អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

លោក​ហ្សេឡេនស្គី ធ្វើ​ដំណើរ​ទៅក្រុង​ឃែរសុន អបអរ​ជ័យជំនះ​របស់​កងទ័ព​អ៊ុយក្រែន

ទីក្រុង​និង​តំបន់ឃែរសុន​ ត្រូវបាន​កងទ័ពអ៊ុយក្រែន ចូលទៅគ្រប់គ្រងវិញហើយ បន្ទាប់ពីកងទ័ពរុស្ស៊ី បានសម្រេចដកថយចេញទាំងស្រុង កាលពី​៣ថ្ងៃមុននេះ។ ដើម្បី​អបអរជ័យជំនះ និងការតស៊ូរបស់​កងទ័ពអ៊ុយក្រែន លោកប្រធានាធិបតីហ្សេឡេនស្គី​ បានធ្វើដំណើរទៅដល់​ទីក្រុងឃែរសុន កាលពីព្រឹកថ្ងៃចន្ទទី​១៤វិច្ឆិកាម្សិលមិញ​។ ដំណើរទៅដល់​ដែលពោរពេញដោយ​និម្មិតរូប ដែលលោកហ្សេឡេនស្គី បាន​សន្យាតស៊ូប្រយុទ្ធដើម្បី​ដណ្តើ​មយកទឹកដីអ៊ុយ​ក្រែន​ត្រលប់​មកវិញ​ឲ្យបាន។ ដោយឡែកភាគីរុស្ស៊ីវិញ​ បានអះអាងថាទោះកងទ័ពរុស្ស៊ីដកចេញពីឃែរសុន តែឃែរសុន នៅតែជាដែនដីរបស់រុស្ស៊ីដដែល​។​

លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ឈរគោរពភ្លេងជាតិ នៅទីក្រុងឃែរសុន ដែលទីក្រុងនេះបានធ្លាក់មក​ក្នុងដៃរបស់អ៊ុយក្រែនវិញ ក្រោយការដកទ័ពថយរបស់រុស្ស៊ី។ ឃែរសុន ថ្ងៃទី ១៤ វិច្ឆិកា ២០២២
លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ឈរគោរពភ្លេងជាតិ នៅទីក្រុងឃែរសុន ដែលទីក្រុងនេះបានធ្លាក់មក​ក្នុងដៃរបស់អ៊ុយក្រែនវិញ ក្រោយការដកទ័ពថយរបស់រុស្ស៊ី។ ឃែរសុន ថ្ងៃទី ១៤ វិច្ឆិកា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ដៃស្តាំទប់លើដើមទ្រូង លោកហ្សេឡេនស្គី បានបន្លឺសំឡេងច្រៀងចំរៀងជាតិអ៊ុយក្រែន ជាមួយ​នឹងក្រុមប្រជាជន និង​កងទ័ព នៅចំពោះមុខទង់ជាតិអ៊ុយក្រែន ដែលត្រូវគេបង្ហូតឡើង បក់រវិចលើអាគារ​រដ្ឋបាលតំបន់ឃែរសុន។ ស្ថិតក្នុងឯកសណ្ឋានទាហាន លោកហ្សេឡេនស្គី បានធ្វើដំណើរតាមផ្លូវក្នុងក្រុងឃែរសុន ជាមួយនឹងសំឡេងស្រែក​អបអរពីប្រជាពលរដ្ឋ ដែលមកឈរតាមសងខាងផ្លូវ ស្រែកថា “ជ័យោអ៊ុយក្រែន”។

នៅក្នុង​វីដេអូ​ផ្សាយផ្ទាល់ ដែលគេចែកចាយ​តាមបណ្តាញសង្គម នៅ​ទីក្រុងឃែរសុន លោកហ្សេឡេនស្គី​បាន​ថ្លែងសុន្ទរកថា ដោយបាន​លើកឡើងថា អ៊ុយក្រែនគ្មានថ្ងៃស្លាប់​ជាច់ខាត។ ទោះ​លំបាក​ខ្លាំងកម្រិតណា ​តែលោកប្តេជ្ញាថានឹងតស៊ូមួយជំហានម្តងៗ ឈានទៅរំដោះទឹកដីមកវិញឲ្យ​បាន​។ តែយ៉ាងណា លោកហ្សេឡេនស្គី បានទទួលស្គាល់ថា សង្គ្រាម​​នេះ​នឹងបន្តរ៉ាំរ៉ៃយូរ​ ហើយ​ជ័យ​ជំនះមិនអាចបាន​ដោយងាយ​ៗនោះឡើយ។

សូមបញ្ជាក់ថា កងទ័ពរុស្ស៊ីបានសម្រេចដកចេញទាំងស្រុង ពី​ទីក្រុងនិង​តំបន់ឃែរសុន​ កាលពី៣ថ្ងៃមុន បន្ទាប់ពី​បានគ្រប់គ្រងតំបន់នេះ ប្រមាណជា​៨ខែ។ តំបន់ឃែរសុននេះ គឺជាដែនដីមួយក្នុងចំណោមដែនដីទាំង៤ ដែល​រុស្ស៊ី​បាន​ប្រកាស​កាត់ភ្ជាប់ចូល​មកក្នុងទឹកដីរុស្ស៊ី​។​ ទាក់ទិននឹងការធ្វើដំណើរ​របស់​​លោកហ្សេឡេនស្គី ទៅឃែរសុននេះ​ អ្នកកាសែតបានសួរទៅកាន់លោក Dimity Peskov អ្នកនាំពាក្យ​វិមានក្រេមឡាំង តែត្រូវបាន​អ្នកនាំពាក្យ​រូបនេះបដិសេធ មិនប្រតិកម្ម​អ្វីទាំងអស់។ លោក​ Dimity Peskov គ្រាន់តែបានឆ្លើយថា តំបន់ឃែរសុនគឺជាដែនដីរបស់រុស្ស៊ី​។

គួរកត់សំគាល់ថា​ ការដកទ័ពថយចេញពីតំបន់ឃែរសុននេះ គឺត្រូវបានគេមើលឃើញថា ជាបរាជ័យមួយ​ដ៏អាម៉ាស របស់​លោក​ពូទីន ដែលបានប្រកាស​កេណ្ឌទ័ព​​បម្រុង ប្រមាណ​៣សែននាក់ ដើម្បី​បន្តឈ្លានពានអ៊ុយក្រែន​។​ យ៉ាងណាក៏ដោយ​  លោក Jen Stoltenberg អគ្គលេខាធិការអូតង់ បានលើកឡើងនៅថ្ងៃចន្ទនេះថា គេ​មិនត្រូវត្រេកអរលឿនរហ័សពេក ហើយ​មើលស្រាលរុស្ស៊ីនោះទេ។ លោក​​អគ្គលេខាធិការអូតង់ បាន​ព្រមាន​ទុកជាមុនថា រដូវត្រជាក់ខាងមុខនេះ គឺជាស្ថានភាពមួយដ៏លំបាក​លំបិន​បំផុត​សម្រាប់អ៊ុយក្រែន ព្រោះផែនការរបស់លោកពូទីន គឺចង់ធ្វើឲ្យ​ប្រជាជន​អ៊ុយក្រែន ស្លាប់ដោយសារតែ​សីតុណ្ហភាពត្រជាក់ និង​គ្មាន​ចរន្តអគ្គីសនីប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ