អានតួអត្ថបទ
ចិន-អង់គ្លេស-ស​ន្តិសុខជាតិ

អាជ្ញាធរ​អង់គ្លេស​បញ្ជា​ឲ្យ​ឈប់​ប្រើ​កាម៉េរ៉ា​សុវត្ថិភាព​​របស់​​ក្រុមហ៊ុន​ចិន នៅ​តាម​​ទីតាំង​សំខាន់ៗ

រដ្ឋាភិបាលអង់គ្លេសបានចេញបញ្ជា ប្រាប់ទៅក្រសួងទាំងអស់របស់ខ្លួន ថាត្រូវឈប់ដាក់កាម៉េរ៉ាសុវត្ថិភាព ផលិត​ដោយ​ក្រុមហ៊ុនចិន នៅតាមទីតាំងសំខាន់ៗ។ នេះគឺជាការសម្រេច ដែលត្រូវបាន​ធ្វើ​ឡើង ក្នុងបរិបទ​ដែលរដ្ឋាភិបាលអង់គ្លេស កំពុងចាត់វិធានការ​ខ្លាំងក្លា ចំពោះក្រុមហ៊ុនចិនមួយចំនួន ដែលមានពាក់ព័ន្ធនឹង​ប្រព័ន្ធស៊ើបការណ៍សំងាត់របស់​រដ្ឋាភិបាលចិន​ ហើយដែលអាចជាការគំរាមមកលើសន្តិសុខជាតិ​អង់គ្លេស។

ទង់ជាតិចិន និងកាម៉េរ៉ាសុវត្ថិភាពរបស់​ក្រុមហ៊ុន Hikvision ។ ក្រុងប៉េកាំង ថ្ងៃទី ៨ តុលា ២០១៩
ទង់ជាតិចិន និងកាម៉េរ៉ាសុវត្ថិភាពរបស់​ក្រុមហ៊ុន Hikvision ។ ក្រុងប៉េកាំង ថ្ងៃទី ៨ តុលា ២០១៩ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​អង្គការការពារសិទ្ធិសេរីភាពសាធារណៈ Big Brother Watch គឺស្ថាប័នរដ្ឋរបស់អង់គ្លេសភាគច្រើន ប្រើប្រាស់​កាម៉េរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនចិន២ គឺ Hikivision និង​ Dahua។ កាលពីខែកក្កដាកន្លងទៅ សមាជិកសភាអង់គ្លេសចំនួន​៦៧នាក់ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាលអង់គ្លេស​ ត្រូវតែ​ហាមឃាត់ ការលក់ចែកចាយ និង​ការ​ប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាតាមដានសុវត្ថិភាព ដែលផលិត​ដោយ​ក្រុមហ៊ុនរបស់ចិនទាំង​២​នេះ​ ដែលត្រូវជាប់សង្ស័យថា បានចូលរួមក្នុង​សកម្មភាពរំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីមជាំង។

នៅចំពោះមុខអង្គសភា លោកOliver Dowden រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាអង់គ្លេស បានឆ្លើយតបថា រដ្ឋាភិបាល​មិនអាចទៅហាមឃាត់ក្រុមហ៊ុនចិនទាំងនេះ ដោយងាយ​ងាយ​ និងគ្មានហេតុផលនោះទេ។ តែយ៉ាងណា រដ្ឋាភិបាល​​នឹង​ចេញវិធានការ​ ទប់ស្កាត់ កាត់បន្ថយ កុំឲ្យ​ស្ថាប័នរដ្ឋរបស់អង់គ្លេស​ ប្រើប្រាស់កាម៉េរ៉ាសុវត្ថិភាពផលិតដោយ​ក្រុមហ៊ុនចិន ហើយ​ដែលអាចពាក់ព័ន្ធជាមួយនឹងកាតព្វកិច្ចបែងចែកទិន្នន័យទៅឲ្យ​អាជ្ញាធរចារកិច្ចចិន។​

តំណាងរដ្ឋាភិបាលអង់គ្លេសរូបនេះ បាន​បន្ថែមថា ចាប់ពីពេលនេះទៅ កាម៉េរ៉ាសុវត្ថិភាព​ប្រភេទទាំងនេះ មិនអាចត្រូវ តផ្ជាប់ ជាមួយបណ្តាញរួម​បានទេ​។ លោករដ្ឋមន្ត្រីអះអាងថា​ យោងតាម​ការស៊ើបអង្កេត គឺកាម៉េរ៉ាសុវត្ថិភាព ផលិត​នៅចិនទាំងនេះ​ អាចជា​ការគំរាម​ទៅលើសន្តិសុខជាតិរបស់អង់គ្លេស​​ ព្រោះវាអាចតភ្ជាប់ចូលជ្រៀតទៅក្នុងបណ្តាញ​បច្ចេកវិទ្យា​រួម ហើយដែលត្រូវតែមានវិធានការ​សន្តិសុខបន្ថែម ឲ្យ​បានតឹងតែងបំផុត។​ នៅក្នុងន័យនេះ ក្រសួងទាំងអស់ បានទទួលបានបញ្ជាហើយ ថាត្រូវ​ដូរកាម៉េរ៉ាថ្មី និងត្រូវឈប់ដាក់​កាម៉េរ៉ាចិន​ទៅថ្ងៃខាងមុខទៀត​ នៅពេលណាដែលវាជាផលិតផល​ របស់​ក្រុមហ៊ុនចិន​​ ដែលស្ថិតនៅក្រោមបង្គាប់ច្បាប់សន្តិសុខជាតិរបស់ចិន។​

ឆ្លើយ​តបទៅនឹងការលើកឡើង របស់​លោករដ្ឋមន្ត្រីអង់គ្លេស អ្នកនាំពាក្យ​ Hikivision បាន​ប្រតិកម្មថា ការសន្និដ្ឋានរបស់អាជ្ញាធរអង់គ្លេស ដែលថាក្រុមហ៊ុន Hikivision ជាការគំរាម​ដល់សន្តិសុខជាតិអង់គ្លេស​ គឺជាការភ័ន្តច្រឡំទាំងស្រុង។ អ្នកនាំពាក្យ​រូបនេះ អះអាងថា ជានិច្ចជាកាល ក្រុមហ៊ុនខ្លួនតែងតែបាន​បង្ហាញនូវតម្លាភាពពេញលេញ ទាក់ទិននឹងប្រតិបត្តិការជំនួញ​នៅលើទឹកដីអង់គ្លេស។ អ្នកនាំពាក្យ​ Hikivision បាន​បន្ថែមថា ក្រុមហ៊ុនបានទាក់ទងទៅតំណាងរដ្ឋាភិបាលអង់គ្លេសហើយ ដើម្បី​បំភ្លឺចំពោះការយល់ច្រឡំ និងការវិនិច្ឆ័យ​ខុសទាំងអម្បាលម៉ាណ ស្តីពីសកម្មភាពធ្វើជំនួញរបស់​ក្រុមហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ