អានតួអត្ថបទ
រុស្ស៊ី-សង្គ្រាម​អ៊ុយក្រែន

រុស្ស៊ី​ដាក់​បញ្ឈរ​ប្រព័ន្ធ​បាញ់​មីស៊ីល​​ក្នុង​ក្រុងម៉ូស្គូ និ​ងបើក​ការហាត់សម​ការពារ​ផ្លូវអាកាស

យោងតាមប្រភពរូបថត នៅតាមបណ្តាញសង្គមរុស្ស៊ី បានបង្ហាញឲ្យ​ឃើញថា កាលពីថ្ងៃសុក្រទី​២០មករា អាជ្ញាធររុស្ស៊ី បានដាក់បញ្ឈរប្រព័ន្ធបាញ់មីស៊ីលជាច្រើនគ្រឿង នៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងមូស្គូ។ មិនមានការបញ្ជាក់ហេតុផលជាផ្លូវការ​ណាមួយ ពី​ការដាក់ពង្រាយ​ប្រព័ន្ធបាញ់មីស៊ីល​នេះទេ។ តែយ៉ាងណា កាលពីថ្ងៃសៅរ៍ ម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា គេបានបើកការធ្វើសមយុទ្ធយោធា ការពារប្រព័ន្ធផ្លូវអាកាស នៅតំបន់ជុំវិញក្រុងម៉ូស្គូ។

ប្រព័ន្ធបាញ់មីស៊ីល ដី-អាកាស ប្រភេទ Pantsir-S1 របស់រុស្ស៊ី ត្រូវបាន​ដង្ហែរ​បង្ហាញ ក្នុងកម្មវិធីព្យុះហយាត្រាកងទ័ព ថ្ងៃជ័យជំនះ ៩ ឧសភា ២០១៤។​
ប្រព័ន្ធបាញ់មីស៊ីល ដី-អាកាស ប្រភេទ Pantsir-S1 របស់រុស្ស៊ី ត្រូវបាន​ដង្ហែរ​បង្ហាញ ក្នុងកម្មវិធីព្យុះហយាត្រាកងទ័ព ថ្ងៃជ័យជំនះ ៩ ឧសភា ២០១៤។​ AP - Pavel Golovkin
ផ្សាយពាណិជ្ជកម្ម

យោងតាមសាក្សីពីក្រុងម៉ូស្គូ យ៉ាងហោចណាស់មានប្រព័ន្ធបាញ់មីស៊ីលរុស្ស៊ី ប្រភេទ Pantsir បាញ់ពីដីទៅអាកាស ចំនួនជាង១០គ្រឿង​ ត្រូវបាន​គេដាក់ពង្រាយ​តាមទីតាំងមួយចំនួន ក្នុងក្រុងម៉ូស្គូ ដូចជានៅ​លើដំបូលក្រសួងការពារជាតិរុស្ស៊ី និងនៅចំងាយ​ជាង​១០គីឡូម៉ែត្រ ពី​ផ្ទះរបស់​លោកពូទីន ក្នុងសង្កាត់ Novo-Ogariovo ខាងលិច​ក្រុងម៉ូស្គូ។

ជាមួយនឹងរូបថត ជាច្រើនសន្លឹកចែកចាយតាមបណ្តាញ​សង្គម បានបង្កឲ្យ​មានការភ្ញាក់ផ្អើល ចោទជាសំណួរថាមានហេតុផលអ្វី​ នៅពីក្រោយ​ការដាក់ពង្រាយ​ប្រព័ន្ធបាញ់មីស៊ីលទាំងនេះ ខណៈដែល​ក្រុងម៉ូស្គូ ស្ថិតនៅឆ្ងាយ​ណាស់ពីសមរភូមិសង្គ្រាម​អ៊ុយក្រែន​។ មិនមានការបញ្ជាក់ហេតុផល​ណាមួយ ពីសំណាក់​វិមានក្រឹមឡាំងទេ។ សមាជិក​សភារុស្ស៊ីម្នាក់ ថែមទាំងបានប្រកែកទៀតផង ថារូបភាពកាត់ត។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី​២០មករា អ្នកកាសែតបានសួរសំណួរទៅលោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ថាតើរដ្ឋាភិបាលខ្លាចក្រែងមានការវាយ​ប្រហារ មកលើរដ្ឋធានីម៉ូស្គូដែរឬទេ តែ​លោក​ម្នាក់​នេះ បានបដិសេធមិនឆ្លើយ ហើយ​បាន​ប្រាប់អ្នកសែត ឲ្យទៅសួរក្រសួងការពារទៅ។​ ស្រាប់តែ​នៅថ្ងៃសៅរ៍ទី២១មករា ក្រសួងការពារជាតិរុស្ស៊ី បានចេញលិខិត​ប្រកាសថា ខ្លួន​បានបើកការធ្វើសមយុទ្ធហាត់សម ទប់ទល់ចំពោះការ​វាយ​ប្រហារពីលើអាកាស ដើម្បី​ការពារ​ទីតាំងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន នៅតំបន់ក្នុងនិងជុំវិញក្រុងម៉ូស្គូ។ ទីតាំងយុទ្ធសាស្រ្តដែលត្រូវការពារទាំងនោះ មានទាំង​ហេដ្ឋារចនាសម្ព័ន្ធកងទ័ព ឧស្សាហកម្ម និងរដ្ឋបាល​នយោបាយ​។ ដោយ​មិន​បញ្ជាក់ថា ការហាត់សមនេះ បានធ្វើឡើងនៅពេលណា ក្រសួងការពារជាតិរុស្ស៊ី បានត្រឹមបញ្ជាក់ថា ក្នុងការហាត់សមនេះ មាន​ទាហានរុស្ស៊ី​ប្រមាណ​១៥០នាក់ចូលរួម និង​បាន​ហាត់ប្រើប្រព័ន្ធ​ខែលមីស៊ីល S-300 ថែមទៀត។

យោងតាមអ្នកជំនាញ ការដាក់ពង្រាយ​ប្រព័ន្ធបាញ់​មីស៊ីល​កណ្តាល​ក្រុង​ម៉ូស្គូបែបនេះ គឺជាយុទ្ធសាស្ត្រ ដាក់សំពាធផ្នែកចិត្តសាស្ត្រទៅលើ​ប្រជាពលរដ្ឋរុស្ស៊ី ឲ្យដឹងថាស្ថានការណ៍​ពេលនេះជាពេលសង្គ្រាម ដែលរុស្ស៊ីកំពុងត្រូវគេគំរាមកំហែង ដូចកាលពីជំនាន់សង្គ្រាមលោកលើកទី២។

ទន្ទឹមគ្នានេះ អ្នកវិភាគខ្លះទៀត លើកឡើងថា ការដែល​រុស្ស៊ី​ ដាក់បញ្ឈរប្រព័ន្ធបាញ់​មីស៊ីល​ នៅកណ្តាលក្រុងម៉ូស្គូ​បែបនេះ គឺប្រហែលជា​រុស្ស៊ី​ចាប់ផ្តើម​គិត​បារម្ភពិតមែន ថាទីតាំងសំខាន់ៗមួយ​ចំនួន​ ​នៃអំណាចនយោបាយ និងកងទ័ពរុស្ស៊ី អាចប្រឈមនឹងការវាយប្រហារ។ ជារការកត់សំគាល់ ប៉ុន្មានខែចុងក្រោយនេះ មានទីតាំងមួយចំនួន នៅឆ្ងាយ​ៗក្នុងទឹកដីរុស្ស៊ី​ ដែលត្រូវបាន​វាយប្រហារដោយ​យានដ្រូន​របស់អ៊ុយក្រែន​។ មានដំណឹងតិចតួចបំផុតស្តីពី​យានដ្រូនអ៊ុយក្រែនទាំងនេះ តែយ៉ាងណាភាគីរុស្ស៊ីទំនងជាមិន​លេងសើចទេ។​ ប្រភពជាច្រើនបានអះអាងផងដែរ អំពីករណី​អគ្គិភ័យឆេះស្ថានីយ៍​ប្រេងឥន្ធនៈ ឆេះផ្សារទំនើបជាច្រើនទីតាំងនៅរុស្ស៊ី ដែលទំនងអាចជាស្នាដៃ​ របស់​ក្រុម​ចារកិច្ច​​អ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ