អានតួអត្ថបទ
សភាអឺរ៉ុប

អឺរ៉ុប​រឹតបន្តឹង​អត្ថបទ​ច្បាប់ ស្តីពី​ការនាំចូល​ទំនិញ​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ

សភា​អឺរ៉ុប​បង្ហាញ​ជំហរ​តឹងរ៉ឹង​ជាង​គណៈកម្មការអឺរ៉ុប ដោយ​បាន​បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការរឹតបន្តឹង​ការនាំចូល​ទំនិញ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញព្រៃឈើ។ ជាមួយ​សំឡេង​គាំទ្រ ៤៥៣ និង​ប្រឆាំង ចំនួន ៥៧សំឡេង សភាអឺរ៉ុប​បាន​បង្កើន​បញ្ជីសំណើ​របស់​គណៈកម្មការអឺរ៉ុប ដោយ​បាន​បន្ថែម មុខទំនិញថ្មី ដូចជា ពោត កៅស៊ូ ទៅក្នុងបញ្ជី​មុខទំនិញ ដែល​អាច​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញព្រៃឈើ។

ក្រុមហ៊ុន​បារាំង Casinoត្រូវ​ក្រុមអង្គការ​បរិស្ថានចោទប្រកាន់​ថាបាន​នាំចូល​សាច់សត្វដែល​ចិញ្ចឹម​នៅលើ​ដីកសិដ្ឋាន​ដែលបានមកពីការកាប់បំផ្លាញព្រៃ អាម៉ាហ្សូន​
ក្រុមហ៊ុន​បារាំង Casinoត្រូវ​ក្រុមអង្គការ​បរិស្ថានចោទប្រកាន់​ថាបាន​នាំចូល​សាច់សត្វដែល​ចិញ្ចឹម​នៅលើ​ដីកសិដ្ឋាន​ដែលបានមកពីការកាប់បំផ្លាញព្រៃ អាម៉ាហ្សូន​ CARL DE SOUZA / AFP
ផ្សាយពាណិជ្ជកម្ម

ការប្រើប្រាស់ទំនិញ នាំចូល​មក​ពី​បរទេស​បានធ្វើ​ឲ្យ​អឺរ៉ុប​ជាអ្នកទទួលខុសត្រូវ ១៦%​នៃការកាប់បំផ្លាញព្រៃឈើ​ក្នុងពិភពលោក ពោល​គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់ទី ២​បន្ទាប់ពី​ប្រទេស​ចិន។ ដូច្នេះ ដើម្បី​កាត់បន្ថយ​កម្រិតចូលរួម​របស់ខ្លួន នៅក្នុង​ការបំផ្លាញ​ព្រៃឈៃពិភពលោក គណៈកម្មការ​អឺរ៉ុប​បាន​រៀបចំ​សំណើច្បាប់​មួយ កាលពីពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំមុន ក្នុង​គោលដៅ ហាម​ការនាំចូល​ទំនិញ​ចំនួន ៦មុខ ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ។ ទៅតាមសេចក្តីព្រាង​របស់​គណៈកម្មការអឺរ៉ុប សណ្តែក ឈើ ដូងប្រេង កាកាវ និង​កាហ្វេ ដែល​គេដាំ​នៅលើ​ដីចំការ ដែលបាន​មកពី​ការរាន កាប់បំផ្លាញព្រៃឈើ នៅ​ក្រោយខែ​ធ្នូ​ឆ្នាំ ២០២០ នឹង​ត្រូវ​គេ​ហាម​មិន​ឲ្យ​នាំចូល​ទឹកដីអឺរ៉ុប។

នៅ​ថ្ងៃ​អង្គារ នៅក្នុង​ការបោះឆ្នោត លើ​សំណើច្បាប់​របស់​គណៈកម្មការអឺរ៉ុប សភា​អឺរ៉ុប​នៅទីក្រុង​Strasbourg ចង់​ឲ្យ​គេ​ចាត់វិធានការខ្លាំងមែនទែន ប្រឆាំង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ទឹកដីបរទេស ដោយ​បាន​សម្រេច​បន្ថែម​មុខទំនិញ មួយចំនួនទៀត ទៅក្នុង​បញ្ជីខ្មៅ​របស់​គណៈកម្មការអឺរ៉ុប។ ទៅតាម​សំណើ​របស់​សភាអឺរ៉ុប សាច់ជ្រូក ផលិតផលសាច់ចៀម សត្វសា្លប ពោត កៅស៊ូ ធ្យូងឈើ និង​ក្រដាសបោះពុម្ព ​ត្រូវ​ហាម​នាំចូល​ទឹកដី​អឺរ៉ុប។ មួយវិញទៀត សភា​អឺរ៉ុប​ចង់​ឲ្យ​គេហាមនាំចូល​ទំនិញ ដែលពាក់ព័ន្ធនឹង​ការកាប់បំផ្លាញព្រៃឈើ នៅក្រោយ ខែ ធ្នូ ឆ្នាំ ២០១៩ ប៉ុន្តែ មិនមែន​នៅ​ឆ្នាំ ២០២០ តាម​សំណើ​របស់​គណៈកម្មការអឺរ៉ុប។

នៅក្នុងការអនុវត្តជាក់ស្តែង គឺ​ក្រុមហ៊ុន​នាំចូលទំនិញ ដែលត្រូវ​ទទួលខុសត្រូវ តាមដាន​មើលការអនុវត្ត​របស់ម្ចាស់ផ្គត់ផ្គង់ទំនិញ​បរទេស ដោយ​ពឹង​ផ្អែក​លើ​ប្រព័ន្ធដៅទីតាំងភូមិសាស្រ្ត និង​រូបភាពផ្កាយរណប។ ក្រៅពីហាម​ចូល​ទំនិញ ដែល​ពាក់ព័ន្ធ​នឹងសកម្មភាពកាប់បំផ្លាញព្រៃឈើ សេចក្តីព្រាងច្បាប់​របស់​សភា​អឺរ៉ុប ចង់រឹតបន្តឹងផងដែរ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​ធានាថា ស្ថាប័ន​ទាំងនោះ​គ្មាន​សកម្មភាព ចូលរួម នៅក្នុងការកាប់បំផ្លាញព្រៃឈើ​នៅបរទេស។

នៅបន្ទាប់ពីការបោះឆ្នោតគាំទ្រ​នៅសភា អឺរ៉ុប នៅថ្ងៃអង្គារ សេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង​នឹងការនាំចូល​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់ព្រៃឈើ នឹងត្រូវ​យក​ទៅ​ពិភាក្សា​ជាមួយ​ប្រទេស​សមាជិក​នីមួយៗ​របស់​សហភាពអឺរ៉ុប មុន​នឹង​ត្រូវ​បោះឆ្នោត អនុម័ត​ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ