អានតួអត្ថបទ
អង់គ្លេស

វិបត្តិនយោបាយ​​​អង់គ្លេស៖ លោកចនសុន និងស៊ូណាក់ ជួប​​និយាយគ្នា​អំពី​​សំណើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី

អង់គ្លេសកំពុងតែជាប់គាំងនយោបាយ បន្ទាប់ពីលោក​ស្រី លីស ត្រាស្ស បាន​លាឈប់ពីតំណែងនាយករដ្ឋមន្ត្រី ក្រោយ​កាន់ការងារ បានត្រឹមតែជាង​៤០ថ្ងៃ។​ គណបក្សអភិរក្សនិយមអង់គ្លេស ត្រូវបោះឆ្នោតរើស​បេក្ខជននាយករដ្ឋមន្ត្រីថ្មីមកកាន់មុខងារនេះ។ កាលពីល្ងាចថ្ងៃសៅរ៍ទី២២តុលា​ បេក្ខជន២រូប ដែលគេរំពឹងថានឹងប្រជែងគ្នានោះ គឺលោក​ បូរីស ចនសុន និង​លោក រីឈី ស៊ូណាក់ បានជួបនិយាយគ្នា ដើម្បី​ស្វែងរកការស្រុះស្រួល​ឈានទៅស្នើបេក្ខជន​ឈរឈ្មោះតែមួយ ដើម្បីដោះស្រាយ​វិបត្តិ​នេះឲ្យឆាប់ចប់​។​

លោកបូរីស ចនសុន និង​លោក រីឈី ស៊ូណាក់ កាលពីពេល​នៅក្នុង​រដ្ឋាភិបាលជាមួយគ្នា ពេលចុះទៅពិនិត្យ​ទីស្នាក់ការកណ្តាល Octopus Energy ទីក្រុងឡុងដ៍ ថ្ងៃទី ៥តុលា ២០២០
លោកបូរីស ចនសុន និង​លោក រីឈី ស៊ូណាក់ កាលពីពេល​នៅក្នុង​រដ្ឋាភិបាលជាមួយគ្នា ពេលចុះទៅពិនិត្យ​ទីស្នាក់ការកណ្តាល Octopus Energy ទីក្រុងឡុងដ៍ ថ្ងៃទី ៥តុលា ២០២០ AP - Leon Neal
ផ្សាយពាណិជ្ជកម្ម

លោកបូរីស ចនសុន បាន​បង្ខើចវិស្សមកាល ដើម្បីត្រលប់​មកទីក្រុងឡុងដ៍វិញជាបន្ទាន់ បន្ទាប់ពី​លោកស្រី លីស ត្រាស្ស បានលាចុះចេញពីមុខតំណែង។ គណបក្សអភិរក្សនិយម ត្រូវតែ​រកមនុស្ស​ថ្មី​មកជំនួស ជាបន្ទាន់ ដើម្បីកុំឲ្យ​កិច្ចការដឹកនាំប្រទេសត្រូវជាប់គាំង ខណៈវិបត្តិសេដ្ឋកិច្ចនិងសង្គម កំពុងតែយាយីប្រទេសអង់គ្លេសខ្លាំងបំផុត នាអំឡុងពេលនេះ​។​

បេក្ខជនដែលគេដឹងថា អាចមកប្រជែងដណ្ដើមមុខតំណែងនាយករដ្ឋមន្ត្រី គឺមាន​៣នាក់​ គឺលោកបូរីស ចនសុនអតីតនាយករដ្ឋមន្ត្រី​ លោករីឈី ស៊ូណាក់ អតីតរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោកស្រី ផេននី ម័រដូនត៍ អតីតរដ្ឋមន្ត្រី​​ទំនាក់ទំនងសភា។​ មតិសាធារណៈអង់គ្លេស កំពុង​ចាប់អារម្មណ៍ខ្លាំង ចំពោះការប្រជែង​គ្នាចុងក្រោយ រវាង​បេក្ខភាព​របស់​លោក បូរីស ចនសុន និង​លោក រីឈី ស៊ូណាក់។

កាលពីល្ងាចថ្ងៃសៅរ៍ លោក ចនសុន និ​ងលោកស៊ូណាក់ បាន​ជួបនិយាយគ្នាតទល់តែ២នាក់​ ហើយ​បើតាមការអះអាងរបស់​បណ្តាញព័ត៌មានអង់គ្លេស គឺអ្នកទាំងពីរ មានបំណងនិយាយ​រកចំណុច​ស្របគ្នា ដើម្បី​ដាក់ស្នើ​បេក្ខជនរួម​តែ​ម្នាក់។ ធ្វើបែបនេះ គឺដើម្បី​បញ្ចៀស កុំ​ឲ្យ​មានការឈ្លោះប្រកែកគ្នានៅក្នុង​បក្ស និង​ក្នុងសភា ហើយដើម្បីពន្លឿន​ដោះស្រាយ​វិបត្តិឲ្យឆាប់ចប់។

គួរបញ្ជាក់ថា យោងតាមនីតិវិធី បេក្ខជនឈរឈ្មោះម្នាក់ៗ ត្រូវតែទទួលបាន​ការចុះហត្ថលេខាគាំទ្រ ចំនួន​១០០ ពី​សំណាក់​​តំណាងរាស្ត្រ​ជាមុនសិន ទើបអាចឈរឈ្មោះបាន។ យោងតាម​គេហទំព័រ Guido Fawkes គឺលោក រីឈី ស៊ូណាក់ បានទទួល​ហត្ថលេខាគាំទ្រចំនួន១២៨ ខណៈលោក បូរីស ចនសុន បានចំនួន​៧២ រីឯលោកស្រី ផេននី ម័រដូនត៍ បានត្រឹម​២៥។ បេក្ខជននីមួយៗ ត្រូវបំពេញលក្ខខណ្ឌនេះ ឲ្យ​បាន​មុនថ្ងៃផុតថ្ងៃចន្ទ ទី​២៤តុលា។​ នីតិវិធីបន្តទៀត គឺសមាជិកសភាបក្សអភិរក្សនិយម ចំនួន៣៥៧នាក់ ត្រូវបោះឆ្នោតជ្រើសរើសបេក្ខជនណាមួយ។ ប្រសិនបើមានអ្នកឈ្នះដាច់ នោះបេក្ខជននោះនឹង​ចូលកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាមៗតែម្តង នៅសប្តាហ៍​ក្រោយនេះ​។ តែ​ប្រសិន​បើ​​នៅសល់បេក្ខជន​ចុងក្រោយ​២នាក់​ នោះ​សមាជិក​បក្ស​អភិរក្សនិយម ទាំង​១៧ម៉ឺននាក់​ទូទាំងប្រទេស ត្រូវបោះឆ្នោតតាមបណ្តាញ​អ៊ីនធ័រនិត នៅរវាងថ្ងៃទី​២៨តុលា​​ខាងមុខ។

លោក James Duddridge សមាជិកសភានិងជាមនុស្សស្និទ្ធនឹងលោក​បូរីសចន សុន បានអះអាងថាក្រុម​លោក​បានត្រៀមខ្លួនរួចហើយ ក្នុងការ​ជំរុញឲ្យ​លោក​ចនសុន ត្រលប់មកដឹកនាំរដ្ឋាភិបាលវិញ​។ តែយ៉ាងណា យោងតាមការស្ទាបស្ទង់មតិ​​​របស់បណ្តាញព័ត៌មានអង់គ្លេស គឺ​លោកចនសុន បានបាត់ប្រជាប្រិយភាពខ្លាំងណាស់ បន្ទាប់ពីមានរឿងអាស្រូវជា​បន្តបន្ទាប់។ ទន្ទឹមគ្នានេះ លោក Dominic Raab អតីតឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា គឺលោក​រីឈី ស៊ូណាក់ ស័ក្តិសមនឹងធ្វើជានាយករដ្ឋមន្ត្រីបំផុតក្នុង​ពេល​នេះ ដែល​អង់គ្លេសមានវិបត្តិសេដ្ឋកិច្ច​ ព្រោះលោកមាន​សមត្ថភាពជំនាញផ្នែកសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ