អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-សិទ្ធិមនុស្ស

សង្គ្រាម​​អ៊ុយក្រែន៖ ​អ.ស.ប. ​អះអាង​ថា​មាន​ករណី​ធ្វើ​​ទារុណកម្ម ទៅលើ​ឈ្លើយ​សិក​ទាំង​សងខាង

ខណៈដែល​សង្គ្រាម​នៅអ៊ុយក្រែនកាន់តែក្តៅគគុក ជាមួយនឹងការបាញ់​ប្លោងមីស៊ីលរាប់សិបគ្រាប់ពីសំណាក់រុស្ស៊ី ទៅលើអ៊ុយក្រែន​កាលពីថ្ងៃម្សិលមិញនេះ អង្គការសហប្រជាជាតិបានចេញរបាយការណ៍​មួយ ស្តីពី​ករណី​ធ្វើទារុណកម្ម​ធ្ងន់ធ្ងរ ធ្វើទៅលើឈ្លើយសិកទាំងសងខាង មិន​ថាខាងរុស្ស៊ី ឬខាង​អ៊ុយក្រែន។ ឈ្លើយសិកទទួលរងនូវទារុណកម្មវាយដំ ឆក់ខ្សែភ្លើង ការបំពានផ្លូវភេទ ការមាក់ងាយ​គម្រាម​សំលាប់ជាដើម។ ទោះជាករណីទារុណកម្មមានទាំងសងខាង តែ​របាយការណ៍នេះលើកឡើងថា ទំហំ​នៃការធ្វើទារុណកម្ម​ មានតិចជាងនៅខាងភាគីអ៊ុយក្រែន​។​

រូបភាពផ្តល់ឲ្យដោយ​អង្គភាព​ព័ត៌មានសន្តិសុខអ៊ុយក្រែន៖ ទាហានអ៊ុយក្រែនដែលភាគីរុស្ស៊ីដោះលែង តាមរយៈការដោះដូរឈ្លើយសិក នៅថ្ងៃទី ២១ កញ្ញា ២០២២
រូបភាពផ្តល់ឲ្យដោយ​អង្គភាព​ព័ត៌មានសន្តិសុខអ៊ុយក្រែន៖ ទាហានអ៊ុយក្រែនដែលភាគីរុស្ស៊ីដោះលែង តាមរយៈការដោះដូរឈ្លើយសិក នៅថ្ងៃទី ២១ កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

លោកស្រី Mathilda Bogner មន្ត្រីអង្គការសហប្រជាជាតិ ទទួល​បន្ទុកបេសកកម្ម​តាមដានការគោរពសិទ្ធិមនុស្សនៅអ៊ុយក្រែន បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារលោកស្រីបានជួបនិយាយផ្ទាល់ ជាមួយអតីតឈ្លើយសិកចំនួន ១៥៩នាក់ ក្នុង​នោះប្រុស១៣៩ ស្រី២០នាក់ ដែលធ្លាប់ត្រូវបាន​កងទ័ពរុស្ស៊ីចាប់ខ្លួន​។ ចំណែកខាងអ៊ុយក្រែន​វិញ ក្រុមការងារស៊ើបអង្កេតបានជួប​និយាយដោយ​ផ្ទាល់ ជាមួយ​ឈ្លើយសិករុស្ស៊ី ដែលកងទ័ពអ៊ុយក្រែនចាប់ខ្លួន ចំនួន១៧៥នាក់ សុទ្ធតែភេទប្រុស។

លោកស្រីអះអាងថា បេសកកម្មការងារនេះ បានទទួលការសហការទាំងស្រុងពីខាងភាគីអ៊ុយក្រែន ដែលបាន អនុញ្ញាតឲ្យ​ក្រុមងារ បានធ្វើដំណើរទៅ​ដល់ទីតាំងឃុំឃាំងឈ្លើយសិករុស្ស៊ី នៅតាមតំបន់ដែលស្ថិតក្រោម​ការកាន់កាប់​របស់កងទ័ពអ៊ុយក្រែន។ ដោយឡែក ក្រុមការងារមិនអាចទៅដល់ទីតាំងបង្ឃាំងឈ្លើយសិក នៅខាងតំបន់ដែលរុស្ស៊ីគ្រប់គ្រងទេ ដោយសារភាគីរុស្ស៊ីបដិសេធ។ ក្រុមការងារ​ បានជួបត្រឹមតែ​សាក្សីដែលជា​អតីតឈ្លើយសិក​ដែលរុស្ស៊ីចាប់ខ្លួន ហើយ​ត្រូវបាន​រំដោះមកវិញបាន​ ក្រោយកងទ័ពអ៊ុយក្រែនវាយ​ឈ្នះ​។​

យោងតាមរបាយការណ៍ មនុស្សដែលធ្លាប់ត្រូវ​បាន​កងទ័ពរុស្ស៊ីចាប់បង្ឃាំងជាឈ្លើយសិក បានអះអាង​ថាខ្លួនបានរងនូវ​ការធ្វើទារុណកម្មជាប្រចាំ​ ក្រោមរូមភាពច្រើនទំរង់ ដែលមានដូចជាការវាយដំ ទាត់ធាក់ ការឆក់ខ្សែភ្លើង ការសម្រាតសម្លៀកបំពាក់ ការបំពានផ្លូវភេទ និងគំរាមសំឡុតផ្សេងៗទៀត។ អ្នកទោសត្រូវ​កងទ័ពរុស្ស៊ី​ យកបងស្អិតចង់ដៃ និង​បិទភ្នែក យ៉ាងតឹងណែន រហូតមាន​ស្លាកស្នាមខៀវ ហើយត្រូវគេបញ្ជូន​ញាត់បញ្ចូល​ក្នុងរថយន្តយ៉ាងណែនចង្អៀតគលើគ្នា។ លោកស្រី Mathilda Bogner លើកឡើងថា ជារួម ករណីធ្វើទារុណកម្មធ្ងន់ធ្ងរ ធ្វើដោយ​កងទ័ពរុស្ស៊ី គឺមានលក្ខណៈជាប្រព័ន្ធ ហើយ​ឈ្លើយសិកដែលជាកូនទាហានតូចតាច ទទួលរងទារុណកម្មស្រាលជាងទាហានដែលមានឋានៈធំ ឬមានតួនាទីចាំបាច់ក្នុងការប្រយុទ្ធ។

ដោយឡែក នៅខាងភាគីអ៊ុយក្រែនវិញ របាយការណ៍បាន​លើកឡើងថា ឈ្លើយសិករុស្ស៊ី ក៏បានទទួលរងការធ្វើទណ្ឌកម្មពី​កងទ័ពអ៊ុយក្រែនដែរ។ ជាងនេះទៀត យោងតាមសាក្សីគួរឲ្យទុកចិត្ត គឺមានករណីសម្លាប់ ចំណាប់ខ្មាំង​រុស្ស៊ី ពីសំណាក់កងទ័ពអ៊ុយក្រែន។ តែយ៉ាងណា ករណីទារុណកម្ម មានភាគច្រើនតែក្នុងកំឡុងពេល ដែល​ចំណាប់ខ្មាំង​រុស្ស៊ី ត្រូវទាហានអ៊ុយក្រែនចាប់ខ្លួន និងក្នុងពេលសួរចម្លើយ ប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះ។​

គួរបញ្ជាក់ដែរថា ភាគីរដ្ឋាភិបាលអ៊ុយក្រែន បានអះអាងថាខ្លួននឹង​បើកការស៊ើបអង្កេតស៊ីជំរៅ ទាក់ទិននឹង​ករណីសម្លាប់ឈ្លើយសិករុស្ស៊ី បង្កឡើងដោយ​កងទាហានអ៊ុយក្រែន។ លោកស្រី Mathilda Bogner បានរំលឹកថា ការធ្វើទារុណកម្មលើឈ្លើយ​សិក ចំណាប់ខ្មាំង​ ទោះក្នុងរូបភាពណាក៏ដោយ គឺត្រូវបានហាមឃាត់ដោយ​ច្បាប់អន្តរជាតិ ហើយ​បើទោះបីជា ​ស្ថិតនៅក្នុងអំឡុងពេលមានសង្គ្រាមប្រដាប់អាវុធ​​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ