អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

បណ្តាញ​ព័ត៌មាន​អាមេរិក​​អះអាងថា អាមេរិក​ត្រៀម​យល់ព្រម​ផ្តល់​មីស៊ីលPatriot ​ឲ្យ​អ៊ុយក្រែន

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានត្រៀមរួចហើយ ក្នុងការឆ្លើយយល់ព្រមផ្តល់​ឲ្យ​អ៊ុយក្រែន នូវ​ប្រព័ន្ធបាញ់មីស៊ីល​ និងគ្រាប់​មីស៊ីល Patriot ដ៏មានប្រសិទ្ធិភាព​របស់ខ្លួន​។ នេះបើផ្អែកតាម​ការចុះផ្សាយ របស់បណ្តាញព័ត៌មានអាមេរិក ដោយស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាល ដែលសុំមិន​បញ្ចេញឈ្មោះ។

Patriot missile defence system ត្រូវគេឃើញនៅ​ព្រលានយន្តហោះ​ Sliac ជិតក្រុង Zvolen ប្រទេសស្លូវ៉ាគី ថ្ងៃទី ៦ ឧសភា ២០២២
Patriot missile defence system ត្រូវគេឃើញនៅ​ព្រលានយន្តហោះ​ Sliac ជិតក្រុង Zvolen ប្រទេសស្លូវ៉ាគី ថ្ងៃទី ៦ ឧសភា ២០២២ REUTERS - RADOVAN STOKLASA
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេលជាច្រើនសប្តាហ៍​មកហើយ ដែលលោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានទទូចស្នើសុំ​ប្រព័ន្ធបាញ់មីស៊ីលទំនើបៗ ពីក្រុមប្រទេសលោកខាងលិច​ ដើម្បីយកទៅទប់ទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ អ៊ុយក្រែនកំពុងតែរងនូវការវាយប្រហារ សឹង​តែ​គ្មានលោះថ្ងៃ ពីសំណាក់រុស្ស៊ី ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ផលិត​​​និងចែកចាយ​​​ថាមពល​អគ្គិសនី។

យោងតាមការចុះផ្សាយ​របស់​បណ្តាញព័ត៌មានCNN គឺភាគីអាមេរិកទំនងជាកំពុងតែត្រៀមខ្លួន​ ប្រគល់ប្រព័ន្ធនិង​គ្រាប់មីស៊ីល Patriot ទៅឲ្យ​អ៊ុយក្រែន​។ កិច្ចព្រមព្រៀងចុងក្រោយ អាននឹងត្រូវបាន​គេប្រកាសជាផ្លូវការ នៅចុងសប្តាហ៍នេះ នៅពេលលោករដ្ឋមន្ត្រីការពារជាតិអាមេរិក​ Lloyd Austin ពិនិត្យ​រួចរាល់ ហើយបញ្ជូនទៅ​កាន់សេតវិមាន​ ដើម្បីសម្រេច។​

សូមបញ្ជាក់ថា មីស៊ីល Patriot របស់អាមេរិក គឺជាប្រភេទមីស៊ីលចំងាយឆ្ងាយ ដែលធ្លាប់ត្រូវបានគេទទួលស្គាល់​ប្រសិទ្ធភាព​ខ្ពស់ កាលពីក្នុងអំឡុងពេល​សង្គ្រាមឈូងសមុទ្រ និងសង្គ្រាមនៅអ៊ីរ៉ាក់។ ប្រព័ន្ធមីស៊ីលនេះ អាចត្រូវដាក់បញ្ឈរនៅ​លើរថយន្តកាមីញ៉ុង ដែលមានបំពាក់ដោយ​ ប្រព័ន្ធរ៉ាដា អាចចាប់រលកសញ្ញាដោយ​ស្វ័យប្រវត្ត ដឹងថាមាន​យន្តហោះ មាន​យានដ្រូន ឬក៏មីស៊ីល​ហោះកាត់ នៅក្នុងបរិវេណ​១០០គីឡូម៉ែត្រជុំវិញ។ គេជឿថា បើអ៊ុយក្រែន មាន​មីស៊ីលដ៏ទំនើបនេះ គឺអាចជួយ​បានច្រើន ដើម្បីយកឈ្នះ​កងទ័ពរុស្ស៊ី។

យ៉ាងណាក៏ដោយ មានចំណុចមិនទាន់ច្បាស់ប្រាកដជាច្រើន ដែល​ទំនងជាធ្វើ​ឲ្យ​សហរដ្​ឋអាមេរិក នៅតែស្ទាក់ស្ទើ មិនទាន់សម្រេចច្បាស់ ក្នុងការ​ប្រគល់ប្រព័ន្ធមីស៊ីល Patriot ទៅឲ្យ​អ៊ុយក្រែន​។ ប្រព័ន្ធមីស៊ីល​នេះ ជាអាវុធដ៏ទំនើបនិងសំខាន់របស់កងទ័ពអាមេរិក ហើយ​ដែលអាចមានន័យថា បើអាមេរិគឲ្យទៅអ៊ុយក្រែន គឺអាមេរិកនឹង​​​ចូលរួម​លូកដៃកាន់តែខ្លាំង តទល់​ជាមួយ​នឹងរុស្ស៊ី នៅក្នុងសង្គ្រាម​នៅអ៊ុយក្រែន។

បន្ថែមពីនេះ ប្រព័ន្ធមីស៊ីល Patriot មានលក្ខណៈស្មុ​គស្មាញខ្លាំង ដែលតម្រូវឲ្យ​មានការបង្វឹកកងទ័ពអ៊ុយក្រែន ឲ្យចេះប្រើប្រាស់វា​​ ដែលអាចត្រូវចំណាយពេលយូរ។ ជាងនេះទៀត កងទ័ពអាមេរិកមាន​ប្រព័ន្ធមីស៊ីល​នេះ មិនច្រើនប៉ុន្មាននោះទេ ព្រោះវាមានតម្លៃថ្លៃ។ ជាងនេះទៀត ប្រព័ន្ធមីស៊ីលPatriot នេះ គឺជាធាតុចាំបាច់មួយរួចទៅហើយ នៅក្នុងប្រព័ន្ធ​ការពារ​យុទ្ធសាស្ត្ររបស់អង្គការអូតង់ នៅព្រំដែន​ខាងកើត ដែលបែរមុខទៅកាន់រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ