អានតួអត្ថបទ

នាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកម៉ាក្រុងក្នុងសំណុំរឿងអ៊ុយក្រែន

លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ដែល​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​អ៊ុយក្រែន​ នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅថ្ងៃអង្គារ ១៣ធ្នូនេះ បាន​គូសបញ្ជាក់ អំពី​ជំហរ​របស់​កម្ពុជា ដែល​ប្រឆាំង​នឹង​​ការណ៍​ដែល​ប្រទេស​មួយ​​រំលោភបំពាន​ទៅលើ​បូរណភាព​ទឹកដី​របស់​ប្រទេស​មួយ​ទៀត ហើយ​បាន​ប្រកាស​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម តាមរយៈ​ការចរចា។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា ក្នុង​សន្និសីទ​អន្តរជាតិ ស្តី​ពីអ៊ុយក្រែន នៅទីក្រុង​ប៉ារីស ថ្ងៃអង្គារ ១៣ធ្នូ ២០២២
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា ក្នុង​សន្និសីទ​អន្តរជាតិ ស្តី​ពីអ៊ុយក្រែន នៅទីក្រុង​ប៉ារីស ថ្ងៃអង្គារ ១៣ធ្នូ ២០២២ AP - Teresa Suarez
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសុន្ទរកថា ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ុយក្រែន​នេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រៀបធៀប​ រវាង​អ្វីដែល​គេ​រៀបចំ​ធ្វើឡើង​នៅ​ប៉ារីស​នៅថ្ងៃ​អង្គារ​នេះ ទៅនឹង​សន្និសីទ​ទីក្រុង​ប៉ារីស កាល​ពី​​ជាង​៣០ឆ្នាំមុន ដែល​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន គេ​មិន​អាច​បញ្ចប់​សង្គ្រាម ដោយ​ធ្វើ​សង្គ្រាម​បានទេ គឺ​ចាំបាច់​ត្រូវតែ​រកដំណោះស្រាយ​តាមរយៈ​ការ​ចរចា​តាមផ្លូវ​នយោបាយ។ នៅ​ក្នុងន័យ​នេះ លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាងមុតមាំ​ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បារាំង និង​ជាពិសេស កិច្ចខិតខំប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង ដែល​យក​ការចរចា ជាអាទិភាព​ខ្ពស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន ដោយ​ឈរលើ​ស្មារតី​យកចិត្ត​ទុកដាក់​​ អំពី​ក្តីកង្វល់ខាងផ្នែក​សន្តិសុខ របស់គ្រប់ភាគី នៅ​ក្នុង​ជម្លោះ។

ការប្រកាសគាំទ្រ​ចំពោះ​លោក​ម៉ាក្រុង ពី​សំណាក់​ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​ផ្លាស់វេន​របស់​អាស៊ាន​ផងនោះ ត្រូវ​បានធ្វើឡើង នៅ​ក្នុងពេល​ដែល​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​សហភាព​អឺរ៉ុប​ជាមួយ​បារាំង ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត តែងតែ​បាន​រិះគន់​​លោក​ម៉ាក្រុង​ថា មាន​ជំហរ​ទន់ជ្រាយ​ចំពោះ​​លោក​ពូទីន។ ជាអាទិ៍ លោក​ម៉ាក្រុង​ត្រូវ​ទទួល​រងនូវការ​រិះគន់ កាល​ពីសប្តាហ៍​កន្លងទៅ ពី​សំណាក់​ប៉ូឡូញ និង​ប្រទេស​នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក ក្រោយ​ពី​លោក​ប្រធានាធិបតី​បារាំង​បាន​លើកឡើង​ថា នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​អ៊ុយក្រែន គេ​ត្រូវ​គិតគូរ​ផងដែរ អំពី​ការធានាសន្តិសុខ​ចំពោះ​រុស្ស៊ី នៅក្រោយ​សង្គ្រាម។

គួរបញ្ជាក់ថា នៅ​ក្នុង​ទីក្រុង​ប៉ារីស ក្រៅពី​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ុយក្រែន លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ក៏​ជួប​ជាល​ក្ខណៈទ្វេភាគី​ផងដែរ​ជាមួយ​លោក​អេម៉ានុយអែល ម៉ាក្រុង នៅ​ឯវិមាន​អេលីសេ។ ជំនួប ដែល​ទទួល​នូវ​ការ​រិះគន់​ ពី​សំណាក់​លោក​សម រង្ស៊ី ដោយ​តាមរយៈ​លិខិត​ចំហ ទៅកាន់​លោក​អេម៉ានុយអែល ម៉ាក្រុង លោក សម រង្ស៊ី បាន​លើកឡើង​ថា ការណ៍​ដែល​លោក​ម៉ាក្រុង​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅពេលនេះ គឺ​ជា​កាយវិការ​មួយ ដែល​ផ្តល់​កិត្តិយស ចំពោះ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ហើយថា វា​គឺ​ជា​កំហុសឆ្គង​ខាង​សីលធម៌​មួយ ប្រសិនបើ​គេ​មើល​ទៅលើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ