អានតួអត្ថបទ
តួកគី៏-ផ្ទុះអណ្តូងរ៉ែ

ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅតួកគីសម្លាប់មនុស្សយ៉ាងតិច៤០នាក់

ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរក កម្មកររ៉ែ ដែលបានបាត់ខ្លួននៅឯអណ្តូងរ៉ែធ្យូងថ្មនៅភាគខាងជើងប្រទេសតួកគី។  ការផ្ទុះអណ្តូងរ៉ែកាលពីថ្ងៃសុក្រនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់។ នេះត្រូវបានគេចាត់ទុកជាឧបទ្ទវហេតុឧស្សាហកម្មដ៏អាក្រក់បំផុតមួយ របស់ប្រទេសក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាសរុបកម្មករ ៥៨ នាក់ត្រូវបានជួយសង្គ្រោះពីអណ្តូងរ៉ែរួចមកហើយ តែនៅមាន មនុស្សជាច្រើននាក់ទៀតកំពុងនៅជាប់ក្រោមគំនរ ឬបាត់ខ្លួន។

ជាសរុបកម្មករ ៥៨ នាក់ត្រូវបានជួយសង្គ្រោះពីអណ្តូងរ៉ែរួចមកហើយ តែនៅមាន មនុស្សជាច្រើននាក់ទៀតកំពុងនៅជាប់ក្រោមគំនរ ឬបាត់ខ្លួន នៅថ្ងៃ១៤​ តុលា ២០២២
ជាសរុបកម្មករ ៥៨ នាក់ត្រូវបានជួយសង្គ្រោះពីអណ្តូងរ៉ែរួចមកហើយ តែនៅមាន មនុស្សជាច្រើននាក់ទៀតកំពុងនៅជាប់ក្រោមគំនរ ឬបាត់ខ្លួន នៅថ្ងៃ១៤​ តុលា ២០២២ © Nilay Meryem Comlek/Depo Photos via Reuters
ផ្សាយពាណិជ្ជកម្ម

រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះបន្ទាន់បានធ្វើការ ឥតឈប់ឈរ ជីកថ្ម រាវរក អ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកបាត់ខ្លួនបានមកនៅ ក្បែរកន្លែងកើតហេតុផងដែរ ចាំស្តាប់ព័ត៌មានអំពីអ្នកជាទីស្រលាញ់របស់ពួកគេ ។

ម្សិលមិញ ល្ងាចរសៀល ពេលថ្ងៃជិតលិច ការផ្ទុះនេះត្រូវបានគេជឿថា កើតឡើងនៅក្នុងជម្រៅប្រហែល ៣០០ ម៉ែត្រ នៅក្នុងអណ្តូងរ៉ែមានដែល កម្មករប្រហែល ១១០នាក់ កំពុងធ្វើការ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាននិយាយថាពេលនោះមានកម្មករចំនួនប្រហែល ៤៩ នាក់ កំពុងធ្វើការនៅក្នុងតំបន់ គ្រោះថ្នាក់ ចន្លោះពី ៣០០ ទៅ ៣៥០ ម៉ែត្រក្រោមដី។

លោកប្រធានាធិបតីតួកគី បានសម្តែងការសោកស្តាយជាខ្លាំង និងសូមចូលរួមចែករំលែកទុក្ខជាមួយ  ក្រុមគ្រួសារអ្នកស្លាប់។ លោកបានសន្យាថានឹងចុះទៅដល់ទីតាំងនៅក្នុងថ្ងៃសៅរ៍នេះ ទាមទារឲ្យមាន ការស៊ើបអង្កេតរកហេតុផល ដោយភាពហ្មត់ចត់។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ​​​ របស់ប្រទេសតួកគី បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់​ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ រួមមាន ក្រុមមកពីខេត្តជិតខាងផងដែរ។ ឥលូវនេះក្រុមសង្គ្រោះចំនួន ៧០នាក់បានជីកដល់ចំនុច២៥០ម៉ែត្រក្រោមដីហើយ។

រដ្ឋមន្ត្រីក្រសួងថាមពល បាននិយាយនៅកន្លែងកើតហេតុកាលថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងខិតជិតដល់ទីបញ្ចប់។ អ្នកជីករ៉ែ ២៨ នាក់​បាន​រង​របួសធ្ងន់ធ្ងរ​ដោយសារ​ការ​បំផ្ទុះ​នេះ។

សហជីពកម្មកររុករករ៉ែ បានសន្មតថាការផ្ទុះនេះ បានកើតឡើងដោយសារឧស្ម័នមេតាន ប៉ុន្តែ​មន្ត្រី​ផ្សេងទៀត​បាន​និយាយ​ថា យើងមិនអាច​ធ្វើការ​សន្និដ្ឋាន ដោយភាព​ច្បាស់លាស់​ជុំវិញ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះបាន​នៅឡើយទេ។

កន្លងមក ប្រទេសតួកគីបានធ្លាប់ជួបប្រទះ គ្រោះមហន្តរាយការផ្ទុះអណ្តូងរ៉ែក្នុងឆ្នាំ ២០១៤ ម្តងរួចមកហើយ ដែលធ្វើឲ្យមនុស្ស ៣០១ នាក់បានស្លាប់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ