អានតួអត្ថបទ
អង់គ្លេស

លោក​រីស៊ី ស៊ូណាក់ សន្យា​ថានឹង​កែតម្រូវកំហុសឆ្គងរបស់​លោកស្រី លីស ត្រាស្ស និង​ស្តារស្ថិរភាពឡើងវិញ

ក្នុងវ័យ​៤២ឆ្នាំ លោករីស៊ី​ ស៊ូណាក់ ត្រូវបាន​តែងតាំងជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស​ កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់​ពីលោកស្រី លីស ត្រាស្ស បានលាចុះពីតំណែង​។​ ជាការចូលកាន់ការងារ ក្នុងកា​លៈទេសៈដ៏លំបាក​បំផុត សម្រាប់លោក​ រីស៊ី ស៊ូណាក់ ព្រោះប្រទេសអង់គ្លេស កំពុងធ្លាក់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច និ​ងនយោបាយ​។

លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ក្នុងពេលថ្លែងសុន្ទរកថា ចូលកាន់តំណែង​នៅចំពោះមុខអ្នកកាសែត នៅខាងមុខ 10 Downing Street។ ទីក្រុងឡុងដ៍ ថ្ងៃទី២៥តុលា២០២២​
លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ក្នុងពេលថ្លែងសុន្ទរកថា ចូលកាន់តំណែង​នៅចំពោះមុខអ្នកកាសែត នៅខាងមុខ 10 Downing Street។ ទីក្រុងឡុងដ៍ ថ្ងៃទី២៥តុលា២០២២​ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

នៅមុខ 10 Downing Street ក្នុងសុន្ទរកថា​ទី១របស់​លោក​ក្នុងនាមជានាយករដ្ឋមន្ត្រី លោក​រីស៊ី ស៊ូណាក់ បានថ្លែងថា លោកដឹងយ៉ាងច្បាស់ អំពីការងារលំបាកដែលកំពុង​រងចាំលោក​ឲ្យដោះស្រាយ ដើម្បី​ស្រោចស្រង់ប្រទេសឲ្យ​ងើបពី​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ អះអាងថា​លោក​នឹងមិន​ចុះញ៉មជាដាច់ខាត ហើយលោក​ប្តេជ្ញា ស្តារ និងកសាងទំនុកចិត្តរបស់​ប្រជាពលរដ្ឋ ឡើងវិញឲ្យ​បាន។​

ក្នុងសុន្ទរកថានេះ លោក​រីស៊ី ស៊ូណាក់ បាន​លើកឡើងថាលោកត្រូវបាន​សមាជិក​បក្ស​របស់​លោក បោះឆ្នោត​ជ្រើសតាំងឲ្យ​មកដឹកនាំប្រទេស ដើម្បីកែតម្រូវ កំហុសឆ្គងរបស់​លោកស្រី លីស ត្រាស្ស។

01:14

សម្រង់​សុន្ទរកថា​​​​ចូលកាន់​​អំណាច របស់​លោក រីស៊ី ស៊ូណាក់

"ប្រទេសជាតិយើង កំពុងតែប្រឈមនឹង​វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមឆក់ឱកាសនេះ កោតសរសើរចំពោះលោកស្រី លីស ត្រាស្ស។ តាម​ពិត​លោក​ស្រី មានគំនិតត្រឹមត្រូវណាស់​ ដែល​ចង់​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ចបាន​ប្រសើរឡើង ហើយ​ខ្ញុំ​សូម​​សរសើរចំពោះការតាំងចិត្តរបស់​គាត់ ក្នុង​ការធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ។ ក៏ប៉ុន្តែ គាត់បានធ្វើរឿងភ័ន្តច្រឡំខ្លះ​។ ខ្ញុំបានទទួលសំឡេងឆ្នោត តែងតាំងខ្ញុំ​​ឲ្យដឹកនាំគណបក្ស​ ហើយ​នឹងឈានមកធ្វើជានាយករដ្ឋមន្ត្រី ដើម្បីកែតម្រូវ កំហុសឆ្គងទាំងអស់នេះ។​

ខ្ញុំ​សូម​សន្យា​ថា ខ្ញុំ​និង​យកបញ្ហាស្ថិរភាពសេដ្ឋកិច្ច ដាក់នៅចំកណ្តាល​បេះដូង នៃ​សកម្មការងាររបស់រដ្ឋាភិបាលខ្ញុំ។ ​ខ្ញុំនឹង​បង្រួបបង្រួម​ប្រទេសជាតិយើង។ រដ្ឋាភិបាល​របស់ខ្ញុំ​​ នឹង​ប្រឹងប្រែង​កសាងភាពសុចរិតស្មោះត្រង់ ពោរពេញដោយ​ភាព​ជំនាញ​ការងារ​​ច្បាស់លាស់ និង​មាន​ការទទួលខុសត្រូវ នៅ​គ្រប់លំដាប់ថ្នាក់ទាំងអស់។ ទំនុកចិត្ត​នឹង​និងត្រូវស្តារឡើងវិញ ហើយ​ខ្ញុំ​នឹងទទួលបាន​នូវទំនុកចិត្ត ពី​ជនរួមជាតិយើងទាំងអស់គ្នា។​"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ