អានតួអត្ថបទ
អង់គ្លេស-ចិន-បច្ចេកវិទ្យា

ប្រមុខចារកិច្ច​អង់គ្លេស​ថា​ត្រូវ​រកវិធីទប់ទល់នឹង​កំណើន​វិស័យបច្ចេកវិទ្យាចិន

វិស័យ​បច្ចេកវិទ្យា​ចិន មាន​កំណើន​និង​សន្ទុះ​ខ្លាំងក្លា រហូត​ក្លាយ​ជា​បញ្ហា កាន់​តែ​បន្ទាន់​ឡើងៗ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Jeremy Fleming ប្រមុខ​ចារកិច្ច​អង់គ្លេស​ដែល​ជំរុញ​​ឱ្យ​​​ក្រុមប្រទេស​លោក​ខាង​លិច ត្រូវ​តែ​រក​វិធី​ទប់ទល់​ ​ដើម្បី​ការ​ពារ​តម្លៃ​និ​ងឥទ្ធិពល​របស់​ខ្លួន​។

ប្រមុខចារកិច្ច​អង់គ្លេស​ថា​ សន្ទុះ​កំណើន​វិស័យបច្ចេកវិទ្យាចិនកំពុង​ក្លាយ​ជា​បញ្ហា​កាន់​តែ​បន្ទាន់​ ដែល​ត្រូវ​រក​វិធី​ទប់ទល់
ប្រមុខចារកិច្ច​អង់គ្លេស​ថា​ សន្ទុះ​កំណើន​វិស័យបច្ចេកវិទ្យាចិនកំពុង​ក្លាយ​ជា​បញ្ហា​កាន់​តែ​បន្ទាន់​ ដែល​ត្រូវ​រក​វិធី​ទប់ទល់ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​ មិនមែន​ត្រឹម​តែ​ក្លាយ​ជា​វិស័យ​​កំពុង​ពេញ​និយម​ មាន​ការ​​ប្រកួត​ប្រជែងគ្នា​ខ្លាំង និង​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ទេ ប៉ុន្តែ​បច្ចេកវិទ្យា​ក៏​បាន​និ​ងកំពុង​ក្លាយ​ជា​សមរភូមិ​សម្រាប់​ត្រួត​ត្រា​និង​ផ្សព្វផ្សាយ​ឥទ្ធិពល​ទៀត។ នេះ​ជា​ពាក្យ​ទទូច​របស់​លោកប្រមុខ​ចារកិច្ច​អង់គ្លេស ដោយ​ពន្យល់​ថា ចិន​កំពុង​ស្វះស្វែង​ត្រួត​ត្រា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​ផ្នែក​ផ្កាយ​រណប​តាម​រយៈ​កម្មវិធី​ចង្អុល​ផ្លូវ​ដោយ​ផ្កាយរណប​បៃឌូ ឬ​ក្នុង​ផ្នែក​រូបិយបណ្ណ​ឌីជីថល តាម​រយៈ​គម្រោង​យ័នឌីជីថល ។ល។ និង​។ល។

ក្នុង​វិស័យ​បច្ចេកវិទ្យា សកម្មភាព​នយោបាយ​របស់​រដ្ឋ​ចិន គឺ​ជា​បញ្ហា​កាន់​តែ​បន្ទាន់​ឡើងៗ​ ដែល​យើ​ង​ត្រូវ​តែ​គិត​គូរ​រក​វិធី​ទប់ទល់​ ព្រោះ​សម្រាប់​មេដឹកនាំ​ចិន បច្ចេកវិទ្យាជា​មធ្យោបាយ​ក្រសោប​យក​ទីផ្សារ​មក​គ្រប់គ្រង ផ្សាយ​ឥទ្ធិពល លើ​ប្រជាពលរដ្ឋ​ចិន​របស់​គេ​ទេ។ ថ្វីបើ​សហគម​ចិន​ នៅ​អង់គ្លេស​​បាន​ចូល​រួម​ចំណែក​កសាង​ប្រទេស​ និង​មិនមែន​ជា​បញ្ហា​សម្រាប់​ប្រទេស​អង់គ្លេស​ក្តី ក៏​សម្រាប់​លោកប្រមុខ​ចារកិច្ច​ ក្រុម​បស្ចិម​លោក​ត្រូវ​តែ​​បញ្ចេញ​សកម្មភាព ដោយ​ធ្វើ​វិនិយោគ​វិស័យ​បច្ចេកវិទ្យា​សម្រាប់​អនាគត។

នៅពេល​ចិន​ចាប់​ពង្រីក​ឥទ្ធិពល​និង​បច្ចេកវិទ្យាចិន​ផ្ទាល់​ បន្តិច​ម្តងៗ​នៅលើ​ពិភពលោក​ ជាពិសេស​នៅ​តាម​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​ ប្រទេស​លោក​ខាង​លិច​ក៏​ត្រូវ​តែ​មាន​សមត្ថភាព​​ផ្តល់​ដំណោះស្រាយ​ផ្សេង​ ងាយ​ស្រួល និង​អាច​ទទួល​យក​បាន​ដែរ។

សម្រាប់​លោក​ Fleming ចិន​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ផ្តួល​កុងសង់ស៊ុស​អន្តរជាតិ​ក្រោយ​សង្គ្រាម ស្តីពី​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា។ ក្នុង​ក្រសែ​ភ្នែក​មេដឹកនាំ​ចិន រដ្ឋផ្សេង​ប្រទេស​ផ្សេង ជា​គូប្រជែង​ ឬ​ជា​អតិថិជន​ ដែល​ត្រូវ​តែ​រង​ការ​គំរាម ត្រូវ​តែទិញ​យក ឬ​ត្រូវ​បង្ខំ​ឱ្យ​ទិញ។

ប៉េកាំងបានបញ្ចេញ​​ប្រតិកម្ម​តប​វិញ​ភ្លាមថា​ទស្សនៈ​របស់​លោក​ប្រមុខ​ចារកិច្ច​អង់គ្លេស គ្មាន​មូល​ដ្ឋាន​។ ចិន​អភិវឌ្ឍ​​វិស័យ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​ ក្នុង​បំណង​ធ្វើ​ឱ្យ​ជីវិត​ប្រជាជន​ចិន​បាន​ប្រសើរ​ឡើង។ ចិន​គ្មាន​ប៉ង​ និង​គំរាមកំហែង​ប្រទេស​ណា​ទេ​៕ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​នាំពាក្យ​ក្រសួ​ងការបរទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ