អានតួអត្ថបទ

ទីភ្នាក់ងារអវកាសអឺរ៉ុបជំរុញឲ្យប្រទេសសមាជិកបង្កើនថវិកាដើម្បីអាចប្រកួតប្រជែងជាមួយមហាអំណាចផ្សេង

ប្រទេស​សមាជិក​ទីភ្នាក់ងារ​អវកាសអឺរ៉ុប ហៅកាត់ថា “អេសា” (ESA) ជួបប្រជុំគ្នា​នៅថ្ងៃ​អង្គារ និង​ថ្ងៃពុធ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​កញ្ចប់ថវិកា​ថ្មី ដោយ​នៅ​ក្នុងនោះ ថ្នាក់ដឹកនាំ​អេសា​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​សមាជិក​ទាំង ២២ប្រទេស បង្កើន​ថវិកា ដើម្បី​ឲ្យ​អឺរ៉ុប​អាច​បន្ត​ឈរជើង​ក្នុង​វិស័យ​អវកាស ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ផ្សេងទៀត។

អវកាសយានិក​អឺរ៉ុប និង​អគ្គនាយក​ទីភ្នាក់ងារអវកាសអឺរ៉ុប "អេសា" នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ប្រទេស​សមាជិក​ ថ្ងៃអង្គារ ២២ វិច្ឆិកា ២០២២
អវកាសយានិក​អឺរ៉ុប និង​អគ្គនាយក​ទីភ្នាក់ងារអវកាសអឺរ៉ុប "អេសា" នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ប្រទេស​សមាជិក​ ថ្ងៃអង្គារ ២២ វិច្ឆិកា ២០២២ © ESA
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារអវកាស​អឺរ៉ុប “អេសា” ស្នើសុំ​ដោយ​ទទូច​ឲ្យ​ប្រទេស​សមាជិក​បង្កើន​កញ្ចប់ថវិកា​ឲ្យ​បាន​ដល់ ១៨ពាន់៥រយ​លាន​អឺរ៉ូ សម្រាប់​ចំណាយ​ក្នុង​វិស័យ​អវកាស នៅ​ក្នុងរយៈពេល ៣ឆ្នាំ​ខាងមុខ ពោលគឺ កើនឡើង​រហូតដល់​ទៅ​ជាង ១ភាគ៤ បើធៀបនឹង​កញ្ចប់ថវិកាក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ។

កញ្ចប់ថវិកា​នេះ​នឹង​ត្រូវ​យក​ទៅ​ចំណាយ​ ដោ​យផ្តោត​ជាអាទិភាព​លើ​វិស័យ​ចំនួន៣។ ទីមួយ គឺ​បេសកកម្ម​តាម​សង្កេតមើល​អាកាសធាតុ​លើ​ភពផែនដី ជាពិសេស តាមដាន​មើល​អំពី​ផលប៉ះពាល់​ដោយ​ការឡើងកម្តៅផែនដី។ ទីពីរ មធ្យោបាយ​ដឹកជញ្ជូន​អវកាស ជាពិសេស គម្រោង​រ៉ុកកែតអវកាស​ថ្មី ធុន​ Ariane 6 ដែល​គេ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំក្រោយ។ ទីបី បេសកកម្ម​បញ្ជូន​យាន​​អវកាស ទាំង​បេសកកម្ម​គ្មាន​មនុស្ស​បើក និង​ទាំង​បេសកកម្ម​ដែល​មាន​ដឹកអវកាសយានិក ដើម្បី​សិក្សាស្រាវជ្រាវ​នៅ​ក្នុង​ទីអវកាស។

គោលដៅចម្បងបំផុត​របស់​អឺរ៉ុប គឺ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គម្លាត​ជាមួយ​ប្រទេស​មហាអំណាច​អវកាសផ្សេងទៀត ជាពិសេស សហរដ្ឋ​អាមេរិក និង​ចិន ដែល​សុទ្ធតែ​បាន​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​វិស័យអវកាស នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក៏​ដូចជា​ប្រទេស​ចំណូល​ថ្មី ក្នុង​វិស័យអវកាស ជាពិសេស ប្រទេស​ឥណ្ឌា។

នៅអឺរ៉ុប គេសង្កេតឃើញ​ថា បើទោះបីជាមាន​​​ទីភ្នាក់ងារអវកាស​រួមគ្នា​ គឺ អេសា ក៏ប៉ុន្តែ នៅតែ​មាន​ការ​ប្រកួតប្រជែងគ្នា រវាង​ប្រទេស​សមាជិក​គ្នាឯង នៅ​ក្នុង​វិស័យ​មួយ​ចំនួន ជាពិសេស គឺ​ការប្រជែងគ្នា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ នៅ​ក្នុង​វិស័យ​រ៉ុកកែតអវកាស ដោយ​នៅ​ក្នុង​នោះ គេសង្កេតឃើញ​ថា បារាំង​ជា​អ្នក​ចេញមុខជំរុញ​​ការ​អភិវឌ្ឍ​រ៉ុកកែត​ធុន​ Ariane អ៊ីតាលី​ការពារ​កម្មវិធីរ៉ុកែតធុន Vega ចំណែក​អាល្លឺម៉ង់​កំពុងតែ​ព្យាយាម​ជំរុញ​​ក្រុមហ៊ុន​ចំណូល​ថ្មី ដែល​អភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុកកែតអវកាស​ធុនតូចៗ តែ​ចំណាយលុយ​តិច។

ថ្លែងនៅ​ចំពោះមុខអ្នកសារព័ត៌មាន នៅមុនពេល​បើក​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី នៅថ្ងៃអង្គារ​នេះ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង​បាន​អំពាវនាវ​ដល់​គ្រប់​​ប្រទេស​សមាជិក​ទីភ្នាក់ងារ​អវកាស​អឺរ៉ុបទាំងអស់​ឲ្យ​បញ្ឈប់​ការ​​ប្រកួតប្រជែង​រវាង​គ្នាឯង ហើយ​ងាក​មក​​រួបរួមគ្នា​ជាធ្លុងមួយ ដាក់ចេញ​នូវ​​គោលនយោបាយ​អវកាស​តែមួយ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប ដើម្បី​​ឲ្យ​អឺរ៉ុប​អាចឈរជើង​​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​មហាអំណាច​អវកាសផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ