អានតួអត្ថបទ
អាកាសធាតុ

ការ​សិក្សា​វិទ្យាសាស្ត្រ​ បង្ហាញ​ពី​​របត់​​វិជ្ជមាននៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មហន្តរាយ​អាកាសធាតុ

នៅក្នុង​​របាយការណ៍​ចេញ​ផ្សាយ​នៅថ្ងៃសុក្រ​ទី ២០ មករា ២០២៣នេះ អ្នក​វិទ្យាសាស្ត្រ​បានបង្ហាញនូវ​ឧទាហរណ៍​បី​ ដែល​អាច​ជា​​របត់​វិជ្ជមាន​នៃដំណោះស្រាយ​​​ប្រយុទ្ធ​ប្រឆាំង​នឹងគ្រោះមហន្តរាយ​បង្កឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។ ដំណោះស្រាយ​ទាំង​បីនោះ គឺ ការលើក​ទឹកចិត្ត​ឱ្យ​​ប្រើប្រាស់​យានយន្ត​អគ្គីសនី (អាគុយ) ប្រើគ្រឿង​ចំហេះ​អាម៉ូញ៉ាក់ និង​ឱ្យ​ទទួល​ទាន​ជាតិ​ប្រូតេអ៊ីនបាន​មក​ពី​រុក្ខជាតិ។

ការ​ប្រើ​យានយន្ត​អគ្គីសនី ជា​ឧទារហ៍​មួយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មហន្តរាយ​អាកាសធាតុ
ការ​ប្រើ​យានយន្ត​អគ្គីសនី ជា​ឧទារហ៍​មួយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មហន្តរាយ​អាកាសធាតុ DR
ផ្សាយពាណិជ្ជកម្ម

អ្នក​វិទ្យាសាស្ត្រ​តែង​ស្រែក​អាសន្ន​ជា​ញឹកញយ​អំពីគ្រោះ​មហន្តរាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​អាច​នឹង​ធ្វើ​ឱ្យមាន​ការ​​​រលត់​ផុតពូជទ្រង់ទ្រាយធំ ដូច​ជា​ការ​ផុត​រលត់​ជីវិត​​​រុក្ខជាតិផ្កាថ្ម​​ក្រោម​ទឹក​ ឬ​ការ​រលាយ​បាត់​តំបន់​ដី​ទឹកកក​ ជា​ដើម​...

ប៉ុន្តែ​នៅថ្ងៃ​នេះ នៅ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង​ដាវូស ក្រុមអ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ ស្តីអំពីដំណោះស្រាយ​បី​​ចំណុច​​ដែល​អាចជា​​របត់​ដ៏​វិជ្ជមានជា​និរន្តន៍​​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ដំណោះស្រាយ​នីមួយៗ ជា​គន្លឹះ​បង្កើន​​​លទ្ធភា​ព​វិជ្ជមាន​បន្តបន្ទាប់​គ្នា​ក្នុង​បណ្តេញ​គ្រោះ​មហន្តរាយ​អាកាសធាតុ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ម្ចាស់​របាយការណ៍ លោក Mark Meldrum។

ដំណោះស្រាយ​ទីមួយ គឺ​ការ​ប្រើយានយន្ត​អគ្គីសនី(អាគុយ) ដែល​កំពុង​ចាប់​វិវឌ្ឍ​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់។ សម្រាប់​អ្នកនិពន្ធ​​ ការ​ពន្លឿន និង​​ជំរុញ ឱ្យ​ទិញ​រថយន្ត​គ្មាន​បញ្ចេញផ្សែងពុល និង​ការ​សាងសង់​បណ្តាញ​សាក​អាគុយឡាន នឹង​ធ្វើ​ឱ្យ​វិស័យផលិត​​អគ្គីសនីកើត​ឡើង​វិញ​លូត​លាស់​ខ្លាំង​ទន្ទឹម​នឹង​ការ​ផលិត​អាគុយ ហើយ​បើ​ផលិត​ច្រើន ការ​ប្រកួត​ប្រជែង​មាន​ខ្លាំង តម្លៃ​ក៏​នឹង​ចុះ​ថោក​ទៅ​តាម​នោះ​ដែរ។

ការ​បញ្ចូល​​កាតព្វកិច្ចឱ្យ​ប្រើ​ថាមពល បាន​មក​ពីចំហេះ​បៃតង​​​អាម៉ូញ៉ាក់ ឬ​ អ៊ីដ្រូហ្សែន ក្នុង​កំរិត​២៥%​ ក្នុង​ផលិតកម្ម​ជីរ ជា​ឧទាហរណ៍​ទីពីរ។ ថាមពល​បៃតង​អាម៉ូញ៉ាក់​ឬអ៊ីដ្រូហ្សែន ក៏​អាច​ប្រើ​​បាន​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក ឬ​ផលិត​ដែកថែប ជំនួស​ថាមពល​ហ្កាស។

​ជា​ចុងក្រោយ អ្នក​វិទ្យាសាស្ត្រ​បាន​ផ្តល់​មធ្យោបាយ​ទីបី ដោយ​លើក​ទឹកចិត្ត​ឱ្យមាន​ការ​បញ្ជា​ទិញ​ជា​​សាធារណៈ សម្រាប់​អាហារដ្ឋាន​នៅ​សាលារៀន មន្ទីរពេទ្យ និង​រដ្ឋបាល ជ្រើសរើស​ទទួល​ទាន​​ប្រូតេអ៊ីន​បាន​មក​ពី​រុក្ខជាតិ។ ជម្រើសបែប​នេះ នឹង​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាក់ទង​នឹង​ការ​ចិញ្ចឹម​សត្វ​ ហើយសល់​ដី​​សម្រាប់​ដាំដុះកសិកម្មបាន​ពី​៧ទៅ​១៥%  និង​អាច​ទប់​ការ​កាប់​​ព្រៃឈើដែល​ជា​អណ្តូង​ធម្មជាតិ​ស្រូប​ជាតិ​កាបោន។​

បើ​តាម​ការ​សិក្សា ​​ឧទាហរណ៍​​បី​ចំណុចនេះ​ មិនមែន​ជា​ដំណោះស្រាយ​ពេញ​លេញ​ទេ ប៉ុន្តែ​ជា​ក្តី​សង្ឃឹម​ដ៏​ធំ​ធេង​មួយដែល​គេ​អាច​ជឿ​ជាក់បាន​ថា​បើ​គេកាន់​តែ​ហ៊ានធ្វើ​វិនិយោគ​​សង្គម​និង​សេដ្ឋកិច្ច​ពិភពលោក​​អាច​ឈាន​ឆ្ពោះ​ទៅ​សម្រេច​កម្មវត្ថុ​អព្យាក្រិត្យ​កាបោនកាន់​តែ​លឿន​រហ័ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ