អានតួអត្ថបទ
ប៉ាប-ណូអែល-អ៊ុយក្រែន

សម្តេច​ប៉ាប ថ្លែង​សារ​ជូនពរ​ទៅ​កាន់​ពិភពលោក ដោយឧទ្ទិស​​ពរពិសេស​ជូន​ដល់​អ៊ុយក្រែន

ជា​ប្រពៃណី​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល សម្តេច​ប៉ាប ហ្វ្រង់ស័រ តែង​ថ្លែងសារជូនពរ​ទៅកាន់​ពិភពលោក​ទាំងមូល ពីបុរី​វ៉ាទីកង់ ដែល​មាន​គ្រិស្តនិកជន​ជាច្រើន​ពាន់​នាក់​មក​ជួប​ជុំ​។ សារ​ណូអែលឆ្នាំ​នេះ សម្តេច​ប៉ាប​បាន​ឧទ្ទិសពរ​ជាពិសេស​ដល់​អ៊ុយក្រែន។ ហើយក្នុង​ពិធី​សូត្រ​ឆ្លង​ចូល​ថ្ងៃទី ២៥​ធ្នូ សម្តេច​ប៉ាប​បាន​បរិហារ​អ្នក​ដែល​ចង់​លេប​ប្រទេស​ជិត​ខាង។

សម្តេច​ប៉ាប ថ្លែង​សារ​ជូនពរ​ទៅ​កាន់​ពិភពលោក ក្នុង​ថ្ងៃ​ណូអែល ដោយឧទ្ទិស​​ពរពិសេស​ជូន​ដល់​អ៊ុយក្រែន
សម្តេច​ប៉ាប ថ្លែង​សារ​ជូនពរ​ទៅ​កាន់​ពិភពលោក ក្នុង​ថ្ងៃ​ណូអែល ដោយឧទ្ទិស​​ពរពិសេស​ជូន​ដល់​អ៊ុយក្រែន © Andrew Medichini / AP
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​ឧទ្ទិស​ពរ​សូម​​សន្តិភាព​ សម្តេច​ប៉ាប​ដែល​ចង់​រក្សា​កិច្ចចរចា​ជាមួយ​មូស្គូ ធ្លាប់​បាន​រង​ការ​​រិះគន់ថា​គ្មាន​ជំហរ​ច្បាស់​លាស់​ប្រឆាំង​​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន។​ ​ក្នុង​ពិធី​សូត្រ​ធម៌​ឆ្លង​បុណ្យ​ណូអែល នៅពេល​យប់ និង​នៅ​​ចំពោះ​មុខគ្រិស្តសាសនិកជន​ជាង​៧ពាន់​នាក់ សម្តេចប៉ាប​បាន​​បន់​ព្រះ​ឱ្យ​ជួយ​ដល់​កុមារ​ដែល​រស់​ក្នុង​សង្គ្រាម ក្នុងភាពក្រីក្រ និង​ភាពអយុត្តិធម៌ ព្រមទាំង​បាន​សម្តែង​ការ​សោកស្តាយ នឹង​ភាព​ស្រេក​ឃ្លាន​អំណាច ​​ រហូត​ជំរុញ​ឱ្យ​មនុស្ស​ខ្លះ​ ហ៊ាន​លេប​ត្របាក់​ប្រទេស​ជិត​ខាង ដោយ​ចង់​សំដៅ​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ជម្លោះ​ប្រដាប់​អាវុធ​ផ្សេង​ៗ​ទៀត។

នៅក្នុង​សារ​ជូនពរ​ថ្ងៃ​ណូអែល ដែល​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​ពិភពលោក​ទាំងមូល សម្តេច​ប៉ាប​ហ្វ្រង់ស័រ បានលើក​ឡើង​ច្រើន ជា​ថ្មី​ទៀត ​អំពី​ជម្លោះ​នៅ​អ៊ុយក្រែន​ ដែល​ប្រារព្វជា​លើក​ទីមួយ​បុណ្យណូអែល​ក្រោម​ស្នូរ​សំឡេង​វាយប្រហារ​ឈ្លានពាន​របស់​រុស្ស៊ី​។ សម្តេច​ប៉ាប​ បាន​បរិហារ​សង្គ្រាម​ឆ្កួត​លីលា និង​បាន​អំពាវនាវ​បិទ​បញ្ចប់​ស្នូរអាវុធ។ បើ​តាម​សង្ឃ​ដីកា​របស់​សម្តេច​ប៉ាប គ្រប់​សង្គ្រាម​សុទ្ធ​តែ​បង្ក​ឱ្យ​ភាព​អត់​ឃ្លាន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សម្តេច​សូម​​ទទូច​ឱ្យ​ពិភពលោក​ កុំ​យក​អាហារ​មក​ធ្វើ​អាវុធ​ តែ​ត្រូវ​ប្តេជ្ញា​ធ្វើ​គ្រប់​យ៉ាង​ យក​ចំណីអាហារ​មក​ធ្វើ​ឧបករណ៍​សាង​សន្តិភាព។

សូម​បញ្ជាក់​ថា​ក្នុង​ខណៈ​ដែល​ពលរដ្ឋ​កាន់​សាសនាគ្រិស្ត​កំពុង​ប្រារព្វ​ពិធី​បុណ្យ​កំណើត​ព្រះ​យេស៊ូ សង្ឃកាតូលិក​ប៉ូឡូញ​បាន​ធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន​ជួប​សង្គ្រាម។ ចំណែក​ពលរដ្ឋ​អ៊ុយក្រែន ដែល​មាន​ទម្លាប់​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី ៧​មករា ភាគ​ច្រើន​បាន​ងាក​មក​ប្រារព្វ​នៅថ្ងៃទី ២៥​ធ្នូ​វិញ ដើម្បី​ដក​ខ្លួន​ឱ្យ​កាន់​តែ​ឆ្ងាយ​ពី ​រុស្ស៊ី ដែល​មាន​ប្រពៃណី​​សាសនា​កាតូលិក​និកាយ​អ័កតូដុកដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ