អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-អឺរ៉ុប

សហភាពអឺរ៉ុប​អនុម័ត​ទណ្ឌកម្ម​កញ្ចប់ទី​៨ ដើម្បី​ពិន័យ​រុស្ស៊ី​ដែល​ប្លន់ទឹកដី​អ៊ុយក្រែន

ក្រុមប្រទេសសហភាពអឺរ៉ុប បាន​សម្រេចអនុម័តកាលពីរសៀលថ្ងៃទី៥កក្កដា នូវវិធានការទណ្ឌកម្ម​កញ្ចប់ទី៨ ដាក់ទៅលើរុស្ស៊ី។ កម្មវត្ថុចំបងនៃកញ្ចប់ទណ្ឌកម្មថ្មីនេះ គឺសំដៅវាយ​ឲ្យចំវិស័យ​នាំចេញប្រេង របស់រុស្ស៊ី។ ជាទណ្ឌកម្មដែលអឺរ៉ុប ចង់ឆ្លើយតប ចំពោះការ​ដែលរុស្ស៊ី បានកាត់យកដែនដីតំបន់ចំនួន​៤​​របស់អ៊ុយក្រែន ប្រកាស​យកទៅធ្វើជាទឹកដីរបស់ខ្លួន។

ទង់ជាតិរបស់អ៊ុយក្រែន បក់រវិចទន្ទឹមទង់អឺរ៉ុប និង​ទង់ជាតិ​ប្រទេសសមាជិក​សហភាពអឺរ៉ុប។ ក្រុងព្រុចសែល ថ្ងៃទី៥ តុលា ២០២២
ទង់ជាតិរបស់អ៊ុយក្រែន បក់រវិចទន្ទឹមទង់អឺរ៉ុប និង​ទង់ជាតិ​ប្រទេសសមាជិក​សហភាពអឺរ៉ុប។ ក្រុងព្រុចសែល ថ្ងៃទី៥ តុលា ២០២២ AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

យោងតាមអ្នករាយការណ៍ព័ត៌មាន​វិទ្យុបារាំងRFI ប្រចាំនៅក្រុងព្រុចសែល គឺការចរចាគ្នារវាង​ក្រុមប្រទេសសមាជិកអឺរ៉ុប បានប្រព្រឹត្តិធ្វើទៅយ៉ាងលំបាក ទាក់ទិននឹងវិធានការ​ វាយ​បំបាក់ការនាំចេញប្រេងរបស់រុស្ស៊ី។ អឺរ៉ុបបានស្នើឲ្យ​កំណត់អត្រាតម្លៃអតិបរមា លើ​ប្រេងដែល​នាំចូល ដឹកមកតាមកាប៉ាល់។ តែប្រទេសស៊ីពរ៍ ម៉ាល់តិ៍ និង​ក្រិក បានជំទាស់ ដោយ​បាន​លើកហេតុផលថា វានឹងហុចប្រយោជន៍ឲ្យតួកគី ព្រោះតួកគីនឹងមិន​​ជាប់បំរាមនេះទេ។

ក្នុងចំណោមទណ្ឌកម្ម​ដែលអឺរ៉ុប ទើបតែសម្រេចដាក់ទៅលើរុស្ស៊ី គឺមានការហាមឃាត់ការនាំចេញ ផលិតផល​ធាតុផ្សំ​អេឡិចត្រូនិក គ្រឿងបំលាស់យន្តហោះ ព្រមទាំង​សារធាតុគីមីមួយចំនួន​។ ការហាមឃាត់ទាំងនេះ គឺសំដៅ​ធ្វើឲ្យ​​រុស្ស៊ី លែងមាន ឧបករណ៍​សម្ភារៈយោធាបំពាក់​ដោយ​បច្ចេក​វិទ្យាទំនើបតទៅទៀត។​ ដោយឡែក ទាក់ទិននឹងការហាមឃាត់​ការ​នាំចូលពេជ្ររុស្ស៊ី​វិញ ប្រទេសបែលហ្សិកបាន​ប្រកែក មិន​ឲ្យ​កំណត់​​នៅក្នុងបញ្ជីទណ្ឌកម្មទេ។

ក្រៅពីនេះ មាន​និតិបុគ្គល​ និង​រូបវន្ត​បុគ្គលជាច្រើននាក់​បន្ថែមទៀត ដែលជាប់ក្នុងបញ្ជីខ្មៅរបស់អឺរ៉ុប។ បុគ្គល​ទាំងនោះ សុទ្ធតែត្រូវគេ​ចោទ ថាបានចូលរួម​នៅក្នុងការរៀបចំការធ្វើ​ប្រជាមតិ ដែលរុស្ស៊ីបានរៀបចំធ្វើ​ នៅ​តំបន់ទាំង៤របស់អ៊ុយក្រែន។ ប្រជាមតិដែលអឺរ៉ុបចាត់ទុកថាជាឆាកល្ខោន និងមិនអាចទទួលស្គាល់​បានជាដាច់ខាត។

ដោយឡែក​នៅចំពោះមុខអង្គសភាអឺរ៉ុប ឯក្រុងស្ត្រាសបួរឯណោះ កាលពីព្រឹកថ្ងៃពុធ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានថ្លែងថា កងទ័ពអ៊ុយក្រែនកំពុងតែ​ឈានទៅមាន​ជ័យជំនះជាបន្តបន្ទាប់។ ដូច្នេះវាជាកាលៈទេសៈចាំបាច់ណាស់ ដែលអឺរ៉ុបត្រូវតែរក្សគោលជំហឲ្យ​មាំ បន្តជួយ​អ៊ុយក្រែន។

គួរបញ្ជាក់ថា នៅ​សភាអឺរ៉ុប ក្រុមសមាជិកសភាមកពីគ្រប់​ក្រុម​គ្រប់បក្សទាំងអស់ បានបង្ហាញជំហស្របគ្នា ថាត្រូវតែ​បន្តផ្តល់គ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែន ហើយត្រូវតែពង្រឹងទណ្ឌកម្មដាក់ពិន័យទៅលើរបបដឹកនាំរបស់​លោកពូទីន​។ លោក Bernard Guetta សមាជិកសភាអឺរ៉ុបម្នាក់ បាន​លើកឡើងថា លោកពូទីនកំពុង​តែទ័លច្រកហើយ ជាមួយនឹង​បរាជ័យយ៉ាងអាម៉ាស់នៅអ៊ុយក្រែន។ លោកអះអាងថា មន្ត្រី​ធំៗក្នុងជួរអ្នកមានអំណាចនៅរុស្ស៊ី បាន​ចាប់ផ្តើមចេញមុខ​រិះគន់ និងឈប់គាំទ្រ សម្រែកស្រេកឃ្លានសង្គ្រាម​របស់​លោកពូទីន​តទៅទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ