អានតួអត្ថបទ

នាយករដ្ឋមន្រ្តីស៊ុយអែតចង់បំពាក់ម៉ាស៊ីនប្រតិករបារាំងសម្រាប់វិស័យនុយក្លេអ៊ែរស៊ីវិល

នាយករដ្ឋមន្រ្តី​ស៊ុយអែត​លោក​អ៊ូហ្វ គ្រីស្ទ័រសុន​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​នា​ថ្ងៃ​អង្គារ ទី៣ មករា។ នេះ​ជា​ទស្សនកិច្ច​លើកទី១ នៅ​ក្នុង​ទឹក​អឺរ៉ុប​តាំង​ពី​លោក​គ្រីស្ទ័រសុន​ឡើង​កាន់​តំណែង​ប្រធាន​ប្តូរវេន​សហភាព​អឺរ៉ុប​ក្នុង​ថ្ងៃទី១ មករា ឆ្នាំ ២០២៣ សម្រាប់​រយៈពេល ៦ខែ។ លោក​គ្រីស្ទ័រសុន​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​ក្នុវ​វិមាន​អេលីហ្សេ និង​ដែល​នា​ឱកាស​នោះ លោក​គ្រីស្ទ័រសុន និង​លោក​ម៉ាក្រុង​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ​ទ្វេភាគី​បារាំង ស៊ុយអែត​ដែរ។

នាយករដ្ឋមន្រ្តី​ស៊ុយអែត​លោក​អ៊ូហ្វ គ្រីស្ទ័រសុន (រូបឆ្វេង) និងប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង ថ្ងៃទី៣ មករា ឆ្នាំ ២០២៣នៅ​វិមានអេលីហ្សេ។
នាយករដ្ឋមន្រ្តី​ស៊ុយអែត​លោក​អ៊ូហ្វ គ្រីស្ទ័រសុន (រូបឆ្វេង) និងប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង ថ្ងៃទី៣ មករា ឆ្នាំ ២០២៣នៅ​វិមានអេលីហ្សេ។ AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

កិច្ចសហប្រតិបត្តិ និង​ភាព​ជា​ដៃគូ​ជាមួយ​បារាំង​ដែល​នាយករដ្ឋមន្រ្តី​ស៊ុយអែត​លោក​អ៊ូហ្វ គ្រីស្ទ័រសុន​ចង់​បាន​ខ្លាំង​ជាង​គេ គឺ​វិស័យ​ថាមនុយក្លេអ៊ែរ​ស៊ីវិល។ នៅ​ក្នុង​ន័យ​នេះ លោក​គ្រីស្ទ័រសុន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ថា រដ្ឋាភិបាល​ថ្មី​ស៊ុយអែត​ត្រូវ​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មី​ទៀត​ជាមួយ​នឹង​ការ​ទិញ​បន្ថែម​នូវ​ម៉ាស៊ីនប្រតិករ​ចំនួន​ពីរ​គ្រឿង ហើយ​ស៊ុយអែត​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​បច្ចេកវិទ្យានុយក្លេអ៊ែរ​របស់​បារាំង។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ ស៊ុយអែត​មាន​ម៉ាស៊ីនប្រតិករ​ចំនួន ៦គ្រឿង​កំពុង​ដំណើរការ​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន ៣កន្លែង​ខុស​គ្នា។ ចំណែក​ម៉ាស៊ីនប្រតិករ​ជា​ច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ឈប់​តាំង​ពី​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ។

ក្រៅ​ពី​វិស័យ​ថាមពល​នុយក្លេអ៊ែរ នាយករដ្ឋមន្ត្រី​ស៊ុយអែត​ក៏​បាន​បង្ហាញ​ឆន្ទៈ​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បារាំង​នៅ​ក្នុង​វិស័យ​ការពារ និង​វិស័យ​អវកាស។ ទាក់ទង​នឹង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​ជិត ១ឆ្នាំ លោក​គ្រីស្ទ័រសុន និង​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហភាពអឺរ៉ុប​ក្នុង​ការ​បន្ត​គាំទ្រ​អ៊ុយក្រែន។ សម្រាប់​លោក​ម៉ាក្រុង ពលរដ្ឋ​អ៊ុយក្រែន​ត្រូវ​ការ​ការ​គាំទ្រ​របស់​សហភាពអឺរ៉ុប​ជាង​ពេល​ណាៗ​ទាំង​អស់ និង​ថា ជ័យជំនះ​របស់​អ៊ុយក្រែន​ជា​អត្ថិភាព​សម្រាប់​អឺរ៉ុប និង​ពិភពលោក​ទាំង​មូល។

ដោយឡែក ប្រធានាធិបតី​បារាំង​មិន​ភ្លេច​និយាយ​ជា​ថ្មី​ពី​ឆន្ទៈ​របស់​លោក​ដែល​ចង់​ឃើញ​ប្រទេស​ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​អូតង់​នា​ពេល​ឆាប់ៗ​ដែល​អាច​ធ្វើ​ទៅ​បាន។ ត្រង់​ចំណុច​នេះ លោក​ម៉ាក្រុង​បាន​ប្រាប់​លោក​គ្រីស្ទ័រសុន​ពី​សាមគ្គីភាព និង​ការ​គាំទ្រ​របស់​បារាំង។ គួរ​បញ្ជាក់​ថា ការ​សុំ​ចូល​ជា​សមាជិក​អូតង់​របស់​ស៊ុយអែត និង​ហ្វាំងឡង់​កំពុង​រារាំង​ដោយ​ប្រទេស​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ