អានតួអត្ថបទ

អ៊ីរ៉ង់​ សារភាព​ទទួល​ស្គាល់​ជាលើកទី១ថាបាន​​លក់​យន្តហោះ ដ្រូន ឲ្យរុស្ស៊ី

នៅថ្ងៃ​សៅរ៍​ទី​៥វិច្ឆិកា អ៊ីរ៉ង់​ ​ប្រកាស​ទទួល​ស្គាល់​ជា​លើកដំបូង​បំផុត​ ថាបាន​​ផ្គត់ផ្គង់​យន្តហោះ​ ដ្រូន ទៅ​ឲ្យ​រុស្ស៊ី​។ ការទទួល​ស្គាល់​ជាលើកទី១​នេះ គឺធ្វើ​ឡើងដោយ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ តាមរយៈ​ការ​ចុះផ្សាយ​នៅក្នុង​កាសែត​ផ្លូវ​ការ​របស់​រដ្ឋ​អំណាច​អ៊ីរ៉ង់។ នេះជាព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ភ្ញាក់​ផ្អើល​ពីព្រោះថា​នាពេល​កន្លងមក អ៊ីរ៉ង់ ​ធ្លាប់តែ​​ប្រកែកដាច់​ខាត ​និង​បដិសេធ​ទាត់​ចោល​រាល់ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​របស់​ភាគី អ៊ុយក្រែន​ និង​​ក្រុម​ប្រទេ​ស​បច្ចិម​លោក។​

រដ្ឋមន្ត្រីក្រសួង​​ការបរទេស​អ៊ីរ៉ង់ Hossein Amir-Abdollahian
រដ្ឋមន្ត្រីក្រសួង​​ការបរទេស​អ៊ីរ៉ង់ Hossein Amir-Abdollahian AFP - ATTA KENARE
ផ្សាយពាណិជ្ជកម្ម

​ទោះបី​ជា​ទទួល​ស្គាល់ថាបាន​ផ្តល់​យន្តហោះ​ដ្រូនឲ្យ​រុស្ស៊ីក៏​​មែន​ពិត ក៏ប៉ុន្តែ អ៊ីរ៉ង់ បាន​អះអាង​ថា ការ​ផ្តល់​យន្តហោះ​ដ្រូន​ឲ្យរុស្ស៊ី​​ គឺធ្វើ​ឡើង​តាំងតែ​ពី​មុន​ពេល​ផ្ទុះ​សង្គ្រាម​លើអ៊ុយក្រែន​ នា​ចុង​ខែ​កុម្ភៈ ហើយ​ការ​ផ្តល់​ឲ្យរុស្ស៊ី​ពេល​​នោះ គឺឋិត​ក្នុង​ចំនួន​តិច​តួច​តែប៉ុណ្ណោះ។ នេះបើតាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​​ការបរទេស​អ៊ីរ៉ង់ Hossein Amir-Abdollahian នៅក្នុង​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ Irna ។

ផ្ទុយ​ពីការ​លើកឡើង​ថា មា​នចំនួន​តិចតួច រដ្ឋបាល​ទីក្រុង​កៀវ អះអាងទៅវិញ​​ថា​ ​បាន​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​អ៊ីរ៉ង់​ មកទល់​នៅថ្ងៃ​នេះ ចំនួន​ ប្រមាណ​ជា​ ៤០០គ្រឿង​ទៅហើយ​ និង​ថា រុស្ស៊ី បាន​បញ្ជាទិញ ដ្រូននេះ ពីអ៊ីរ៉ង់​ ប្រមាណ​ជា ២ ពាន់គ្រឿង​​ឯណោះ។

ទោះជា​យ៉ាងនេះក៏ដោយ​ចុះ នៅ​ក្នុង​ព័ត៌មានផ្សាយ​ដោយ​ទី​ភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ ​ពីថ្ងៃ​សៅរ៍ គឺ​ប្រមុខ​ការទូត ​អ៊ីរ៉ង់ បាន​​យល់ព្រម​ថា​ត្រៀម​ខ្លួន​ដើម្បី​ពិនិត្យ​ភស្តុតាង​របស់​ អ៊ុយក្រែន ដែល​ចោទប្រកាន់​ថា​ជាយន្តហោះដ្រូន​របស់​អ៊ីរ៉ង់​។ ក៏ប៉ុន្តែ អ៊ីរ៉ង់ ក៏​បាន​ច្រាន​ចោលចំពោះ​​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​បាន​ផ្តល់​មីស៊ីល​ឲ្យ​រុស្ស៊ី​ ដែល​បង្ក​ជម្លោះ​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ុយក្រែន​។ អ៊ីរ៉ង់​ ចាត់ទុក​ព័ត៌មាន​នេះ​​ថា​ខុស​ទាំងស្រុង។​

សំណុំ​រឿង​ផ្តល់​គ្រឿង​សព្វាវុធ​និង​ដ្រូន​ឲ្យ​រុស្ស៊ី​ដើម្បី​បញ្ឆេះ​សង្គ្រាម​លើទឹក​ដី​អ៊ុយក្រែន គឺបង្ក​ភាព​តាន​តឹងខ្លាំង​​រវាង អ៊ុយក្រែន និង អ៊ីរ៉ង់​។ ចាប់ពី​ខែ​កញ្ញាមក រដ្ឋបាល​ទីក្រុងកៀវ​របស់​ អ៊ុយក្រែន បាន​សម្រេច​កាត់​បន្ថយ​ចំណង​ទាក់ទង​ផ្លូវ​ទូត​ជាមួយរដ្ឋបាល​តេអេរ៉ង់ របស់​​អ៊ីរ៉ង់។

ក្នុង​សំណុំ​រឿង​សង្គ្រាម​​នៅ​អ៊ុយក្រែន​ដដែល​ សហរដ្ឋអាមេរិក​ អង់គ្លេស​ ប្រទេសទាំង​២៧​នៃ​​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់ទាំង​ផ្លូវ​នយោបាយ​និង​សេដ្ឋកិច្ច លើ​អ៊ីរ៉ង់។ ប៉ុន្មាន​សប្តាហ៍​នេះ អង់គ្លេសនិង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មេបញ្ជាយោធា​អ៊ីរ៉ង់ ៣នាក់ និង​ក្រុម​ហ៊ុន​អ៊ីរ៉ង់​១ ដែល​ផលិត​អាវុធ លក់​ឲ្យ ​រុស្ស៊ី។​ រុស្ស៊ី ដែល​បាន​ប្រើ​គ្រឿង​ច្បាំង​នោះ ទៅ​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ