អានតួអត្ថបទ
បារាំង

ផ្អើលស្ថានីយ៍​រថភ្លើង​ខាងជើង​ក្រុង​បារីស ដោយ​​ជន​ដៃដល់​ប្រើ​អាវុធ​​មុតស្រួច ចាក់​របួស​មនុស្ស​​​៦នាក់

នៅទីក្រុងប៉ារីស មានហេតុការណ៍ចាក់មនុស្សឲ្យ​របួសមួយ​ បានកើតឡើង នៅព្រឹកថ្ងៃពុធនេះ នៅឯស្ថានីយ៍រថភ្លើងខាងជើង ដែលជាស្ថានីយ៍​មានអ្នកដំណើរច្រើនជាងគេបង្អស់ទូទាំងអឺរ៉ុប។ យោងតាមសមត្ថកិច្ចបារាំង ជនដៃដល់បាន​ប្រើ​អាវុធមុខស្រួច ចាក់អ្នកដំណើរឲ្យ​របួសយ៉ាងហោច៦នាក់ មុននឹងត្រូវបាន​នរគបាលបង្ក្រាបចាប់ខ្លួនបាន​នៅនឹងកន្លែង​។ គិតត្រឹមពេល​នេះ គេ​មិនទាន់ដឹងអំពី​មូលហេតុពិតប្រាកដ ដែលរុញច្រានជនដៃដល់ ឲ្យធ្វើអំពើនេះ​ទេ​។​

សមត្ថកិច្ចនគរបាល​បារាំង ឈរការពារសន្តិសុខ ​នៅកន្លែងកើតហេតុចាក់មនុស្ស​ឲ្យរបួស នៅស្ថានីយ៍រថភ្លើង Gare du Nord ទីក្រុងប៉ារីស ព្រឹកថ្ងៃទី១១ មករា ២០២៣
សមត្ថកិច្ចនគរបាល​បារាំង ឈរការពារសន្តិសុខ ​នៅកន្លែងកើតហេតុចាក់មនុស្ស​ឲ្យរបួស នៅស្ថានីយ៍រថភ្លើង Gare du Nord ទីក្រុងប៉ារីស ព្រឹកថ្ងៃទី១១ មករា ២០២៣ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បានកើតឡើងនៅវេលាម៉ោង ប្រមាណ៦និង​៤៥នាទី ព្រឹកថ្ងៃពុធ ទី១១មករា ជាពេលដែល​អ្នកដំណើរចាប់​ផ្តើម​កកកុញ នៅស្ថានីយ៍​រថភ្លើង Gare du Nord ខាងជើងក្រុងប៉ារីស។ យោងតាមប្រភពពី​​នគរបាល​បារាំង ជនដៃដល់ ភេទប្រុស បានប្រើ​ឧបករណ៍​មុតស្រួច ចាក់មនុស្ស​ឲ្យ​របួស ចំនួនយ៉ាងហោច៦នាក់ ដែលក្នុងនោះមាន១នាក់ បានរងរបួសធ្ងន់ធ្ងរ។ គិតត្រឹម​វេលាថ្ងៃត្រង់​ សមត្ថកិច្ចបារាំងបាន​បើកការស៊ើបអង្កេតព្រហ្មទណ្ឌ ប៉ុនប៉ងមនុស្សឃាត ដោយសមត្ថកិច្ចអះអាងថា ​ពុំមាន​ធាតុផ្សំបញ្ជាក់ថា ការវាយប្រហារនេះ មាន​លក្ខណៈជាអំពើភេរវកម្មទេ។

ម៉ោងប្រមាណ​៩ព្រឹក លោក​ Gérald Darmanin រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង បានទៅដល់​កន្លែងកើតហេតុ។ យោងតាម​លោករដ្ឋមន្ត្រី គឺជនដៃដល់ ត្រូវបាន​ព័ទ្ធស្ទាក់ដោយ​កម្លាំងនគរបានព្រំដែន​២នាក់ ដែលធ្វើការនៅមាត់ច្រកព្រំដែន រថភ្លើងEurostar ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ សមត្ថកិច្ចម្នាក់បានរងរបួសដោយ​អាវុធរបស់​ជនដៃដល់ មុននឹងសមត្ថកិច្ចម្នាក់ទៀត បាន​ប្រើកាំភ្លើងបាញ់។ ក្រោយឮសំឡេងផ្ទុះគ្រាប់កាំភ្លើង និងមនុស្សផ្អើលឈូឆរ​ នរគបាល​ក្នុងឯកសណ្ឋានស៊ីវីលម្នាក់ទៀត ដែលនៅមិនឆ្ងាយពីនោះ បាន​រត់មកអន្តរាគមន៍​ បាញ់ចំនួន​២គ្រាប់ទៅលើជនដៃដល់។ បច្ចុប្បន្នជនដៃដល់ដែលរងរបួសធ្ងន់​ ត្រូវបាន​គេបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

រដ្ឋមន្ត្រីមន្ត្រីមហាផ្ទៃបារាំង បញ្ជាក់ថា គេពុំទាន់ដឹងអត្តសញ្ញាណពិតប្រាកដរបស់ជនដៃដល់ទេ ដោយសារក្នុងពេលកើតហេតុ ជនដៃដល់មិនមានលិខិតស្នាមសំគាល់ខ្លួន​ឡើយ​។ ហើយ​ក្នុង​ពេល​ធ្វើសកម្មភាពវាយប្រហារ ជននេះ ក៏ពុំបានបន្លឺសំឡេងនិយាយអ្វី​ដែរ។​

ក្រោយ​ហេតុការណ៍​នេះបាន​កើតឡើង សមត្ថកិច្ចបារាំង បាន​យកក្រណាត់ស ហ៊ុំព័ទ្ធកន្លែងកើតហេតុ កុំ​ឲ្យ​មានមនុស្ស​ចោមរោមមើល។ អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើងបារាំង SNCF បញ្ជាក់ថា ដំណើរការចរាចរណ៍រថភ្លើង បានបន្តជាធម្មតា។ សូមបញ្ជាក់ថា ស្ថានីយ៍រថភ្លើង Gare du Nord នៅខាងជើងក្រុងប៉ារីស គឺជាស្ថានីយ៍រថភ្លើងធំជាងគេបង្អស់នៅអឺរ៉ុប ដែលមានអ្នកដំណើរឆ្លងកាត់ ប្រមាណ៧សែននាក់ក្នុងមួយថ្ងៃៗ ពោលគឺប្រមាណ ២២០លាននាក់​ក្នុងមួយឆ្នាំ​។ ក្រៅពី​មានរថភ្លើងចេញដំណើរទៅទីក្រុងធំៗភាគខាងជើងបារាំង ស្ថានីយ៍នេះគឺជាទីចេញដំណើរនៃរថភ្លើង ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស ប្រទេសប៊ែលហ្សិក និង​ហូឡង់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ