អានតួអត្ថបទ
សេដ្ឋកិច្ច-សង្គ្រាមអ៊ុយក្រែន

OCDE៖ សេដ្ឋកិច្ច​ពិភពលោក​ក្នុងឆ្នាំ​២០២៣ ​នឹង​ត្រូវ​ទទួល​បន្ទុក​លំបាក ដោយ​សារ​វិបត្តិ​សង្គ្រាម​​នៅ​អ៊ុយក្រែន

អង្គការ​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE បាន​ព្យាករថា ឆ្នាំ២០២៣ខាងមុខនេះ សេដ្ឋកិច្ចពិភពលោកយើង នឹងទទួល​បន្ទុកលំបាក​បន្ថែមទៀត ដោយសារតែ​វិបត្តិសង្គ្រាមនៅអ៊ុយក្រែន​។ យោងតាមរបាយការណ៍ ចេញថ្ងៃចន្ទ ទី​២៦កញ្ញា OCDE បាន​ទាញទម្លាក់ ការព្យាករណ៍​កំណើនសេដ្ឋកិច្ចពិភពលោក ពី២,៨% មកនៅត្រឹម ២,២% នៅក្នុងឆ្នាំ​២០២៣។​

ក្រដាសប្រាក់ដុល្លារ និង​ប្រាក់អឺរ៉ូ
ក្រដាសប្រាក់ដុល្លារ និង​ប្រាក់អឺរ៉ូ Daniel Muñoz AFP/Archivos
ផ្សាយពាណិជ្ជកម្ម

យោងតាមការព្យាករណ៍ ឆ្នាំ​២០២២ សេដ្ឋកិច្ចពិភព​លោកនឹងមានកំណើនជាមធ្យម ចំនួ​ន​៣%។ ក៏ប៉ុន្តែគឺនៅឆ្នាំ​២០២៣ ដែលកំណើននឹងកាន់តែចុះថយថែមទៀត។ អឺរ៉ុប តំបន់ចាយប្រាក់អឺរ៉ូ គឺជាតំបន់ដែលនឹងរងគ្រោះខ្លាំងជាងគេ ដោយសារតែវិបត្តិសេដ្ឋកិច្ច​ក្នុងឆ្នាំ​២០២៣ ជាមួយ​នឹងកំណើនសឹងតែគ្មានសោះ ប្រមាណ​0,៣%ប៉ុណ្ណោះ។ ឆ្នាំ​២០២៣ អាល្លឺម៉ង់ អាចប្រហែលជាប្រទេស​ដែល​ មានសេដ្ឋកិច្ចដើរថយក្រោយច្រើន ជាមួយ​ចំណូលដុលចុះថយ​ប្រមាណ​ ០,៧% ខណៈដែលបារាំង អាចមានកំណើតចំនួន ០,៦%។

លោក Alvaro Santos Pereira សេដ្ឋកិច្ចវិទូប្រចាំ​អង្គការ OCDE បាន​លើកឡើងថា ពិភពលោកយើងនឹងត្រូវតែ​ទទួលបន្ទុក​លំបាក ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ គ្មានប្រទេសណាមួយ អាចគេចផុតពីការលំបាកបានទេ ទោះតិចទោះច្រើន។ រុស្ស៊ីនឹងក្លាយជាប្រទេសដែល​មាន​ការចុះថយ​សេដ្ឋកិច្ច​ខ្លាំងជាងគេ ក្នុងចំណោម​ប្រទេសG20 ពោលគឺចំណូលដុលក្នុងស្រុករុស្ស៊ី នឹងធ្លាក់ចុះចំនួន​ ៥,៥%ក្នុងឆ្នាំ​២០២២ ហើយ​ ៤,៥%ក្នុងឆ្នាំ​២០២៣។ ដោយឡែក OCDE ព្យាករថា សេដ្ឋកិច្ច​អា​មេរិក នឹងមានកំណើន ០,៥% រីឯចិនវិញមាន ប្រមាណ ៤,៧%។

បើតាមការវិភាគរបស់អ្នកជំនាញ OCDE សង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យ​ពិភពលោកខាតបង់ប្រាក់ចំណូល ចំនួន២៨០ម៉ឺនលានដុល្លារ ក្នុងឆ្នាំ​២០២៣។ អត្រាអតិផរណាកើនឡើង តម្លៃថាមពលកើនខ្ពស់​ មានដូចជា​ ប្រេង ឧស្ម័ន ចរន្តអគ្គិសនីជាដើម ព្រមទាំងតម្លៃដឹកជញ្ជូន​ផងដែរ។ ប្រការនេះ នឹងរុញបន្ថែមធ្វើឲ្យទំនិញទូទៅ កាន់តែឡើងថ្លៃ។​

ភាពមិនប្រាកដប្រជា ទាក់ទិននឹង​ស្តុកបម្រុងប្រភពថាមពល កំពុងតែធ្វើឲ្យ​ប្រទេសមួយចំនួន​ ភ័យបារម្ភ​ ជាពិសេសនៅអឺរ៉ុប។ កង្វះថាមពល​ប្រើប្រាស់ សម្រាប់រដូវរងារខាងមុខនេះ គឺជាចំណោទធំ ដែលកំពុងតែធ្វើឲ្យ​វិស័យសេដ្ឋកិច្ច សង្វាក់ផលិតកម្ម ត្រូវប្រឈមនឹងការរាំងស្ទះ ហើយទីផ្សារហិរញ្ញវត្ថុជ្រួលច្របល់។ OCDE បានអំពាវនាវ ឲ្យ​បង្កើនថវិកាវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ឲ្យ​បាន​យ៉ាងហោច ៣០០ម៉ឺនលានដុល្លារក្នុងឆ្នាំ ពីនេះដល់ឆ្នាំ​២០៣០។

គួរបញ្ជាក់ដែរថា ដោយសារតែវិបត្តិបង្កឡើង​ដោយ​សង្គ្រាមនៅអ៊ុយក្រែន ធនាគាអភិវឌ្ឍន៍អាស៊ី ក៏បានទាញទម្លាក់ការព្យាករណ៍​របស់ខ្លួនដែរ។ ក្នុងឆ្នាំ​២០២២នេះ តំបន់អាស៊ីអាចមាន​កំណើនសេដ្ឋកិច្ចប្រមាណ​​ ៤,២%។ ជាងនេះទៀត វាជាលើកទី១ហើយ​ក្នុងរវាង​៣០ឆ្នាំចុងក្រោយនេះ ដែលចិន មានកំណើតសេដ្ឋកិច្ច​តិចជាងសន្ទុះសេដ្ឋកិច្ច នៃ​​បណ្តាប្រទេស​អាស៊ី​​ផ្សេងទៀត​។ តាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ​២០២២ ចិនអាចមានកំណើនសេដ្ឋកិច្ចត្រឹម ៣,២% ហើយបញ្ហានេះ អាចនឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ​២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ