អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-អ៊ុយក្រែន-រុស្ស៊ី

កងទ័ព​រុស្ស៊ី​ទទួលស្គាល់ “ស្ថានការណ៍​​លំបាកខ្លាំង” នៅ​ក្រុង​​ឃែរ​សុន​ ហើយ​​ប្រកាស​ជម្លៀស​​​ប្រជាជន

នៅថ្ងៃពុធទី​១៩តុលា​ កងទ័ពរុស្ស៊ីបានទទួលស្គាល់ថា ស្ថានការណ៍ប្រយុទ្ធ​នៅក្រុងឃែរសុន កំពុងតែតានតឹង និងលំបាកខ្លាំងណាស់ ដោយសារតែ​កងទ័ពអ៊ុយក្រែន សំរុកវាយសង្គ្រប់ខ្លាំងមកលើ​។ មេទ័ពរុស្ស៊ី ដែលទទួល​បន្ទុកប្រតិបត្តិការយោធារុស្ស៊ី​នៅអ៊ុយក្រែន បានប្រកាសតាមទូរទស្សន៍ ថាភាគីខ្លួន​​កំពុងតែ​ជម្លៀសប្រជាជន ចេញពី​តំបន់ក្រុងឃែរសុន ព្រោះតំបន់នេះអាចប្រឈមខ្លាំងនឹងការឡោមព័ទ្ធ បិទផ្លូវ​ពីកងទ័ពអ៊ុយក្រែន​។

ទាហានរុស្ស៊ី នៅក្រុងឃែរសុន ថ្ងៃទី ២០ ឧសភា ២០២២
ទាហានរុស្ស៊ី នៅក្រុងឃែរសុន ថ្ងៃទី ២០ ឧសភា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅតាមកញ្ចក់ទូរទស្សន៍រុស្ស៊ី Rossiya 24 មេបញ្ជាការទ័ពរុស្ស៊ី Sergueï Sourovikine ដែលទើបតែចូលកាន់មុខតំណែង​ទទួល​បន្ទុក​ប្រតិបត្តិការនៅអ៊ុយក្រែនបាន​១០ថ្ងៃនោះ បានប្រកាសថា ស្ថានការណ៍​នៅក្រុងឃែរសុន ទីក្រុងធំភាគខាងត្បូងអ៊ុយក្រែន កំពុងតែ​តានតឹងលំបាកខ្លាំង។ លោកបញ្ជាក់ថា ទីក្រុង​ដែលកងទ័ពរុស្ស៊ី​គ្រប់គ្រងបានតាំងតែពីខែមីនានេះ កំពុងតែរង​ការ​បាញ់​ប្លោងគ្រាប់ ពីសំណាក់កងទ័ពអ៊ុយក្រែន យ៉ាងដំណំបំផុត។ ការបាញ់​ប្លោង ដែល​លោកអះអាងថា អ៊ុយក្រែនបានសំដៅ​កំទេច ហេដ្ឋារចនាសម្ព័ន្ធសង្គមកិច្ច សេដ្ឋកិច្ច និង​ឧស្សាហកម្ម ។

គឺដោយ​ហេតុនេះ កងទ័ពរុស្ស៊ីនឹងចាប់​ផ្តើមជម្លៀសប្រជាជន ឲ្យចេញពី​តំបន់ទីក្រុង​ឃែរសុននេះ ព្រោះការវាយ​ប្រហាររបស់​អ៊ុយក្រែន នឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់​បណ្តាញចរន្តអគ្គិសនី ទឹកស្អាត និង​ការផ្គត់ផ្គង់ចំណីអាហារ។ ពោលគឺ​អាយុជីវិតប្រជាជន នឹងត្រូវគំរាមកំហែង ដោយការវាយ​ប្រហាររបស់​កងទ័ពអ៊ុយក្រែន។​ ដោយ​មិនបញ្ជាក់ឲ្យ​បានច្បាស់​ លោកមេទ័ពរុស្ស៊ី Sergueï Sourovikine បាន​ប្រលយពាក្យថា កងទ័ពរុស្ស៊ីអាចនឹង​សម្រេចចិត្ត “​ធ្វើរឿងដ៏លំបាក​មួយ”​ ប្រសិនបើគ្មានជម្រើស។

ដោយឡែក ប្រភពពី​លោក Vladimir Saldo មេដឹកនាំតំបន់ឃែរសុន ដែល​រុស្ស៊ីបាន​លើក​បន្តុប បាន​បញ្ជាក់ឲ្យដឹងថា អាជ្ញាធរខ្លួនកំពុងបើក​ប្រតិបត្តិការ​ជម្លៀសប្រជាជន ចេញពីជ្រោយខាងស្តាំ ទៅ​ជ្រោយខាងឆ្វេងនៃទន្លេ Dniepr វិញ ដើម្បី​បើកផ្លូវ ឲ្យ​កងទ័ពរុស្ស៊ីរៀបចំសមរភូមិ​ប្រយុទ្ធការពារ​ឲ្យរឹងមាំ។

គួរបញ្ជាក់ដែរថា ខណៈដែល​មេទ័ពរុស្ស៊ី បានទទួលស្គាល់ស្ថានការណ៍លំបាក​នៅ​ឃែរសុន ក្រសួងការពារជាតិរុស្ស៊ីឯណោះ បាន​​អះអាងថា ទោះយ៉ាងណា កងទ័ពរុស្ស៊ីមិនចុះចាញ់ជាដាច់ខាត ហើយ​បាន​ជោគជ័យ​ច្រើនណាស់ តាមរយៈការ​បាញ់​ប្លោង វាយ​ប្រហារ ទៅលើទីតាំងយុទ្ធសាស្ត្រមួយចំនួនធំ របស់​អ៊ុយក្រែន។

យោងតាម​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី គិតចាប់ពីថ្ងៃទី​១០តុលាមក យ៉ាងហោចណាស់ ៣០%នៃស្ថានីយ៍អគ្គីសនីអ៊ុយក្រែន ត្រូវបាន​កម្ទេចដោយ​គ្រាប់​មីស៊ីលរបស់រុស្ស៊ី ដែលប្រការនេះ បានធ្វើឲ្យ​អ៊ុយក្រែន កំពុងជួបបញ្ហាគ្មានចរន្តអគ្គិសនីប្រើប្រាស់ សឹងតែពេញផ្ទៃប្រទេស។ រដូវរងារកាន់តែជិតមកដល់ ស្ថានភាពកាន់តែលំបាក​ ដោយសារគ្មានចរន្តអគ្គិសនី គ្មានម៉ាស៊ីនកំដៅ និង​​គ្មានទឹកប្រើប្រាស់។

លោក​ហ្សេឡេនស្គី បានបរិហារថ្កោល​ទោសផងដែរ ចំពោះការវាយ​ប្រហាររបស់រុស្ស៊ីមកលើអាគារផ្ទះសម្បែងប្រជាជនស៊ីវីល​ ដោយ​ប្រើយានដ្រូន​អត្តឃាតដែលរុស្ស៊ី​ទិញពីអ៊ីរ៉ង់។ ក្នុងរវាង​២៤ម៉ោងចុងក្រោយនេះ អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបញ្ជាយានដ្រូន​ Shahed-136 ផលិតដោយ​អ៊ីរ៉ង់ ចំនួន៤៣គ្រឿង ឲ្យ​មក​បំផ្ទុះសម្លាប់ប្រជាជនស៊ីវីល ដែលក្នុងនោះចំនួន៣៨គ្រឿងត្រូវបាន​កងទ័ពអ៊ុយក្រែន ស្ទាក់កំទេចបានទាន់ពេលវេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ