អានតួអត្ថបទ

បារាំង៖មានស្លាប់ ១០នាក់ក្នុងនោះមានក្មេង ៥នាក់នៅក្នុងហេតុការណ៍ឆេះអគារនៅខេត្តលីយ៉ុង

នៅ​ក្នុង​ប្រទេស​បារាំង ហេតុការណ៍​ឆាបឆេះ​អគារលំនៅដ្ឋាន​នៅ​ខេត្ត​លីយ៉ុង​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១០នាក់ ក្នុង​នោះ​មាន​កូនក្មេង​ចំនួន ៥នាក់ និង​មាន​អ្នក​របួស​ចំនួន ១៤នាក់។ ក្នុង​ចំណោម​អ្នក​របួស​ទាំង ១៤នាក់ មាន ៤នាក់​កំពុង​ស្ថិត​ក្នុង​ការ​សង្រ្គោះបន្ទាន់។ ឧប្បត្តិវហេតុ​នេះ​បាន​កើត​មាន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១៦ ធ្នូ។ ប៉ូលិស​បាន​បញ្ជាក់​ថា ភ្លើង​ត្រូវ​បាន​ពន្លត់ តែ​គេ​នៅ​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​នៅ​ឡើយ​ទេ។

នៅបារាំង មានស្លាប់ ១០នាក់ក្នុងនោះមានក្មេង ៥នាក់នៅក្នុងហេតុការណ៍ឆេះអគារនៅខេត្តលីយ៉ុង
នៅបារាំង មានស្លាប់ ១០នាក់ក្នុងនោះមានក្មេង ៥នាក់នៅក្នុងហេតុការណ៍ឆេះអគារនៅខេត្តលីយ៉ុង AP - Laurent Cipriani
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង ៣ភ្លឺ​រំលង​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១៦ ធ្នូ​ដែល​ភ្លើង​បាន​ផ្តើម​ឆាបឆេះ​ទៅ​លើ​អគារ​លំនៅដ្ឋាន​មួយ​ដែល​មាន​កម្ពស់ ៧ជាន់។ ប្រភព​អណ្តាតភ្លើង​បាន​ចេញ​ពី​ជាន់​ដី រួច​ឆ្លង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​នៅ​ជាន់​ខាង​លើៗ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​អគារ​នោះ​ជាប់​គាំង​មិន​អាច​ចាក​ចេញ​បាន។ យោង​តាម​ប៉ូលិស មាន​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ជិត ១៧០នាក់​បាន​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លើង​ដោយ​បាន​ធ្វើ​ឲ្យ​គ្នីគ្នា​គេ​ចំនួន ២នាក់​រង​របួស​ស្រាល។ តែ​អគ្គីភ័យ​ដ៏​សាហាវ​មួយ​នេះ​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ១០នាក់ ក្នុង​នោះ​មាន​ក្មេង​ចំនួន ៥នាក់ និង​បណ្តាល​ឲ្យ​របួស​ចំនួន ១៤នាក់ ក្នុង​នោះ​មាន ៤នាក់​កំពុង​ស្ថិត​ក្នុង​ការ​សង្រ្គោះ​បន្ទាន់។

« ជា​រឿង​រន្ធត់ តុល្យការ​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់។ ខ្ញុំ​បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី » នេះ​ជា​សម្តី​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក Gérald Darmanin ដែល​បាន​ថ្លែង​នៅ​មុន​លោក​ទៅ​ដល់​ទីកន្លែង​កើត​ហេតុ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី១៦ ធ្នូ​នេះ។ ចំណែក​អយ្យការ​ខេត្ត​លីយ៉ូង​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​នៃ​ការ​ឆាបឆេះ​នេះ។ តើ​ប្រភព​នៃ​ការ​ឆាបឆេះ​នេះ​បាន​កើត​ចេញ​ពី​ទង្វើ​របស់​មនុស្ស ឬ​មួយ​មក​ពី​មាន​ផ្ទុះខ្សែភ្លើង?។ មាន​តែ​ការ​ស៊ើបអង្កេត​ទេ​ទើប​គេ​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ តែ​ប៉ូលិស​បាន​បញ្ជាក់​រួច​ហើយ គ្មាន​សមត្ថកម្ម​ណា​មួយ​ត្រូវ​បាន​ទាត់​ចោល​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ទេ។

គួរ​បញ្ជាក់​ថា អគារ​ដែល​រង​ការ​ឆាបឆេះ​ស្ថិត​ក្នុង​ស្រុក Vaulx-en-Velin នៃ​ប៉ែក​ឦសាន​ខេត្ត​លីយ៉ុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ