អានតួអត្ថបទ
អ៊ីរ៉ង់-សិទ្ធិសេរីភាព

បារាំង​៖ បុរសជនជាតិអ៊ីរ៉ង់ម្នាក់ សម្លាប់ខ្លួនដើម្បីពញ្ញាក់​មតិមហាជន អំពី​ទុក្ខលំបាក​របស់​ប្រជាជន​អ៊ីរ៉ង់

បុរសជនជាតិអ៊ីរ៉ង់ម្នាក់ ឈ្មោះ Mohammad Moradi អាយុ៣៨ឆ្នាំ បានសម្រេចចិត្តសម្លាប់ខ្លួន ដោយ​លោតពីលើស្ពាន​ នៅទីក្រុង​លីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃអង្គារទី២៧ធ្នូ ដើម្បី​ដាស់ពញ្ញាក់ស្មារតី​ពិភពលោកទាំងមូល ឲ្យ​ដឹងអំពីទុក្ខលំបាក របស់ប្រជាជនអ៊ីរ៉ង់។​ មុននឹងសម្លាប់ខ្លួន បុរសជនជាតិ​អ៊ីរ៉ង់នេះ បាន​ថតវីដេអូមួយ ផ្សាយតាមបណ្ដាញ​សង្គម ដែលក្នុងវីដេអូនេះ លោក​បាន​លើកឡើងថា លោកមិនអាចទ្រាំរស់ យក​សុខតែម្នាក់ឯងនោះឡើយ​ ខណៈដែល​យុវជនក៏ដូចជាប្រជាជនអ៊ីរ៉ង់នៅក្នុងស្រុកឯណោះ​ ត្រូវ​សមត្ថកិច្ចបង្ក្រាប វាយដំ បាញ់សម្លាប់ជារៀងរាល់ថ្ងៃ។

មនុស្សម្នាយក​ទៀន និង​បាច់​ផ្កា មកគោរពវិញ្ញាក្ខន្ធ លោក Mohammad Moradi ដែល​លោត​សម្លាប់ខ្លួន​ក្នុងទន្លេ Rhône ដើ់ម្បី​ពញ្ញាក់ស្មារតី​មតិ​មហាជន ឲ្យ​ចូលរួមឈឺឆ្អាល និងគាំទ្រ ចំពោះ​ចលនាបាតុកម្មរបស់​ប្រជាជន​អ៊ីរ៉ង់ ដែលប្រឹងប្រែងរើបម្រាស់ ពីរបបអ៊ីស្លាមផ្តាច់ការ​។ លីយ៉ុង ថ្ងៃទី ២៧ធ្នូ ២០២២
មនុស្សម្នាយក​ទៀន និង​បាច់​ផ្កា មកគោរពវិញ្ញាក្ខន្ធ លោក Mohammad Moradi ដែល​លោត​សម្លាប់ខ្លួន​ក្នុងទន្លេ Rhône ដើ់ម្បី​ពញ្ញាក់ស្មារតី​មតិ​មហាជន ឲ្យ​ចូលរួមឈឺឆ្អាល និងគាំទ្រ ចំពោះ​ចលនាបាតុកម្មរបស់​ប្រជាជន​អ៊ីរ៉ង់ ដែលប្រឹងប្រែងរើបម្រាស់ ពីរបបអ៊ីស្លាមផ្តាច់ការ​។ លីយ៉ុង ថ្ងៃទី ២៧ធ្នូ ២០២២ AFP - JEFF PACHOUD
ផ្សាយពាណិជ្ជកម្ម

“នៅពេលដែលអ្នកបាន​មើលវីដេអូនេះ គឺខ្ញុំបាន​ស្លាប់ចាក​លោកនេះទៅហើយ។ ខ្ញុំ​បានសម្រេចចិត្ត​សម្លាប់ខ្លួន ដើម្បីផ្ញើសារ ប្រាប់ទៅពិភពលោកទាំងមូលថា ប្រជាជនអ៊ីរ៉ង់មានទុក្ខលំបាក​ខ្លាំងណាស់ ក្នុងពេលបច្ចុប្បន្ន​នេះ ដោយសារ​តែរបបដឹកនាំផ្តាច់ការ​ដ៏កាចសាហាវ” ។ នេះគឺសំដី​ថ្លែងក្នុងវីដេអូ ដែល​លោក Mohammad Moradi បានថតទុក នៅមុនពេល​លោតចូលទន្លេRhône ពីលើស្ពាន​មួយនៅទីក្រុងលីយ៉ុង។ សាកសពលោក ត្រូវបាន​ក្រុម​សង្គ្រោះ​ស្រង់​យក​បាន​ កាលពីល្ងាចថ្ងៃទី​២៧ធ្នូ។

ក្នុង​វីដេអូ ដែល​ផ្សាយ​លើ​ទំព័រ Instagram របស់​លោក ​លោក​​បាន​លើកឡើងថា យើងត្រូវតែ​ធ្វើអ្វីម្យ៉ាង ព្រោះ​​សមត្ថកិច្ច​​អ៊ីរ៉ង់ វាយ​ប្រហារ ​សម្លាប់យុវជនអ៊ីរ៉ង់ជារៀងរាល់ថ្ងៃ។ តាមរយៈការសម្លាប់ខ្លួននេះ លោកសូម​អំពាវនាវ ឲ្យ​ពិភពលោកចូលរួមគាំទ្រ ដល់​ចលនាបាតុកម្មដ៏ក្លាហានរបស់យុវជនអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងរបបផ្តាច់ការអ៊ីស្លាម​។​

សូមបញ្ជាក់ថា លោក​ Mohammad Moradi ជាជនអ៊ីរ៉ង់ អាយុ៣៨ឆ្នាំ បានមករស់នៅ​លើទឹកដីបារាំង ៣ឆ្នាំមកហើយ​ ជាមួយ​ប្រពន្ធនឹងកូន។ មានការងារជាអ្នកបម្រើក្នុងភោជនីយដ្ឋានមួយ លោកក៏គឺជានិស្សិតថ្នាក់បរិញ្ញាប័ត្រប្រវត្តិសាស្ត្រក្នុងសកលវិទ្យាល័យ​មួយ​នៅទីក្រុងលីយ៉ុង។

លោក Mohammad Moradi ថតសារវីដេអូផ្សព្វផ្សាយ​តាមបណ្ដាញសង្គម ប្រាប់ថាលោក​នឹងសម្លាប់ខ្លួន ដើម្បីពញ្ញាក់​ស្មារតី​មហាជនឲ្យ​ជួយ​ឈឺឆ្អាល អំពី​ទុក្ខលំបាករបស់ពលរដ្ឋអ៊ីរ៉ង់ ដែលរស់នៅ​ក្នុងរបប​កៀប​សង្កត់​​ផ្តាច់ការ​អ៊ីស្លាមអ៊ីរ៉ង់​។
លោក Mohammad Moradi ថតសារវីដេអូផ្សព្វផ្សាយ​តាមបណ្ដាញសង្គម ប្រាប់ថាលោក​នឹងសម្លាប់ខ្លួន ដើម្បីពញ្ញាក់​ស្មារតី​មហាជនឲ្យ​ជួយ​ឈឺឆ្អាល អំពី​ទុក្ខលំបាករបស់ពលរដ្ឋអ៊ីរ៉ង់ ដែលរស់នៅ​ក្នុងរបប​កៀប​សង្កត់​​ផ្តាច់ការ​អ៊ីស្លាមអ៊ីរ៉ង់​។ © INSTAGRAM / @DONAMIGOO / AFP

គួរកត់សំគាល់ថា សហគមន៍ជនជាតិអ៊ីរ៉ង់ ដែល​រស់នៅប្រទេសបារាំង បានសម្តែង​​​នូវក្តី​តក់ស្លុត លាយ​ឡំនឹង​ការកោតសរសើរបំផុត ចំពោះការតាំងចិត្តដ៏ក្លាហាន ហ៊ាន​ពលីជីវិត​របស់​លោក Mohammad Moradi។ ក្រោយ​ដំណឹងធ្វើអត្តឃាតនេះ មនុស្ស​ម្នា​បាន​មកជួបជុំគ្នា ដាក់បាច់ផ្កា និង​អុជទៀន នៅ​លើស្ពាន Gallieni ទីដែល​លោក​ Mohammad Moradi បាន​លោតទឹក​សម្លាប់ខ្លួន​។

លោក Thomothé Amini តំណាងសហគមន៍អ៊ីរ៉ង់ម្នាក់បានថ្លែងថា កន្លងមកបណ្តាញព័ត៌មានមិនសូវជាបានខ្វល់ខ្វាយ ផ្សព្វផ្សាយអំពី​ចលនាបាតុកម្មរបស់ប្រជាជនអ៊ីរ៉ង់ទេ ដោយ​ផ្តោតការយកចិត្តទុកដាក់តែទៅលើ​សង្រ្គាម​នៅ​អ៊ុយក្រែន។​ ស្ត្រីអ៊ីរ៉ង់ម្នាក់ទៀត ឈ្មោះ Lili Mohadjer បាន​លើកឡើងថា ខ្លួន​សង្ឃឹមថា ទង្វើដ៏ក្លាហានរបស់​លោក Mohammad Moradi នឹងអាចជួយជំរុញឲ្យ​បណ្តាញ​ព័ត៌មាន ក៏ដូចជាជារដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ ចូលរួមឈឺឆ្អាល គាំទ្រ ចំពោះចលនា​បដិវត្ត ដែល​ប្រជាជនអ៊ីរ៉ង់កំពុងតែធ្វើ​នាពេលនេះ​ ​ដើម្បី​ផ្តួលរំលំរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់​។

សូម​បញ្ជាក់ថា ប្រមាណ​ជាង​៣ខែនៃចលនាបាតុកម្មនៅអ៊ីរ៉ង់ គឺមានបាតុករចំនួន​យ៉ាងហោច ៤៧៦នាក់ ត្រូវបាន​សមត្ថកិច្ចអ៊ីរ៉ង់សម្លាប់​​។ ចលនាបាតុកម្ម ដែលនៅតែមានសន្ទុះខ្លាំងក្លាទូទាំងប្រទេស រហូតមកទល់ពេលនេះ បើទោះបីរបបផ្តាច់ការអ៊ីរ៉ង់ បាន​កាត់ទោសប្រហារជីវិតបាតករជាច្រើន​នាក់​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ