អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-នុយក្លេអ៊ែរ

ប្រភពពីមន្ត្រី​អាមេរិក​អះអាង​ថា រុស្ស៊ីពិត​ជា​បាន​​​ជជែកគ្នា ពី​​ជម្រើសប្រើ​​អាវុធ​នុយក្លេអ៊ែរ​​នៅ​​អ៊ុយក្រែន

មេទ័ពធំៗរបស់រុស្ស៊ី​ បានជជែកគ្នា​កាលពីពេលថ្មីៗនេះ ស្តីអំពីជម្រើស ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន​។ នេះបើផ្អែកតាម​ការចុះផ្សាយ​ របស់​កាសែត New York Times ដែលស្រង់ប្រភពពីមន្ត្រីអាមេរិក ដោយ​សុំមិនបញ្ចេញឈ្មោះ។​ គួរបញ្ជាក់ថា បណ្តាប្រទេសមហាអំណាចលោកខាងលិច កំពុងតែសង្ស័យថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិកដោយ​ខ្លួនឯង បន្ទាប់ពីបាន​ប្រឌិតដំណឹងចោទថា គឺអ៊ុយក្រែន ដែលមានគម្រោង​ប្រើវាមុន។

រូបថត​ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី៖ លោកពូទីន កំពុងស្តាប់ មេទ័ពអាកាសរុស្ស៊ី Anatoly Kontsevoy ចំណែកលោក​ Serguei Choigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ឈរនៅខាងឆ្វេង ។ តំបន់ Ryazan ថ្ងៃទី ២០ តុលា ២០២២
រូបថត​ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី៖ លោកពូទីន កំពុងស្តាប់ មេទ័ពអាកាសរុស្ស៊ី Anatoly Kontsevoy ចំណែកលោក​ Serguei Choigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ឈរនៅខាងឆ្វេង ។ តំបន់ Ryazan ថ្ងៃទី ២០ តុលា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ការសែត New York Times បានចុះផ្សាយ​នៅថ្ងៃពុធ ថា​យោង​តាមប្រភពពីមន្ត្រី​អាមេរិក ដោយ​សុំមិនបញ្ចេញឈ្មោះ គឺមន្ត្រីមេទ័ពធំៗរបស់រុស្ស៊ី បានជួបប្រជុំគ្នា និយាយជជែកគ្នា ទាក់ទិននឹងលទ្ធភាពប្រើអាវុធនុយក្លេអ៊ែរតាក់ទិក។ ប្រភពដដែលអះអាងថា ក្នុងពេលប្រជុំនោះ គឺមិនមានវត្តមាន​របស់​លោកពូទីន ចូលរួមទេ ហើយ​គិតមកត្រឹមពេលនេះ នៅ​មិនទាន់មាន​សញ្ញាអ្វី បញ្ជាក់ថា រុស្ស៊ី​កំពុងរៀបចំប្រើ​អាវុធនុយក្លេអ៊ែរទេ។

ភ្លាមៗក្រោយ​ការ​ចុះផ្សាយរបស់​កាសែតអាមេរិកនេះ​ ក្រសួងការបរទេសរុស្ស៊ី បានចេញ​លិខិតប្រកាសមួយនៅរសៀលថ្ងៃពុធ ដោយអះអាងថា ទ្រឹស្តីនុយក្លេអ៊ែររបស់រុស្ស៊ី មិនប្រែប្រួលទេ គឺរុស្ស៊ីប្រើ​អាវុធនុយក្លេអ៊ែរ ជាជម្រើសចុងក្រោយ ហើយតែក្នុង​ករណី​ការពារខ្លួនតែប៉ុណ្ណោះ។ ក្រសួងការបរទេសរុស្ស៊ី​បន្ថែមទៀត​ថា ប្រសិនបើ​ក្រុមប្រទេសលោកខាងលិច នៅតែបន្តគាំទ្រ​អ៊ុយក្រែន ក្នុងការ​គំរាមរករឿង បំផ្លាញសន្តិសុខជាតិរុស្ស៊ី តាមរយៈការប្រើអាវុធនុយក្លេអ៊ែរ នោះ​ផលវិបាក​ប្រាកដជា​មហន្តរាយ​ធ្ងន់ធ្ងរជាក់ជាមិនខាន។

គួររំលឹកថា លទ្ធភាពនៃការ​ប្រើអាវុធនុយក្លេអ៊ែរ ពីសំណាក់រុស្ស៊ីនេះ កំពុងធ្វើ​ឲ្យ​ប្រទេសមហាអំណាចលោកខាងលិច ជាពិសេសបណ្តាប្រទេសអឺរ៉ុប មានការព្រួយបារម្ភជាខ្លាំង។ ភាគី​រុស្ស៊ីបាន​លើក ជាច្រើនដងថាអ៊ុយក្រែនមានគម្រោង​ប្រើអាវុធដែលមានផ្ទុក​សារធាតុ​វិទ្យុសកម្ម​ ដើម្បីចោទថារុស្ស៊ីជាអ្នកប្រើវា។ អ៊ុយក្រែន និង​ក្រុមប្រទេសលោកខាងលិច បានអះអាងថាវាជាការប្រឌិតទាំងស្រុងរបស់រុស្ស៊ី ដើម្បី​បានលេសប្រើអាវុធនុយក្លេអ៊ែរដោយ​ខ្លួនឯងតែប៉ុណ្ណោះ។ សេតវិមានអាមេរិក បានអះអាងកាលពីពាក់កណ្តាល​ខែ​តុលា ថាគេ​បានទទួលដំណឹង​ច្បាស់ការ​ណ៍ ថារុស្ស៊ី​បានប្រជុំជជែកគ្នា អំពីជម្រើសនេះពិតមែន។

នៅថ្ងៃពុធទី២វិច្ឆិកា លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាន​លើកឡើងថា ការប្រកាសរបស់ភាគី ទាក់ទិននឹងលទ្ធភាព​ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក គឺពិតជាគួរឲ្យ​បារម្ភខ្លាំងណាស់ មិនអាចលេងសើចបានទេ។ ដូចគ្នាដែរ អ្នកនាំពាក្យ​ម្នាក់របស់សេតវិមានអាមេរិក បានអះអាងថា ពេលវេលាកាន់តែទៅមុខ អាមេរិកកាន់តែបារម្ភ​ខ្លាំងឡើង ថារុស្ស៊ី​កំពុងតែមាន​គម្រោង​ ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។

ដោយឡែក នៅរសៀលថ្ងៃពុធ លោក ឌីមីទ្រ ប៉េឆកូវ អ្នកនាំពាក្យ​វិមានក្រឹមឡាំង​វិញ បានច្រាន​ចោលការព្រួយបារម្ភរបស់​រដ្ឋាភិបាល​ប្រទេសលោកខាងលិច ក៏ដូចជាបណ្តាញព័ត៌មាននានា ដែល​លើកឡើងថា រុស្ស៊ីចង់ប្រើអាវុធនុយក្លេអ៊ែរ។ ការបដិសេធ ដែលនៅតែមិនធ្វើឲ្យ​គេមានទំនុកចិត្ត ព្រោះថាកាលពីល្ងាចថ្ងៃអង្គារ គឺលោក ឌីមីទ្រី ម៉េដវេដេវ អតីប្រធានធិបតី​រុស្ស៊ី និងជាមនុស្សសំខាន់ទី២បន្ទាប់ពីលោកពូទីន ដែលបានលើកឡើងដោយ​ខ្លួនឯង ថារុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ព្រោះថាអ៊ុយក្រែនកំពុងតែគំរាមសន្តិសុខ​ជាតិ​រុស្ស៊ី​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ