អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន៖ ស្លាប់យ៉ាងហោច១៨នាក់ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក្នុងគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រ

នៅមិនឆ្ងាយ​ប៉ុន្មាន​ពីរដ្ឋធានីកៀវ នៅព្រឹកថ្ងៃ​ពុធទី១៨មករា មានករណីធ្លាក់ឧត្ថម្ភាគចក្រមួយ​គ្រឿង​ របស់​ក្រសួងមហាផ្ទៃអ៊ុយ​ក្រែន​​ បណ្តាល​ឲ្យ​ស្លាប់មនុស្ស​ ចំនួន​យ៉ាងហោច​១៨នាក់ និងរបួសច្រើននាក់ផ្សេងទៀត។ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃអ៊ុយក្រែន ព្រមទាំងមន្ត្រីអ៊ុយក្រែន៨នាក់​ផ្សេងទៀត បាន​ស្លាប់នៅក្នុងហេតុការណ៍​ដ៍អកុសល​នេះ។

ក្រុមសង្គ្រោះបន្ទាន់ កំពុងស្ថិតនៅ​កន្លែងកើតហេតុ ធ្លាក់ឧត្ថម្ភាគចក្រ នៅទីតាំងសាលាមតេយ្យ​មួយ ជាយទីក្រុងកៀវ ថ្ងៃទី១៨មករា២០២២។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
ក្រុមសង្គ្រោះបន្ទាន់ កំពុងស្ថិតនៅ​កន្លែងកើតហេតុ ធ្លាក់ឧត្ថម្ភាគចក្រ នៅទីតាំងសាលាមតេយ្យ​មួយ ជាយទីក្រុងកៀវ ថ្ងៃទី១៨មករា២០២២។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។ REUTERS - VALENTYN OGIRENKO
ផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រមួយគ្រឿង បាន​កើតឡើងនៅ​ក្រុង Brovary ដែលស្ថិតនៅជាប់ជាយ​ទីក្រុងកៀវ។ យោងតាមលោក Oleksïi Kouleba អភិបាលតំបន់កៀវ គិតត្រឹមម៉ោង ១០និង៣០នាទីព្រឹកថ្ងៃពុធ គឺមានមនុស្សស្លាប់យ៉ាងហោច ១៨នាក់ ក្នុង​នោះមាន​​កុមារ៣នាក់។ លោក​បានបង្ហាញការបារម្ភ ថា​ចំនួនអ្នកស្លាប់ អាចកើនលើសនេះ ព្រោះថា​មាន​មនុស្ស​របួស​ចំនួន​​២៩នាក់ ដោយរាប់ទាំងកុមារ១៥នាក់ផ្សេងទៀត។

សូមបញ្ជាក់ថា ឧត្ថម្ភាគចក្រនេះ ជារបស់​ក្រសួងមហាផ្ទៃអ៊ុយក្រែន ដែល​ក្នុងពេលកើតហេតុ បានដឹក​លោក Denys Monastyrsky រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ​អនុ​រដ្ឋមន្ត្រីម្នាក់ រដ្ឋលេខាធិការម្នាក់ ព្រមទាំងមនុស្ស​​៦នាក់ផ្សេងទៀត។ អ្នកដំណើរទាំង៩នាក់ នៅ​លើឧត្ថម្ភាគចក្រ ស្លាប់ទាំងអស់។ លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បានថ្លែងសារ សោកស្តាយ និង​​តក់ស្លុតរន្ធត់ចិត្ត​ជាពន់ពេក ក្រោយ​បានទទួលដំណឹងនៃការស្លាប់របស់​លោករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីសំខាន់​ផ្សេងទៀត នៅក្នុងហេតុការណ៍​​ដ៏អកុសលនេះ​។

យោងតាម​រូបភាពចែកចាយ​តាមបណ្តាញសង្គម គេឃើញបំណែក​ឧត្ថម្ភាចក្រ បានធ្លាក់រាយប៉ាយ នៅ​ក្បែរទីតាំងសាលាមតេយ្យមួយ​កន្លែង ខណៈបំណែក​ផ្ទុះ បានឆាបឆេះបង្កឲ្យ​មានអគ្គិភ័យលើអគារសាលាមតេយ្យ​។  បុគ្គលិកសាលាមតេយ្យ និ​ងកុមារជាច្រើននាក់ កំពុងស្ថិតនៅ​ទីនោះ ក្នុងពេល​ដែល​ឧត្ថម្ភាគចក្របានផ្ទុះធ្លាក់មក។ លោកអភិបាលតំបន់កៀវ បានអះអាងថា សមត្ថកិច្ចរួមជាមួយ​ចៅក្រម បានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុដែលបណ្តាល​ឲ្យឧត្ថម្ភាគចក្រនេះធ្លាក់​។

លោក Youry Ihnat អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បាន​លើកឡើងថា ឧត្ថម្ភាគចក្រនេះ ជាប្រភេទ Super Puma ផលិតនៅបារាំង ហើយ​ដែល​កងសមត្ថកិច្ចអ៊ុយក្រែនប្រើប្រាស់ជាទូទៅ។ ការស៊ើបអង្កេតអាចចំណាយពេលច្រើនសប្តាហ៍ ដើម្បីអាចដឹងថាវាមានបញ្ហាបច្ចេកទេស ឬក៏ដោយសារមូលហេតុអ្វីផ្សេង ដែលអាចជាគ្រាប់មីស៊ីល​​របស់​រុស្ស៊ី​ ក៏ថាបាន​​។ តែយ៉ាងណា គិតត្រឹមពេលនេះ គេមិនទាន់អាចសន្និដ្ឋានដោយតក់​ក្រហល់បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ