អានតួអត្ថបទ
ប្រែប្រួលអាកាសធាតុ-ផ្ទាំងទឹកកក

ការសិក្សា៖ ផ្ទាំងទឹកកកពាក់កណ្តាល​នៅក្នុងពិភពលោក​នឹង​រលាយអស់ នៅ​ចុងសតវត្សរ៍

នៅរដូវត្រជាក់ សីតុណ្ហភាព​កើនឡើងខុសប្រក្រតី ​ដល់​២៥​អង្សានៅ​តាម​តំបន់ខ្លះ​របស់​ប្រទេសបារាំង។ ​ស្ថានីយ៍ជិះស្គី​​រាប់រយកន្លែងនៅទឹកដី​អឺរ៉ុប​​ត្រូវ​បិទទ្វារ ដោយសារ​តែគ្មានទឹកកក។ ​ទឡ្ហីករណ៍មួយទៀតនៃការប្រែប្រួល​អាកាសធាតុ ត្រូវបាន​ទស្សនាវដ្តី ដ៏ល្បីល្បាញ Scienceចុះផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ ដែលនៅក្នុងនោះ អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ថា ផ្ទាំងទឹកកក​ពាក់កណ្តាល​នៅក្នុង​ពិភពលោក​នឹង​រលាយអស់គ្មាន​សល់ នៅ​ចុងសតវត្សរ៍ ទី​២១​នេះ។

រូបភាពផ្កាយរណប​របស់​ណាសា បង្ហាញភ្នំទឹកកក​ Okjokull នៅ​អ៊ីស្លង់ នៅ​ឆ្នាំ១៩៨៦ (ឆ្វេង) និង​រូប​ភ្នំទឹកកកដដែល (ស្តាំ) នៅ​ឆ្នាំ ២០១៩
រូបភាពផ្កាយរណប​របស់​ណាសា បង្ហាញភ្នំទឹកកក​ Okjokull នៅ​អ៊ីស្លង់ នៅ​ឆ្នាំ១៩៨៦ (ឆ្វេង) និង​រូប​ភ្នំទឹកកកដដែល (ស្តាំ) នៅ​ឆ្នាំ ២០១៩ AP
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​ថ្មី​របស់​អ្នកវិទ្យាសាស្រ្ត​ផ្តោតសំខាន់ទៅលើ​​អនាគត​ផ្ទាំងទឹកកក​ជាង ២សែន (២១៥០០០) នៅក្នុង​ពិភពលោក ដែលត្រូវ​ប្រឈម​នឹងការរលាយ​បាត់មុខ ដោយសារ​ការឡើងកំដៅផែនដី ការប្រែប្រួលអាកាសធាតុ។

លក្ខណៈពិសេស​នៃ​ការសិក្សា​ស្រាវជ្រាវខាងលើ គឺ​ការលម្អិតពី​ផលប៉ះពាល់​ក្នុងកម្រិត​ផ្សេងៗគ្នា អាស្រ័យទៅលើ​ការឡើងកំដៅ​ផែនដី។ ឧទាហរណ៍ ក្នុងករណី​ផែនដី​ឡើង​កំដៅ១,៥អង្សា តាមការកំណត់​ចែង​នៅក្នុងកិច្ចព្រមព្រៀង​ប៉ារីស​ស្តីពីអាកាសធាតុឆ្នាំ ២០១៥ នោះ ពាក់កណ្តាល​នៃ​ផ្ទាំងទឹកកក​ក្នុងពិភពលោក​នឹង​ត្រូវ​រលាយអស់ទាំងស្រុងគ្មានសល់ ពីពេលនេះ ដល់ចុងសតវត្សរ៍ (ឆ្នាំ ២១០០)។ តាមការសិក្សា​របស់​អ្នកវិទ្យាសាស្រ្ត ផែនដីឡើងកំដៅ​១,៥អង្សា នឹង​គំរាមកំហែង​​កូនភ្នំទឹកកក​តូចៗមុនគេ។ ជាក់ស្តែង ភ្នំទឹកកក​Alpes និង​តំបន់​ទឹកកក ​នៅ​អឺរ៉ុបកណ្តាល នៅ​ភាគខាងលិចអាមេរិក នៅ​នូវែលសេឡង់ ជាដើម​នឹង​រលាយអស់ទាំងស្រុង គ្មានថ្ងៃ​វិលត្រលប់។

នៅក្នុងការសិក្សាចុះផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ អ្នកវិទ្យាសាស្រ្ត​បាន​ព្យាករផងដែរ​ពីសេណារីយ៉ូដ៏អាក្រក់​នៅក្នុងករណី​ដែលផែនដី​ឡើងកំដៅ​៤អង្សាបន្ថែមទៀត។ នៅពេលនោះតំបន់​ទឹកកកក្រាស់ឃ្មឹក​នៅប៉ូលខាងជើងដូចជា Alaska នឹង​រលាយ​បាត់ទឹកកក​អស់៨៣%។ ​

ផែនដីឡើង​កំដៅ ១,៥អង្សា ការរលាយភ្នំទឹកកកនឹងចូលរួមធ្វើឲ្យ​កំពស់ទឹកសមុទ្រ​កើនឡើង​៩សង់ទីម៉ែត្រ។ ជាមួយការឡើងកំដៅ​៤អង្សារ ផ្ទាំងទឹកកករលាយ​នឹងធ្វើ​ឲ្យកំពស់ទឹកសមុទ្រ​កើនឡើង១៥សង់ទីម៉ែត្របន្ថែមទៀត។

សម្រាប់ Regine Hoke សាស្រ្តាចារ្យនៅ​សកលវិទ្យាល័យ អូស្លូ ប្រទេស​ស៊ុយអែត ​ដែលចូលរួម​និពន្ធនៅក្នុង​ការសិក្សា​ខាងលើ កំពស់ទឹកសមុទ្រកើនឡើង​គឺជាក្តីបារម្ភ​ខ្លាំង ព្រោះ វា​អាច​ទៅបង្ក​ជាគ្រោះទឹកជំនន់ បង្កការខូចខាតធ្ងន់ធ្ងរ នៅរាល់ពេល​មាន​ខ្យល់ព្យុះ។

ការរលាយភ្នំទឹកកកមិនត្រឹម​បណ្តាល​ឲ្យកំពស់ទឹកសមុទ្រ​កើនឡើង​ ដែលអាច​គំរាមកំហែង​ជីវិត​មនុស្ស​នៅតាមទីក្រុង​ជាប់សមុទ្រ ប៉ុន្តែ​វា​គំរាមកំហែង​ផងដែរ​ប្រភពទឹក​នៅក្នុងពិភពលោក។ គួរបញ្ជាក់ថា ផ្ទាំងទឹកកកដែលប្រឈម​នឹង​ការលាយអស់​នៅ​ចុងសតវត្សរ៍ ជា​អាង​ប្រភពទឹក​ប្រើប្រាស់​របស់​ប្រជាជន​ជាង​២ពាន់លាននាក់ នៅរដូវក្តៅ។

ទោះប្រឈម​នឹងការ​រលាយផ្ទាំងទឹកកក ប៉ុន្តែ អ្នកវិទ្យាសាស្រ្ត​មិនអស់សង្ឃឹម។ អ្នកនិពន្ធ​ការស្រាវជ្រាវ​ខាងលើ​នៅតែ​ជឿជាក់ថា គេអាច​ស្រោចស្រង់ស្ថានការណ៍បានខ្លះ នៅពេល​មនុស្សជាតិ​​ ជាពិសេស​អ្នកនយោបាយ​បង្កើន​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ដែលជា​ប្រភពនៃការឡើងកំដៅផែនដី ដែលជាដើមហេតុ​នៃការរលាយផ្ទាំងទឹកកក៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ