អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-អូតង់

អគ្គលេខាធិការ​អូតង់ ចង់​បន្ថែម​ជំនួយ​គ្រឿង​សព្វាវុធ​ធុនធ្ងន់​ឲ្យអ៊ុយក្រែន ដើម្បី​យក​ឈ្នះ​​ឲ្យ​បាន​ឆាប់

សង្គ្រាម​នៅអ៊ុយក្រែន កំពុងតែឈានដល់ដំណាក់កាលមួយ ដែល​កងទ័ពអ៊ុយក្រែន កំពុងមានប្រៀប ដោយសារតែជំនួយគ្រឿងសព្វាវុធមួយចំនួន ពីបណ្តាប្រទេសលោកខាង​លិច។ ទន្ទឹមគ្នានេះ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ លោកអគ្គលេខាធិការអង្គការអូតង់ បានអះអាងប្រាប់អ្នកកាសែតថា លោករំពឹងថាក្រុមប្រទេសសម្ព័ន្ធមិត្ត នឹងសម្រេចបញ្ជូនគ្រឿងសព្វាវុធធុនធ្ងន់ បន្ថែមទៀត ឲ្យ​អ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនបានជ័យជំនះឲ្យ​បានឆាប់​។

រថក្រោះធុនធ្ងន់ ប្រភេទ Leopard 2 ផលិត​នៅអាល្លឺម៉ង់ ដែលប៉ូឡូញបានសន្យាថានឹងផ្តល់ឲ្យ​អ៊ុយក្រែនចំនួន១៤គ្រឿង ក្នុងពេលឆាប់ៗខាងមុខ។
រថក្រោះធុនធ្ងន់ ប្រភេទ Leopard 2 ផលិត​នៅអាល្លឺម៉ង់ ដែលប៉ូឡូញបានសន្យាថានឹងផ្តល់ឲ្យ​អ៊ុយក្រែនចំនួន១៤គ្រឿង ក្នុងពេលឆាប់ៗខាងមុខ។ AP - Michael Sohn
ផ្សាយពាណិជ្ជកម្ម

លោក​ Jen Stoltenberg អគ្គលេខាធិការអូតង់ បាន​បញ្ជាក់ថាលោករំពឹងថា នៅក្នុងឱកាសប្រជុំ​ក្រុម​ប្រទេសសម្ព័ន្ធមិត្ត​ដើម្បីជួយអ៊ុយក្រែន នៅថ្ងៃទី២០មករាខាងមុខនេះ គឺ​គេនឹងសម្រេច​បញ្ជូន​គ្រឿងសព្វាវុធធុនធ្ងន់បន្ថែមទៀត ទៅឲ្យ​អ៊ុយក្រែន។ ជាជំនួយដ៏ចាំបាច់បំផុត ដើម្បីឲ្យ​អ៊ុយក្រែនយកឈ្នះលើរុស្ស៊ី ឲ្យ​បានឆាប់។ នេះគឺជាសំដី​ឆ្លើយទៅកាន់​អ្នកសារព័ត៌មាន របស់កាសែតអាល្លឺម៉ង់ Handelsblatt នៅ​ឯមូលដ្ឋានទ័ពទ័ពអាមេរិក Ramstein ក្នុងទឹកដីអាល្លឺម៉ង់ កាលពីរសៀលថ្ងៃអាទិត្យទី​១៥មករា​។

លោក អគ្គលេខាធិការអូតង់ គូសបញ្ជាក់ថា កាលៈទេសៈពេល​ជា​ពេល​ដ៏សំខាន់ បំផុត​នៃ​សង្គ្រាម​ហើយ​ដែល​សម្ព័ន្ធមិត្តត្រូវតែ​ប្រគល់អាវុធធន់ធ្ងន់​ ដែលអ៊ុយក្រែន​បានស្នើសុំ។ លោក​បានរំលឹកថា ពីមុនមក ក្រុមប្រទេសលោកខាងលិច បានស្ទាក់ស្ទើរខ្លាំងណាស់ មិនចង់ប្រគល់​ឲ្យ​អ៊ុយក្រែន នូវគ្រឿងសព្វាវុធធុនធ្ងន់នោះទេ ព្រោះមិន​ចង់​លូកដៃចូលជ្រៅ​ក្នុងសង្គ្រាម ឬក៏មិនចង់​ឲ្យ​រុស្ស៊ី​រករឿងខឹងសម្បារខ្លាំង។

គួរកត់សំគាល់ថា ជិតមួយឆ្នាំនៃសង្គ្រាម​មកនេះ កងទ័ពអ៊ុយក្រែនបានបង្ហាញ​នូវកម្លាំងប្រយុទ្ធដ៏ស្វាហាប់ និង​បាន​ទប់ជាប់ ឬរុញកងទ័ពរុស្ស៊ី​ឲ្យដកថយ​នៅច្រើនសមរភូមិណាស់។ ដោយ​សង្កេត​ឃើញ​​ជោគជ័យនេះ ក្រុមប្រទេសសម្ព័ន្ធមិត្ត បាន​សម្រេចបន្ថែម​​ជំនួយគ្រឿងសព្វាវុធ ដែល​កាន់​តែ​មាន​កម្លាំងខ្លាំងក្លា​ឡើង។ កាលពីដើមខែមករានេះ បារាំង អាល្លឺមម៉ង់ និងអាមេរិក បានសន្យា​ផ្តល់រថពាសដែកដឹកកម្លាំងទ័ព និងដែលមាន​បំពាក់កាណុងប្រយុទ្ធផងដែរ។ ចំណែក​​​​ប៉ូឡូញវិញ បានអះអាងថាខ្លួន​នឹង​ប្រគល់ឲ្យអ៊ុយក្រែន​​ ក្នុងរវាងប៉ុន្មានសប្តាហ៍​ខាងមុខនេះ នូវ​រថក្រោះធន់ធ្ងន់ Leopard 2 ដែលផលិតនៅអាល្លឺម៉ង់ ចំនួន​១៤គ្រឿង ហើយដែលកងទ័ពអ៊ុយក្រែន បាន​​ទទូចសុំជាយូរមកហើយ។

លោកអគ្គលេខាធិការអូតង់​ បាន​លើកឡើងថា លោកពូទីន បាន​ប៉ាន់​ប្រមាណកម្លាំងរបស់កងទ័ពខ្លួន ខ្លាំងហួសជ្រុល ហើយ​បានគិតខុសធ្ងន់ណាស់ ដែល​សម្រចចិត្តឈ្លានពានអ៊ុយក្រែន។ លោក​បន្ថែម​​ថា ប្រមាណជិតមួយឆ្នាំមកនេះ កងទ័ពរុស្ស៊ីបានបង្ហាញ​ឲ្យ​ពិភពលោកឃើញ នូវកំសោយសមត្ថភាពបច្ចេកទេស និងសព្វាវុធ​ គ្មានវិន័យ គ្មានមនសិកា​ គ្មាន​ការគ្រប់គ្រងបញ្ជាត្រឹមត្រូវ ហើយដែលបានធ្វើឲ្យ​កងទ័ពនេះ បាន​បរាជ័យគ្រប់សមរភូមិនៅអ៊ុយក្រែន​។​

ដោយឡែក នៅក្នុង​សុន្ទរកថាមួយផ្សាយតាមទូរទស្សន៍រុស្ស៊ី ​កាលពីថ្ងៃអាទិត្យ លោក​ពូទីន បានថ្លែងថា កងទ័ពរុស្ស៊ីកំពុងតែមានសន្ទុះយ៉ាងស្វាហាប់ ដោយ​អនុឡោមទៅតាមផែនការកំណត់។ លោក​ពូទីនបន្ថែមថា លោក​សង្ឃឹមថាកងទ័ពរុស្ស៊ី នឹងធ្វើ​ឲ្យ​រុស្ស៊ីសប្បាយចិត្ត​ច្រើនដងបន្ថែមទៀត តាមរយៈ​ជោគជ័យ​នៅ​សមរភូមិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ