អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-នុយក្លេអ៊ែរ

លោកពូទីន ​គំរាម​​ប្រើអាវុធ​នុយក្លេអ៊ែរ៖ ជា​ការសម្លុត​លេង ឬ​ជាការ​​គំរាម​មែន?

១ថ្ងៃបន្ទាប់ពីបានប្រកាស ថានឹងធ្វើប្រជាមតិភ្ជាប់តំបន់ដែលរុស្ស៊ីវាយ​ដណ្តើមបាន មកក្នុង​ទឹកដីរុស្ស៊ី កាលពីថ្ងៃពុធម្សិលមិញនេះ លោកពូទីនបានប្រកាសថា នឹង​កេណ្ឌកម្លាំងទ័ពបំរុងទូទាំងប្រទេស ចំនួន​៣០ម៉ឺននាក់ ដើម្បី​ទៅប្រយុទ្ធនៅអ៊ុយក្រែន។ លោកពូទីនប្រកាសទៀតថា នឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលមាន នៅក្នុងគ្រឿងសព្វាវុធរុស្ស៊ី​ ដើម្បី​ការពាររុស្ស៊ីពីបំណងចង់បំផ្លាញរបស់ពួក​លោកខាងលិច​។​ សម្ដី​ប្រកាស​នេះ គឺមានន័យថា លោក​ពូទីន ​បានគំរាមថា រុស្ស៊ី​អាចប្រើអាវុធនុយក្លេអ៊ែរ។

​លោក​ប្រធានាធិបតីពូទីន ក្នុងពេលថ្លែងសារទៅកាន់ប្រជាជាតិរុស្ស៊ី នៅព្រឹកថ្ងៃពុធ ទី​២១កញ្ញា ២០២២
​លោក​ប្រធានាធិបតីពូទីន ក្នុងពេលថ្លែងសារទៅកាន់ប្រជាជាតិរុស្ស៊ី នៅព្រឹកថ្ងៃពុធ ទី​២១កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវទៅ​ក្រុមប្រទេសលោកខាងលិច ថាមិនត្រូវចាញ់ការ​សម្លុត​​នុយក្លេអ៊ែរ ​របស់​ពូទីន​​ឲ្យ​សោះ​ ព្រោះធាតុពិត ពូទីន​មិនហ៊ាន​ប្រើ​អាវុធនុយក្លេអ៊ែរទេ។

លោកអូឡាហ្វ ស្ហុល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រតិកម្ម​ថា លោកពូទីនកំពុងតែធ្វើឲ្យស្ថានការណ៍វិបត្តិ​ ដែលខ្លួន​ឯងបាន​បង្កើតឡើង ​កាន់​តែផុងជ្រៅទៅៗ។ លោកអះអាងថា ពូទីនមិនអាច​ឈ្នះសង្គ្រាម​នេះបានទេ។ ដូចគ្នាដែរ លោក​ប្រមុខការទូតអឺរ៉ុប បានលើកឡើងថា​ ការប្រកាស​កេណ្ឌទ័ពបម្រុង ព្រមទាំងគំរាមប្រើ​អាវុធនុយក្លេអ៊ែរនេះ គឺជាសញ្ញា “បរាជ័យអស់សង្ឃឹម” របស់លោកពូទីនហើយ។

ដោយឡែក សេតវិមានអាមេរិកវិញ បានប្រតិកម្មថា អាមេរិកមិនបានចាត់ទុកសម្តីគំរាម​របស់​លោកពូទីន ជាការលេងសើចទេ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់ទូរទស្សន៍ ABC ថា អាមេរិកបន្តតាមដានដោយ​ប្រុងប្រយ័ត្ន ហើយអាច​​ផ្លាស់ប្តូរជំហរ​យុទ្ធសាស្ត្រ ប្រសិនបើមានករណីចាំបាច់។

យ៉ាងណាក៏ដោយ យោងតាម​ការវិភាគរបស់​លោក វរសេនីយ៍​ឯក ព្យែរ ដឺហ្សុង អតីមន្ត្រី​ទ័ពបារាំងម្នាក់ គឺថាសម្តីគំរាមប្រើ​នុយក្លេអ៊ែររបស់​លោកពូទីននេះ គឺវាគ្មានន័យអ្វីទាល់តែសោះ ព្រោះវាផ្ទុយពី​យុទ្ធសាស្ត្រសម្លុតគ្នា ដោយ​ប្រើអាវុធ​នុយក្លេអ៊ែរ។

01:23

សម្រង់​ប្រសាសន៍​លោក​ វរសេនីយ៍​ឯក Pierre De Jong

“ជាបឋមគឺថា ភាគីរុស្ស៊ីតែងតែបាន​បញ្ចូល​ការសន្យា ចៀសវៀងមិន​​ប្រើ​អាវុធនុយក្លេអ៊ែរ ទៅក្នុង​ទ្រឹស្តី​យោធារបស់គេ សូម្បីតែនៅក្នុងទ្រឹស្តីកម្រិតទី​១ក៏ដោយ ដែល​មាន​អាវុធ​នុយក្លេអ៊ែរតាក់ទិក​។ ហើយទី២ គឺគម្រោងធ្វើ​ប្រជាមតិ ដែលរុស្ស៊ីបានប្រកាសកាលពីថ្ងៃម្សិលមិញ ដែលមានន័យថា រុស្ស៊ី​នឹង​ភ្ជាប់ជាផ្លូវការ នូវ​​ដែនដីអ៊ុយក្រែន​​ដែលខ្លួនវាយ​ដណ្តើមបាន មកក្នុងដែនដីរបស់រុស្ស៊ី​។

មានន័យថាចាប់ពីពេលនេះទៅ រុស្ស៊ីអាចវាយចូលដល់ដែនដីអ៊ុយក្រែន មិនថានៅដុនបាស នៅខែរសុន ឬនៅតំបន់ណាផ្សេងទៀត ហើយ​រុស្ស៊ីនឹងអាចប្រើអាវុធនុយក្លេអ៊ែរបានទាំងអស់។​ នេះគឺជាចំណុចសំខាន់ ដែលគួរចាប់អារម្មណ៍ ហើយ​ដែល​លោកពូទីន បានយកវាមកដាក់លើតុ ដើម្បី​សម្រេចចិត្តធ្វើ។​

ដូច្នេះ តើយើងត្រូវមាន​ប្រតិកម្ម​​បែបណា ចំពោះអ្វីដែល​លោក​ពូទីន​ប្រកាសនេះ? អ្វីដែលសំខាន់ គឺត្រូវតែធ្វើ​ឲ្យ​ពូទីន ឈប់ច្រលោតខែងរ៉ែងតទៅទៀត។ យើងឃើញហើយថា ពីមួយថ្ងៃទៅមួយថ្ងៃ ពូទីនកាន់តែក្តៅក្រហល់ក្រហាយខ្លាំងទៅៗ។​ ជាកំហឹង គំរាមប្រើនុយក្លេអ៊ែរ ដែលគ្មានន័យទាល់តែសោះ ព្រោះថា​ បើរុស្ស៊ីប្រើនុយក្លេអ៊ែរ រុស្ស៊ីខ្លួនឯងក៏នឹងរង​ការវាយ​ប្រហារ ដោយ​នុយក្លេអ៊ែរទៅវិញដែរ។ ​ដូច្នេះសម្រាប់កាលៈទេសៈពេលនេះ គឺការសន្យាមិនប្រើនុយក្លេអ៊ែរ មិនអាចធ្វើទៅបានទេ ព្រោះថាគេត្រូវប្រើ​នុយក្លេអ៊ែរដើម្បីសម្លុតនុយក្លេអ៊ែរ។”

គួរបញ្ជាក់ដែរថា ក្រោយ​លោក​ពូទីនប្រកាសកេណ្ឌទ័ពបម្រុង ព្រមទាំងសម្លុតប្រើអាវុធនុយក្លេអ៊ែរនេះ រដ្ឋាភិបាលចិនបានប្រកាស​អំពាវនាវ ឲ្យ​ភាគី​ជម្លោះ ត្រូវ​ទម្លាក់អាវុធ ហើយងាកមកស្វែងរកការចរចា។ ក្រសួងការបរទេស​​ចិនបានសង្កត់ធ្ងន់ ពីភាពចាំបាច់ នៅក្នុង​​ការគោរពអធិបតេយ្យភាព​ បូរណភាព​ដែនដី ​របស់ប្រទេសនីមួយៗ ដែលត្រូវបាន​ការពារដោយច្បាប់អន្តរជាតិ។ ការប្រកាសរបស់ចិននេះ ហាក់ជាសញ្ញាបង្ហាញថា ចិនកំពុងតែដកខ្លួនឆ្ងាយបន្តិច លែងគាំទ្រ​រុស្ស៊ី ខ្លាំង​​ដូចពេលមុន​ៗ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ