អានតួអត្ថបទ
សហភាពអឺរ៉ុប-អ៊ុយក្រែន

ឱ្យ​​លុយអ៊ុយក្រែនខ្ចី​ ​អឺរ៉ុបអាចប្រឈម​នឹង​ហានិភ័យ​​​នយោបាយក្នុង​ស្រុក ?

ក្នុង​ជំនួបប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អឺរ៉ុប នៅទីក្រុង​ប្រាក ប្រទេស​ឆែក ដែល​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ ពី​ថ្ងៃ​សុក្រ​ទី​៩​ដល់​ថ្ងៃ​សៅរ៍​ទី១១​កញ្ញា សហភាពអឺរ៉ុប​បាន​សម្រេច​បើក​ទម្លាយ​កញ្ចប់ថវិកា​ ផ្តល់​ជំនួយ​ថ្មី​តម្លៃ​៥ពាន់​លាន​អឺរ៉ូ ទៅ​ឱ្យ​អ៊ុយក្រែន។ ​ជា​ប្រាក់​កម្ចី​ ដែល​មាន​ទម្ងន់​ផ្នែក​ហិរញ្ញវត្ថុ​ផង និង​ផ្នែក​នយោបាយ​ផង សម្រាប់​រដ្ឋាភិបាល​របស់​សមាជិក​អឺរ៉ុប​ជា​ច្រើន​ប្រទេស។ ហេតុ​អ្វី ?

ទង់ជាតិ​អ៊ុយក្រែន​បក់​រវិច​ក្បែរ​ទង់​ជាតិ​សហភាព​អឺរ៉ុប​នៅ​មុខ​សភា​អឺរ៉ុប​នាទីក្រុង​ស្ត្រាបួរប្រទេស​បារាំង
ទង់ជាតិ​អ៊ុយក្រែន​បក់​រវិច​ក្បែរ​ទង់​ជាតិ​សហភាព​អឺរ៉ុប​នៅ​មុខ​សភា​អឺរ៉ុប​នាទីក្រុង​ស្ត្រាបួរប្រទេស​បារាំង AFP - FREDERICK FLORIN
ផ្សាយពាណិជ្ជកម្ម

“អ៊ុយក្រែន​ត្រូវ​តែ​ឈ្នះ​រុស្ស៊ីក្នុង​សង្គ្រាមនេះ។ អ៊ុយក្រែន​ត្រូវ​តែទទួល​បាន​​សេរីភាព និង​ឯករាជ្យភាព​ពេញ​លេញ​វិញ បន្ទាប់​ពី​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​អង់អាច។ សហភាពអឺរ៉ុប នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​និង​ចូល​រួម​ធ្វើ​យ៉ាង​ណា​ឱ្យ​អ៊ុយក្រែន​បាន​សម្រេច​ សាមគ្គីភាព​និង​សន្តិភាព”។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រធាន​គណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហភាព​សម្រេច​ទម្លាយ​កញ្ចប់​ថវិកា​​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ ៥ពាន់​លាន​អឺរ៉ូ ក្នុង​ទម្រង់​ជា​ប្រាក់​កម្ចី សម្រាប់​ឱ្យ​អ៊ុយក្រែន​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​វិស័យ​សេវាកម្ម​រដ្ឋ រដ្ឋបាល សាលារៀន មន្ទីរពេទ្យ​ ។ល។ និង​។ល។ ទឹក​ប្រាក់នេះ​​ជា​ផ្នែក​មួយ​នៃ​ ​ថវិកា ​ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​កាលពី​ខែ​ឧសភា​សម្រាប់​អ៊ុយក្រែន។ មួយ​ពាន់​លាន​អឺរ៉ូ បាន​ប្រគល់​ឱ្យ​អ៊ុយក្រែន​រួច​ហើយ។ ហើយសល់ប្រាក់​បីពាន់​លាន​អឺរ៉ូ​ទៀត អឺរ៉ុប​ចង់​សម្រេច​បើក​ឱ្យ​នៅ​ក្នុង​ជំនួប​ប្រជុំ​លើក​ក្រោយ។

ក្រោយ​ឃើញ​​​សហរដ្ឋ​អាមេរិក​សន្យា​​ផ្តល់​ជំនួយ​យោធា​ថ្មី​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​ចំនួន ២៨០០​លាន​ដុល្លារ​មក អឺរ៉ុប​មិន​ចង់​ស្ងៀម​ឈរអោប​ដៃ​ទទេ និង​ចង់​បង្ហាញ​ថា​សាមគ្គីភាព​អន្តរជាតិ​មិន​ចុះ​ថមថយ​ឡើយ។ ប៉ុន្តែតើ​រដ្ឋាភិបាល​និង​សហភាពអឺរ៉ុប អាច​បន្ត​​បញ្ចេញ​​ប្រាក់​ ឱ្យ​អ៊ុយក្រែន​​បាន​រហូត​ដល់​ពេល​ណា បើ​ខ្លួន​ឯង​ក៏​រុំរួត​ដោយ​វិបត្តិ​ដែរ​នោះ ?

ជាក់ស្តែង​ នៅទីក្រុង​ប្រាក ប្រទេស​សាធារណរដ្ឋ​ឆែក ទី​ដែល​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កំពុង​ជួប​ប្រជុំ​គ្នា មាន​ពលរដ្ឋ​ប្រមាណ​ជា​ច្រើនម៉ឺន​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅថ្ងៃសៅរ៍ទី ១០កញ្ញា​នេះ ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ឧស្ម័ន​ហ្កាសផង ​ប្រឆាំង​នឹង​សហភាពអឺរ៉ុប​និង​អង្គការអូតង់​ផង។ បាតុករ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ឆែក​ថា​គិតគូរ​អ៊ុយក្រែន​ខ្លាំង​ជាងគិត​ពី​ប្រទេស​និង​ពលរដ្ឋ​ឯង។ ចុះ​ថ្ងៃស្អែក​ដល់​វេននរណា ?

គំនិត​ចង់​រក្សា​ថវិកា​សម្រាប់​បម្រើ​អឺរ៉ុប​ខ្លួន​ឯង​មុន និង​សន្តិនិយម អាច​នឹង​​រីក​លូត​លាស់​ខ្លាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អឺរ៉ុប នៅពេល​រដូវត្រជាក់​ធ្លាក់​មក​ដល់​ហើយ​ពួកគេ​គ្មានមធ្យោបាយកម្តៅ​បំបាត់​រងារ។ រោគសញ្ញា​នេះ​អាច​នឹង​លេច​ឡើង​ជា​បន្ត​បន្ទាប់ ប្រសិន​បើ​គណបក្ស​ស្តាំ​អភិរក្ស​និយម​ជ្រុល​នៅ​ស៊ុយអែត ជាប់​ឆ្នោត​សភា នៅថ្ងៃ​ទី ១១​កញ្ញា​ស្អែក និង នៅ​ថ្ងៃ​ទី ២៥​កញ្ញា​សម្រាប់​​​អ៊ីតាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ