អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ពលរដ្ឋ​រុស្ស៊ីកាន់ទុក្ខ និងសម្តែង​ក្តីក្រេវក្រោធ ចំពោះការស្លាប់ទាហានរុស្ស៊ី​រាប់សិបនាក់​នៅអ៊ុយក្រែន

ថ្ងៃអង្គារ ទី​៣មករា ប្រជាជន​រុស្ស៊ីបាន​ជួប​ជុំគ្នា​​ដើម្បីដាក់​ផ្ការំលឹកវិញ្ញាណក្ខន្ធ អមដោយ​សំនៀងបន់ស្រន់ ដើម្បី​ផ្តល់​កិត្តិយសដល់យោធាខ្លួន ដែល​បាន​ស្លាប់នៅតំបន់ខាងកើតអ៊ុយក្រែន ក្រោមការវាយ​ប្រហារ​នៃកងទ័ពអ៊ុយក្រែន​។ ក្តីរន្ធត់នេះ បានបញ្ឆេះជា រលកទិតៀន ទល់នឹងកងទ័ពជាតិ​រុស្ស៊ី​តែម្តង ថាមានការធ្វេសប្រហែស។ យោងតាម​តួលេខចុងក្រោយ​ ទទួលស្គាល់ដោយ​ក្រសួងការពារជាតិរុស្ស៊ី គឺមានទាហានរុស្ស៊ីថ្មីថ្មោងទើបតែត្រូវបាន​កេណ្ឌទៅ ចំនួន​យ៉ាងហោច ៨៩នាក់​ បានស្លាប់​ដោយ​ការបាញ់ប្លោងមីស៊ីលរបស់អ៊ុយក្រែន ចំពីលើ​បន្ទាយ​នៅជាយ​ក្រុង Makiyivka។

បុគ្គលិកសំអាតទឹកកកតាម​ផ្លូវ សំឡឹងមើល​ផ្ទាំងបដា រូបទាហានរុស្ស៊ី ដែលទទួលបាន​មេដាយវិរៈភាព ក្នុងសង្គ្រាម​នៅអ៊ុយក្រែន អមដោយ​ឃ្លា​សរសេរថា ៖ ជ័យោវីរៈជន​នៃជាតិរុស្ស៊ី។ ក្រុងសាំងប៉េតេសបួរ ថ្ងៃទី ៣មករា ២០២៣
បុគ្គលិកសំអាតទឹកកកតាម​ផ្លូវ សំឡឹងមើល​ផ្ទាំងបដា រូបទាហានរុស្ស៊ី ដែលទទួលបាន​មេដាយវិរៈភាព ក្នុងសង្គ្រាម​នៅអ៊ុយក្រែន អមដោយ​ឃ្លា​សរសេរថា ៖ ជ័យោវីរៈជន​នៃជាតិរុស្ស៊ី។ ក្រុងសាំងប៉េតេសបួរ ថ្ងៃទី ៣មករា ២០២៣ AP - Dmitri Lovetsky
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ខុសពីទម្លាប់នៅរុស្ស៊ី ព្រោះ​រដ្ឋអំណាចមិនសូវបញ្ចេញឲ្យដឹងទេ នូវ​ចំនួនយោធាខ្លួន ស្លាប់​បាត់បង់ជីវិត​ នៅអ៊ុយក្រែន។ ដោយមានសេចក្តីអនុញ្ញាតពី​អាជ្ញាធរ អ្នកស្រុកប្រមាណ ២០០នាក់ បានជួបជុំគ្នា នៅក្រុង Samara  ភាគកណ្តាលប្រទេស ដែលទាហានខ្លះស្លាប់ទៅនោះ មានដើមកំណើត ពីទី​ក្រុងនេះឯង ។

អ្នកស្រុកនាំគ្នាដាក់ផ្កា បាច់ផ្កា កម្រងផ្កា នៅពីមុខ បូជនីយដ្ឋានមានអគ្គីឆេះជាប់មិនចេះរលត់ទេ នៅលើទីលានមួយដ៏សំខាន់របស់ក្រុង មុននឹងឱនលំទោនកាយសំដែងការគោរព ឫខ្វែងលើដើមទ្រូង នូវសញ្ញាជាឈើឆ្កាង តាមគ្រិស្តសាសនាអ័រថូដុក្ស។​ នេះបើតាមបទយកការណ៍ អ្នកឆ្លើយឆ្លង AFP។

បព្វជិតអ័រថូដុក្ស បានសូត្រធម៌ បន្ទាប់មកទាហានមួយក្រុម បានបាញ់គ្រាប់កាំភ្លើង​ទៅលើ​អាកាស សំដែងគារវកិច្ច​។ តាមប្រព័ន្ធផ្សព្វផ្សាយនៅផ្ទាល់កន្លែង ការជួបជុំបែបនេះ ក៏បានប្រព្រឹត្តទៅ នៅតាមក្រុងឯទៀតនៃតំបន់ បែបយ៉ាង នៅក្រុង Toliatti និង Syzrian ។

កាលពីថ្ងៃចន្ទ ទី​២មករា​ ក្រសួងការពារជាតិរុស្ស៊ី  បានថ្លែងទទួលស្គាល់ដោយ​កម្រ ​ជាផ្លូវការថា ទាហានខ្លួនចំនួន​៦៣នាក់ ត្រូវបាន​ផ្ចាញ់​ស្លាប់​ទៅ ដោយការ​វាយប្រហារ​ពីខាង​កងទ័ព​អ៊ុយក្រែន ក្នុង​យប់​ឆ្លងចូល​ឆ្នាំថ្មី។ ករណីនេះវាយ​ប្រហារនេះ​ បាន​កើតឡើងទៅលើ​​អគារបន្ទាយ​ស្នាក់នៅ ក្នុងក្រុង Makiyivka ក្រុងដែលកាន់កាប់ដោយរុស្ស៊ី នៅតំបន់ Donetsk ភ្ជាប់យកទៅហើយដោយម៉ូស្គូ។ ចំណែក ក្រុងគៀវ អះអាងថា ចំនួន​យោធា​រុស្ស៊ី​ស្លាប់នោះ គឺ ច្រើន​ជាង​នេះឆ្ងាយ។

ការបាត់បង់នេះ ជាការបាត់បង់សែនធ្ងន់ រងទទួលដោយម៉ូស្គូ តែក្នុងមួយលើក គិតតាំងពីខែកុម្ភៈមក ពេលដែលរុស្ស៊បានចាប់ផ្តើម វាយលុកចូលអ៊ុយក្រែន ទាល់តែបង្កើតឡើងជាបរិយាកាស​រន្ធត់ ម៉្លោះហើយបានជាពួកជាតិនិយមរុស្ស៊ី ទោះបីគាំទ្រដល់ប្រតិបត្តិការវាយលុកនោះក្តី ក៏នាំគ្នាជម្រុះ ការទិទៀនគ្មានប្រណី។

បរិយាកាសរំជួលចិត្ត បណ្តាលមកពីការបាត់បង់នេះ គឺជាព្រនង់ថ្មីសំពងលើវិមានក្រេមឡាំង ក្រោយពីមានការវាយបកវិញ ពីខាងកងទ័ពក្រុងគៀវ កាលពីខៃកញ្ញា។ ការទិទៀននេះ កាន់តែឡើងកំដៅទៅទៀត ក្រោយពីដឹងថា ពួកទាហានស្លាប់ទៅនោះ គឺជាទាហានថ្មីថ្មោង​ ទើបត្រូវបានកងទ័ព​កេណ្ឌយកទៅ​ ប៉ុន្មានខែមុនសោះ។

ទោះបីកន្លងផុត ៣ថ្ងៃទៅហើយក្តី ក៏ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅតែមិនទាន់បញ្ចេញ ប្រតិកម្មអ្វីណា ចំពោះ ការវាយប្រហារពីខាងកងទ័ពក្រុងគៀវ លើក្រុង Makiivka ។ ដំណឹងស្តីពីការវាយប្រហារនេះ ត្រូវបានប្រកាស​នៅចំសប្តាហ៍បុណ្យណូអ៊ែលអ័រថូដុក្ស  ដែលតាមប្រពៃណី ជាបុណ្យរីករាយណាស់ សម្រាប់ពលរដ្ឋរុស្ស៊ី ដែល​រមែងជួបជុំ​គ្នាក្នុងរង្វង់គ្រួសារ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ