អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាមអ៊ុយក្រែន៖ ការប្រយុទ្ធគ្នា​យ៉ាង​ក្តៅគគុក នៅ​​តំបន់ Soledar ភាគ​ខាងកើត​អ៊ុយក្រែន

យោងតាមប្រភពព័ត៌មានទាំងសងខាង គឺការប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និង​កងទ័ពរុស្ស៊ី កំពុងតែ​ប្រព្រឹត្តិធ្វើទៅ​យ៉ាងក្តៅគគុក នៅទីក្រុង Soledar តំបន់ដូណេតស្ក៍ ភាគខាងកើតអ៊ុយក្រែន​។ កងទ័ពរុស្ស៊ីកំពុងតែប្រឹងប្រែងវាយ​យកឈ្នះ លើសមរភូមិនេះ ខណៈអស់ពេលជាច្រើនខែមកហើយ ដែលកងទ័ពខ្លួនវាយដកថយ​បាត់បង់ដែនដី​កាន់តែច្រើន។ តែយ៉ាងណា ការប្រយុទ្ធបាញ់តទល់ក្នុង​ទីក្រុង​ Seladar អាចនឹងធ្វើឲ្យស្លាប់ទាហានទាំងសងខាងច្រើននាក់។

ផ្សែងខ្មៅហោះចេញពីក្រុងSoledar ជាទីដែល​កងទ័ពរុស្ស៊ី និង​កងទ័ពអ៊ុយក្រែន​ប្រយុទ្ធតទល់គ្នា យ៉ាងស្វិតស្វាញ។ Soledar តំបន់ Donetsk ថ្ងៃទី ១១ មករា ២០២៣
ផ្សែងខ្មៅហោះចេញពីក្រុងSoledar ជាទីដែល​កងទ័ពរុស្ស៊ី និង​កងទ័ពអ៊ុយក្រែន​ប្រយុទ្ធតទល់គ្នា យ៉ាងស្វិតស្វាញ។ Soledar តំបន់ Donetsk ថ្ងៃទី ១១ មករា ២០២៣ AP - Libkos
ផ្សាយពាណិជ្ជកម្ម

នៅព្រឹក​ថ្ងៃពុធ ទី​១១មករា ក្រុមកម្លាំង Wagner ដែល​ជា​ទាហានស៊ីឈ្នួលរុស្ស៊ី បានអះអាងថា ភាគីរុស្ស៊ីបានសំរុកចូលកាន់កាប់ទីក្រុង​ Soledar បានទាំងស្រុងហើយ។ បណ្តាញព័ត៌មានរុស្ស៊ី បានថែមទាំងបង្ហោះរូបថតមួយសន្លឹកតាម​បណ្តាញ​សង្គម បង្ហាញថា លោក Evguéni Prigojine ដែលមេក្រុម​ទាហានស៊ីឈ្នួល Wagner កំពុងស្ថិតនៅក្នុង​រ៉ូងអណ្តូងរ៉ែអំបិលមួយកន្លែង នៅក្បែរក្រុង Soledar ។

ក៏ប៉ុន្តែ​​ ពីអ្នកនាំពាក្យវិមានក្រេមឡាំងវិញ បាន​ទទួលស្គាល់ថា មិនទាន់មានដំណឹងច្បាស់លាស់ ថា​កងទ័ពរុស្ស៊ីបានគ្រប់គ្រងទី​​ក្រុង Soledar ទាំងស្រុងទេ។ លោក Dimitri Peskov បានត្រឹមអះអាងថា ក្រុម​កុម្មង់ដូរផ្លូវអាកាស បាន​ចូលទៅបិទផ្លូវ នៅភាគខាងជើងនិង​ខាងត្បូងទីក្រុងនេះហើយ ហើយកំពុងសំរុក​វាយ​ប្រហារលើសត្រូវ។​

តែយ៉ាងណា លោកស្រីឧបរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន​ បានអះអាងថា ក្រុង Soledar ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុង Kramatorsk នោះ គឺមិនទាន់ធ្លាក់ទៅក្នុងដៃរុស្ស៊ីទាំងស្រុងទេ។ ការប្រយុទ្ធបាញ់តទល់គ្នា ដោយទាហានថ្មើរជើង នៅក្នុងទីក្រុង កំពុងតែធ្វើទៅ​យ៉ាងស្វិតស្វាញបំផុត ដោយ​ទាហានអ៊ុយក្រែននឹងតស៊ូដល់ដំណក់ឈាមចុងក្រោយ​។​

ដោយឡែក អ្នកនាំពាក្យ​ប្រធានាធិបតីអ៊ុយក្រែន Mykhaïlo Podoliak បានលើកឡើងថា ទាហានរុស្ស៊ី​ស្លាប់ច្រើននាក់ណាស់ នៅក្នុងការប្រយុទ្ធតទល់នៅ​ក្រុង Soledar។​ ចំណែកភាគីអ៊ុយក្រែន​ក៏ស្លាប់ច្រើនដែរ ដែលអាចចាត់ទុកបាន​ ថា​សមរភូមិនេះជាសមរភូមដែល​ស្លាប់ទាហានអ៊ុយក្រែន ច្រើនជាងសមរភូមិផ្សេងទៀត។

លោកមេបញ្ជាការកងទ័ពអ៊ុយក្រែន Oleksandr Syrskyi កំពុងបញ្ជាកូនទាហានតាម​ទូរស័ព្ទពីកន្លែងលាក់ខ្លួន ក្នុងក្រុងSoledar។ ថ្ងៃទី ៨ មករា ២០២៣
លោកមេបញ្ជាការកងទ័ពអ៊ុយក្រែន Oleksandr Syrskyi កំពុងបញ្ជាកូនទាហានតាម​ទូរស័ព្ទពីកន្លែងលាក់ខ្លួន ក្នុងក្រុងSoledar។ ថ្ងៃទី ៨ មករា ២០២៣ AP - Roman Chop

ទន្ទឹមគ្នានេះដែរ លោក Mykhaïlo Podoliak បានថ្លែងអំពាវនាវសារជាថ្មី សុំឲ្យ​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ជួយ​ផ្តល់​គ្រឿងសព្វាវុធធំៗ បន្ថែមទៀតឲ្យអ៊ុយក្រែន។ អ៊ុយក្រែនចង់​បានរថក្រោះធុនធ្ងន់ចំនួន​២៥០ ទៅ៣៥០គ្រឿង និងជាពិសេសនោះ គឺមីស៊ីលចំងាយ​ឆ្ងាយ បាញ់​បាន​​លើសពី​១០០គីឡូម៉ែត្រ។ មីស៊ីលចំងាយ​ឆ្ងាយ​ នឹងជួយ​កងទ័ពអ៊ុយក្រែន ឲ្យ​អាចវាយប្រហារលើទីតាំងស្តុកអាវុធរបស់កងទ័ពរុស្ស៊ី ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន យកឈ្នះបាន​ជោគជ័យ បញ្ចប់សង្គ្រាមនៅក្នុងឆ្នាំ​២០២៣នេះ​។ តែយ៉ាងណា អ្នកនាំពាក្យ​អ៊ុយក្រែនរូបនេះអះអាងថា អ៊ុយក្រែនសន្យានឹងមិនប្រើគ្រាប់មីស៊ីលទាំងនេះ ដើម្បីវាយ​ប្រហារលើដីរុស្ស៊ីនោះឡើយ ពោលគឺទុកប្រើដើម្បីតែការពារខ្លួន លើទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ