អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ប្រជាជន​​អ៊ុយក្រែន​​យ៉ាង​ហោច ៤,៥លាន​​នាក់ គ្មាន​​ចរន្ត​អគ្គិសនីប្រើប្រាស់ ដោយ​សារ​​​ការវាយ​ប្រហារ​​​របស់​​​រុស្ស៊ី

យ៉ាងហោចណាស់ ប្រជាជនអ៊ុយក្រែនចំនួន៤លាន ៥សែននាក់ ត្រូវគ្មានចរន្តអគ្គិសនីប្រើប្រាស់ នៅរវាង​យប់ថ្ងៃព្រហស្បតិ៍ និង​ថ្ងៃសុក្រ​ទី​៤វិច្ឆិកា​​។ កងទ័ពរុស្ស៊ីបាន​បាញ់ប្លោងគ្រាប់ កំទេចហេដ្ឋារចនាសម្ព័ន្ធ ផលិតចរន្តអគ្គិសនី​របស់អ៊ុយក្រែន ជាច្រើនទីតាំង។ លោក​វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាន​ថ្កោលទោសថា រុស្ស៊ី​កំពុង​តែ​ធ្វើ “អំពើភេរវកម្ម​ថាមពល​” មក​លើប្រជាជនអ៊ុយក្រែន​។

ពន្លឺភ្លើងអំពូលរថយន្តព្រឹមៗ នៅទីក្រុងកៀង ដែលធ្លាក់ក្នុងស្បៃអន្ធកាល ព្រោះគ្មានចរន្តអគ្គិសនី ។ កៀវ ថ្ងៃទី ៣១ តុលា ២០២២
ពន្លឺភ្លើងអំពូលរថយន្តព្រឹមៗ នៅទីក្រុងកៀង ដែលធ្លាក់ក្នុងស្បៃអន្ធកាល ព្រោះគ្មានចរន្តអគ្គិសនី ។ កៀវ ថ្ងៃទី ៣១ តុលា ២០២២ AP - Andrew Kravchenko
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារវីដេអូប្រចាំថ្ងៃ លោក​វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បាន​លើក​ឡើងថា ក្នុងរវាងយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី​៤វិច្ឆិកា យ៉ាងហោចណាស់ប្រជាជនអ៊ុយក្រែន ចំនួន​៤,៥លាននាក់ ដែលត្រូវគ្មានចរន្តអគ្គិសនីប្រើប្រាស់ នៅ​តំបន់ទីក្រុងកៀវ និងនៅតំបន់ប្រមាណ​១០ទៀត ទូទាំងប្រទេស​។​ បណ្តាញខ្សែភ្លើង ព្រមទាំងស្ថានីយ៍​ផលិត​ចរន្តអគ្គិសនីអ៊ុយក្រែនជាច្រើនទីតាំង ត្រូវបាន​កំទេចដោយ​ការបាញ់​ប្លោងរបស់រុស្ស៊ី។

លោក​ហ្សេឡេនស្គី បានបន្តថា​ ពួករុស្ស៊ី មិនអាច​យកឈ្នះ​អ៊ុយក្រែនបានទេនៅសមរភូមិ។ ម្លោះហើយ​ បានជាពួករុស្ស៊ីកំពុងតែព្យាយាម បំបាក់ទឹកចិត្ត និង​ភាពអត់ធ្មត់របស់ប្រជាជនអ៊ុយក្រែន តាមរយៈការបំភ័យ​បំន្លាច បណ្ដាច់​ចរន្តអគ្គិសនី។ នេះគឺជាអំពើ “ភេរវកម្មថាមពល”។

ដោយឡែក ទាក់ទិននឹង​ការចោទរបស់​រុស្ស៊ី ដែលថាអ៊ុយក្រែនកំពុងត្រៀម​ប្រើគ្រាប់បែក​កាចសាហាវ មានផ្ទុកសារធាតុវិទ្យុសកម្មនោះ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ទើបតែបានចេញសេចក្តីសន្និដ្ឋានមួយ ថាពុំមាន​សកម្មភាព​ណាមួយ ដែលបញ្ជាក់ថាអ៊ុយក្រែន កំពុងត្រៀម​ធ្វើសកម្មភាពនុយក្លេអ៊ែរ​ ដោយលួចលាក់នោះឡើយ​។

លោក​ហ្សេឡេនស្គី បាន​ថ្លែងអបអរចំណោះសេចក្តីសន្និដ្ឋាន របស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដែលបាន​ផ្តល់​យុត្តិធម៌មកឲ្យ​អ៊ុយក្រែន ចំពោះការចោទបែបប្រឌិតស្រស់ៗរបស់រុស្ស៊ី។ លោកហ្សេឡេនស្គី បាន​ចោទបកទៅវិញថា គឺប្រហែលជារុស្ស៊ីខ្លួនឯងទេ ដែលគ្រោងប្រើគ្រាប់បែកប្រភេទនេះ ហើយទំលាក់កំហុសថាមកពីអ៊ុយក្រែនជាអ្នកប្រើវាមុន។

ទន្ទឹមគ្នានេះដែរ លោក​ប្រធានាធិបតីអ៊ុយក្រែន បាន​លើកឡើងអំពី​ករណី កងទ័ពរុស្ស៊ី​​កេណ្ឌប្រជាពលរដ្ឋអ៊ុយក្រែន​ទាំងបង្ខំ យកទៅខាងដែនដីដែលខ្លួន​កាន់កាប់​ នៅតំបន់ក្រុងឃែរសុន តំបន់ហ្សាប៉ូរីចា និង​តំបន់ដុនបាសជាដើម។ បន្ថែមពីនេះ កងទ័ពរុស្ស៊ី​កំពុងតែធ្វើសកម្មភាព​ ប្លន់ប្រមូលយកទ្រព្យសម្បត្តិ សម្ភារៈតាមផ្ទះ របស់​ប្រជាពលរដ្ឋនៅតំបន់ទាំងនោះថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ