អានតួអត្ថបទ
អឺរ៉ុប-សេដ្ឋកិច្ច

អឺរ៉ុបព្យាករណ៍ថា​​សេដ្ឋកិច្ចខ្លួន​នឹង​ដើរ​ថយក្រោយ នៅ​រវាង​ចុងឆ្នាំនេះ ​និង​ដើម​ឆ្នាំ​ក្រោយ

ចាប់ពីត្រីមាសទី៤ចុងឆ្នាំនេះ រហូតដល់ដើមឆ្នាំ​ក្រោយ សេដ្ឋកិច្ច​អឺរ៉ុបនឹងដើរថយក្រោយ។ នេះបើផ្អែកតាមការព្យាករណ៍របស់អ្នកជំនាញ​ នៅសហភាពអឺរ៉ុប។ សង្គ្រាមនៅអ៊ុយក្រែន បានបណ្តាលឲ្យ​ទំនិញ​ឡើងថ្លៃគ្រប់មុខ បូកផ្សំជាមួយ​នឹង​អតិផរណា ព្រមទាំង​វិបត្តិថាមពលថែមទៀតនោះ នឹងមកអូសសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប មិនឲ្យដើរទៅមុខ។

លោក Paolo Gentiloni ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ក្នុងពេលធ្វើសន្និសីទកាសែតនៅក្រុងព្រុចសែល ថ្ងៃទី ១១ វិច្ឆិកា ២០២២
លោក Paolo Gentiloni ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ក្នុងពេលធ្វើសន្និសីទកាសែតនៅក្រុងព្រុចសែល ថ្ងៃទី ១១ វិច្ឆិកា ២០២២ AP - Geert Vanden Wijngaert
ផ្សាយពាណិជ្ជកម្ម

លោក Paolo Gentiloni ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ច បាន​ប្រាប់អ្នកកាសែត នៅក្រុងព្រុចសែលថា រវាងប៉ុន្មានខែទៅខាងមុខនេះ សេដ្ឋកិច្ចអឺរ៉ុបនឹងត្រូវពើបប្រទះនឹងការលំបាកច្រើនណាស់។​ សេដ្ឋកិច្ច​នឹងដើរថយក្រោយ ក្នុងរវាងត្រីមាសទី៤ចុងឆ្នាំ និងត្រីមាសទី១ដើមឆ្នាំក្រោយ មិនថានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និង​បណ្តាប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត។ 

ជាផលវិបាក ការព្យាករណ៍​ទាក់ទិននឹងចំណូលដុលក្នុងស្រុកសរុប សម្រាប់ឆ្នាំ​២០២២នេះ នឹងត្រូវពិនិត្យ​ទាញទម្លាក់តួលេខ មកនៅត្រឹមតែ ប្រមាណ០.៣% តែប៉ុណ្ណោះ​ ខណៈដែលការរំពឹងទុកពីមុន មានប្រមាណ ១.៤%។ តែយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចអឺរ៉ុបរូបនេះ អះអាងថា នៅរវាងចុងត្រីមាសទី​២ឆ្នាំក្រោយ កំណើនសេដ្ឋកិច្ចអឺរ៉ុប អាចនឹងងើបមុខឡើងវិញ។​

គួរបញ្ជាក់ថា  យោងតាលិខិតប្រកាសមួយ របស់គណៈកម្មាការអឺរ៉ុប ក្នុងចំណោមតំបន់ទាំងអស់ទូទាំងពិភពលោក គឺសេដ្ឋកិច្ចអឺរ៉ុបរងគ្រោះខ្លាំងជាងគេ ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ មូលហេតុគឺដោយសារអឺរ៉ុប មានទីតាំងភូមិសាស្ត្រកៀកនឹងអ៊ុយក្រែន ហើយ​មួយទៀតនោះ គឺសេដ្ឋកិច្ចអឺរ៉ុបរំពឹង​ខ្លាំងទៅលើឧស្ម័ននាំចូលពីរុស្ស៊ី។

ថ្វីបើឆ្នាំ​២០២១កន្លងមក សេដ្ឋកិច្ចបានស្ទុះងើបយ៉ាងគាប់ចិត្ត ក្រោយឆ្លងកាត់វិបត្តិកូវីដ១៩ តែពេលនេះ សង្គ្រាមនៅអ៊ុយក្រែន​កំពុងរុញសង្កត់ឲ្យ​មានភាពលំបាក។ កម្រិតអតិផរណាឡើងកាន់តែខ្ពស់ ធ្វើឲ្យទំនិញគ្រប់មុខឡើងថ្លៃ។ រីឯតម្លៃផលិត តម្លៃវត្ថុធាតុដើម និង​ការចំណាយលើការដឹកជញ្ជូនត្រូវកើនឡើងដោយចៀសមិនរួច។ យោងតាមការព្យាករណ៍របស់គណៈកម្មការអឺរ៉ុប ឆ្នាំ២០២២ កម្រិតអតិផរណាមានជាមធ្យម ៨.៥% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ហើយនៅ​ឆ្នាំ២០២៣ កម្រិតអតិផរណាក្នុងតំបន់ចាយប្រាក់អឺរ៉ូ មានខ្ទង់ ៦.១%។

ជាងនេះទៀត លោក Paolo Gentiloni បានអះអាងថា វានៅមានភាពមិនប្រាកដប្រជាច្រើនណាស់ ដែលមានន័យថាស្ថានភាពអាចអាក្រក់ជាងការស្មាន។​ វិបត្តិសេដ្ឋកិច្ចដើរថយក្រោយ នេះ អាចនឹងធ្វើឲ្យ​ឧស្សាហកម្មអឺរ៉ុប ត្រូវចុះទន់ខ្សោយ ប្រសិនបើគ្មានវិធានការទប់ឲ្យ​ទាន់ពេលវេលាទេនោះ។ បញ្ហាខ្វះថាមពលប្រើប្រាស់ គឺជាក្តីបារម្ភដ៏ធំបំផុត សម្រាប់វិស័យឧស្សាហកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ