម​លោក​លើកទី២ ព្រះអង្គម្ចាស់ក្សត្រិយ៍ អេលីហ្សាបិត បាន​រៀបអភិសេក​ជាមួយព្រះអង្គម្ចាស់​ហ្វីលីព នៅ​ឆ្នាំ​១៩៤៧ ហើយ​មួយឆ្នាំក្រោយ​មក ប្រសូត្រ​បាន​បុត្រា​ច្បង គឺ​ព្រះអង្គម្ចាស់ ឆាលស៍ (Charles) និង​បុត្រី គឺ​ព្រះអង្គម្ចាស់ក្សត្រិយ៍ អាន (Anne) ពីរឆ្នាំក្រោយ​មកទៀត។

នៅដើមឆ្នាំ១៩៥២ ដោយសារ​តែ​ព្រះមហាក្សត្រ Georges VI មាន​បញ្ហា​សុខភាព ព្រះអង្គម្ចាស់ក្សត្រិយ៍ អេលីហ្សាបិត និង​ព្រះអង្គម្ចាស់​ ហ្វីលីព បាន​ធ្វើ​ជា​តំណាង​ព្រះមហាក្សត្រ ​ធ្វើ​​ដំណើរទៅ​បំពេញទស្សនកិច្ច​ នៅ​តាម​បណ្តា​ដែនដី ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ចក្រភព​អង់គ្លេស។ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​​នោះហើយ ដែល​ព្រះមហាក្សត្រ Georges VI សោយទិវង្គត ហើយ​ព្រះអង្គម្ចាស់ក្សត្រិយ៍ អេលីហ្សាបិត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កេនយ៉ា ក៏​បាន​ក្លាយ​ជា​ព្រះមហាក្សត្រិយ៍ ក្នុងវ័យ ២៥ព្រះវស្សា ដោ​យយកព្រះ​រាជនាម​ថា អេលីហ្សាបិត ទី២។

ជាក្សត្រ​ដែល​គ្រងរាជ្យ​តែមិនកាន់អំណាច ទៅតាម​គោលការណ៍​នៃ​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ គឺ​ជា​ក្សត្រ​មួយរូប​ដ៏​មាន​ឥទ្ធិពល​នយោបាយ និង​​ប្រជាប្រិយភាព​ ទាំង​ប្រជាប្រិយភាព នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​អង់គ្លេស ក៏ដូចជា ប្រជាប្រិយភាព​នៅលើ​ឆាក​អន្តរជាតិ។

គិតត្រឹម​ថ្ងៃសោយទីវង្គត ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត​ ទី២ បាន​គ្រងរាជ្យសម្បត្តិ ក្នុងរយៈពេល ៧០ឆ្នាំ ៧ខែ និង២ថ្ងៃ ដែល​ជា​រយៈពេល​មួយ​យូរបំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អង់គ្លេស ហើយ​ជា​ស្តេច​ដែល​បាន​គ្រងរាជ្យ​យូរ​ជាងគេ​លំដាប់ទីពីរ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក បន្ទាប់​ពី​ស្តេច Luis XIV របស់​បារាំង ហើយ​​យូរ​ជាង​ព្រះមហាក្សត្រ​ថៃ ភូមិបុល​អាប់ឌុលយ៉ាដេត។

នៅក្នុងឋានៈជា​ព្រះមហាក្សត្រិយ៍​របស់​រាជាណាចក្រ​អង់គ្លេស ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ មិនត្រឹមតែ​ជា​ប្រមុខរដ្ឋ​របស់​អង់គ្លេស​តែមួយនោះទេ តែ​ជា​ប្រមុខរដ្ឋ​របស់​ប្រទេស​ជាច្រើន​ផ្សេងទៀត ក្នុងនោះ ក៏​មាន​ដែរ ប្រទេស​ធំៗ ដូចជា កាណាដា អូស្រ្តាលី និង​នូវែលសេឡង់​ ជាដើម។ ហើយ​នៅ​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​អង់គ្លេស ក្នុងរយៈពេល​ជាង ៧០ឆ្នាំ​កន្លងទៅនេះ ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ បាន​ឆ្លងកាត់​នាយករដ្ឋមន្រ្តី​រហូត​ដល់​ទៅ ១៥​រូប ដោយ​រាប់​ចាប់តាំង​ពី​ Winston Churchill នៅពេល​ដែល​ទ្រង់​​ទើបនឹង​ឡើង​គ្រងរាជ្យ រហូត​មកដល់ Liz Truss ដែល​ព្រះអង្គ​បាន​ទទួលជួប និង​ចាត់តាំង​ជា​នាយករដ្ឋមន្រ្តី កាល​ពីថ្ងៃទី៧​កញ្ញា ពោលគឺ តែ​មួយថ្ងៃ​ប៉ុណ្ណោះ ​មុនពេល​ទ្រង់​សោយទិវង្គត។ នេះ​គឺ​ជា​និមិត្តរូប​ដ៏​សំខាន់​មួយ នៃ​ក្សត្រ​ដែល​​បំពេញតួនាទី និង​ករណីយកិច្ច​រហូតដល់​ដង្ហើម​ចុងក្រោយ ស្រប​ទៅតាម​អ្វី ដែល​ព្រះអង្គ​ធ្លាប់​បាន​សន្យា​ជាសាធារណៈ កាល​ពី​ឆ្នាំ១៩៤៧ នៅ​ក្នុង​អំឡុង​ខួប​គម្រប់ ២១ព្រះវស្សា​ថា នឹង​ចំណាយពេល​​​ពេញ​មួយ​ជីវិត​របស់​ទ្រង់ ទោះជា​ខ្លី ឬ​វែង ដើម្បី​បម្រើ​ប្រទេស និង​ប្រជារាស្រ្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ