អានតួអត្ថបទ

អឺរ៉ុបរៀបចំច្បាប់ហាមការនាំចូល នាំចេញ និងលក់ក្នុងទីផ្សារអឺរ៉ុបនូវផលិតផលដែលប្រើកម្លាំងពលកម្មដោយបង្ខំ

នៅ​ថ្ងៃ​ពុធ ទី១៤ កញ្ញា គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ចេញ​នូវ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការ​ហាម​មិន​ឲ្យ​មាន​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​នូវ​ផលិតផល​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។ សេចក្តីព្រាងច្បាប់​របស់​អឺរ៉ុប​នេះ​បាន​សំដៅ​លើ​ផលិតផល​គ្រប់​ប្រភេទ​ដែល​ផលិត​ចេញ​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ទោះ​ជា​ការ​ផលិត​នោះ​បាន​ធ្វើ​ឡើង​នៅ​ទីកន្លែង​ណា​ក៏​ដោយ។ ទោះ​បី​ជា​អឺរ៉ុប​មិន​បាន​លើក​ឡើង​ចំ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា ចិន​ក៏​ជា​ប្រទេស​ផ្ទាំងស៊ីប​មួយ​ដែរ។

នៅ​ថ្ងៃ​ពុធ ទី១៤ កញ្ញា គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ចេញ​នូវ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការ​ហាម​មិន​ឲ្យ​មាន​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​នូវ​ផលិតផល​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។
នៅ​ថ្ងៃ​ពុធ ទី១៤ កញ្ញា គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ចេញ​នូវ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការ​ហាម​មិន​ឲ្យ​មាន​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​នូវ​ផលិតផល​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។ AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

លោក Valdis Dombrovskis អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជាក់​ដោយ​លំអិត​ថា សេចក្តីព្រាងច្បាប់​របស់​អឺរ៉ុប​នឹង​អនុវត្ត​លើ​គ្រប់ផលិតផល​ទាំង​អស់​ដែល​ផលិត​ចេញ​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ មិន​ថា​ផលិតផល​នោះ​ជា​ផលិតផល​នាំ​ចូល នាំ​ចេញ ជា​ផលិតផល​ដែល​ផលិត​លើ​ទឹកដី​អឺរ៉ុប ឬ​មួយ​ក៏​ផលិត​នៅ​ក្នុង​ប្រទេស​ណា​មួយ​ទេ។ វិធានការ​ដូច​គ្នា​នេះ​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​អនុវត្ត​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០២១ មក​ម្ល៉េះ។ តែ​អ្វី​ដែល​ខុស​គ្នា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​សំដៅ​តែ​លើ​ផលិតផល​ចិន​ផលិត​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង​ដែល​រដ្ឋអំណាច​ចិន​បាន​ជាប់ចោទ​ពី​បទ​ប្រើ​កម្លាំង​ពលកម្ម​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដោយ​បង្ខំ។

មួយ​វិញ​ទៀត វិធានការ​របស់​អាមេរិក​ក៏​មិន​សូវ​តឹងរឹង​ដែរ ប្រសិន​បើ​រោងចក្រ សហគ្រាស​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ផលិតផល​របស់​ពួក​គេ​មិន​បាន​ផលិត​ចេញ​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដោយ​បង្ខំ​នោះ​ទេ។ សេចក្តីព្រាងច្បាប់​របស់​គណៈកម្មការ​អឺរ៉ុប​មិន​បាន​ចង្អុល​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ទេ។ តែ​ចិន​ក៏​ជា​ផ្ទាំងស៊ីប​មួយ​ដែរ ពិសេស​ផលិតផល​ដែល​មក​ពី​ខេត្ត​ស៊ីនជាំង។ តាម​សេចក្តីព្រាងច្បាប់​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​សមាជិក​អឺរ៉ុប​នីមួយៗ​ជា​អ្នក​ទទួល​បន្ទុក​វាយតម្លៃ​លើ​ផលិតផល​ដែលផលិត​ក្នុង​ស្រុក នាំ​ចូល ឬ​នាំ​ចេញ​ដើម្បី​ចង់​ដឹង​ថា តើ​ជា​ផលិតផល​ផលិត​ចេញ​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ឬ​អត់។

ចំណែក​ការ​វាយតម្លៃ​នេះ​ទៀត​អាច​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ព័ត៌មាន​ទទួល​បាន​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ពី​ប្រភព​ផ្សេង។ សមាជិក​សភា​អឺរ៉ុប​ជនជាតិ​អាល្លឺម៉ង់​លោក Bernd Lange បាន​សាទរ​លើ​វិធានការ​របស់​អឺរ៉ុប​ដែល​លោក​ចាត់​ទុក​ជា​វិធានការ​មួយ​ដែល​គ្មាន​លក្ខណៈ​រើសអើង និង​ស្រប​ទៅ​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ « គឺ​ជា​ការ​បោះ​មួយ​ជំហាន​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹងទាសភាព​សម័យទំនើប » នេះ​ជា​ប្រតិកម្ម​របស់​សមាជិក​សភា​អឺរ៉ុប​ជនជាតិ​បារាំង​លោក Raphaël Gluckmann។ សូម​បញ្ជាក់​ថា បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ មាន​មនុស្ស​ប្រមាណ​ជា ២៧លាន ៦សែន​ក្នុង​លោក​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការងារ ក្នុង​នោះ មាន ៣លាន ៣សែន​នាក់​ជា​កូនក្មេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ