អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន៖ មន្ត្រីធំៗ​ច្រើន​នាក់ លាឈប់​ឬត្រូវ​បណ្តេញ​ចេញ​ពីតំណែង ក្រោ​យ​​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ

នៅអ៊ុយក្រែន​ រឿងអាស្រូវពុករលួយ​កំពុងតែបោកអន្រួន​រដ្ឋាភិបាល​លោក​ហ្សេឡេនស្គី ខណៈដែល​ប្រទេសនេះ​ កំពុងតែ​ឆ្លងកាត់សង្គ្រាម​ដ៏​ជូរចត់។ យ៉ាងហោចណាស់ មានអភិបាល​តំបន់ចំនួន​៤ អនុរដ្ឋមន្ត្រីចំនួន​៤នាក់ និង​ប្រធានការិយាល័យ​ជំនាញ​២នាក់ ត្រូវបាន​បណ្តេញចេញពីតំណែង បន្ទាប់ពី​បណ្តាញព័ត៌មានអ៊ុយក្រែន បានចុះផ្សាយ​ថាមន្ត្រីធំៗទាំងនេះ មានពាក់ព័ន្ធនឹងអំពើ ពុករលួយ​ បក្សពួកនិយម ទទួលប្រាក់សំណូក និង​​កឹបកេងចំណេញលើ​ថវិកាចំណាយ​របស់​កងទ័ពអ៊ុយក្រែន​ជាដើ​ម​។

លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ក្នុងពេលធ្វើសន្និសីទកាសែត ថ្ងៃទៅ ៨ កក្កដា ២០២២
លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ក្នុងពេលធ្វើសន្និសីទកាសែត ថ្ងៃទៅ ៨ កក្កដា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

យប់ថ្ងៃចន្ទទី២៣មករា លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បានប្រកាសអំពីការជំរុះ​មន្ត្រីមួយចំនួន ចេញពីរដ្ឋាភិបាល បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយជាច្រើនករណី ចុះផ្សាយ​ដោយបណ្តាញ​ព័ត៌មានអ៊ុយក្រែន។ អភិបាលតំបន់ចំនួន៥ នឹងត្រូវបញ្ឈប់ពីមុខងារ ក្នុងនោះគឺមានអភិបាលតំបន់ Dnipropetrovsk តំបន់ Zaporijjia តំបន់ Soumy តំបន់ Kherson និងអភិបាលតំបន់ទីក្រុងកៀវ។

យោងតាម​បណ្តាញព័ត៌មានអ៊ុយក្រែន លើកលែងតែលោក Oleksiï Kouleba អភិបាលតំបន់កៀវ ដែល​ត្រូវបញ្ឈប់ពីមុខងារ ដើម្បីតែងតាំងនៅ​មុខតំណែងថ្មីក្នុងរដ្ឋបាលប្រធានាធិបតី។ ចំណែក​ អភិបាលតំបន់ទាំង៤ទៀត ត្រូវបញ្ឈប់ពីមុខងារ បន្ទាប់ពី​តុលាការបានបើកការស៊ើបអង្កេត ស្តីពី​ករណី​ប្រព្រឹត្តិអំពើពុក​រលួយ​។ កាលពីខែវិច្ឆិកា បណ្តាញព័ត៌មាន​អ៊ុយក្រែន បានចុះផ្សាយអំពីអំពើពុករលួយ​ បង្កឡើងដោយ​លោកអភិបាល​តំបន់ Dnipropetrovsk ឃុបឃិតប្រគល់​កិច្ចសន្យា​ជួសជុលផ្លូវ តម្លៃជាច្រើនលាន​អឺរ៉ូ ទៅឲ្យ​ក្រុមហ៊ុន​ដែល​មានចំណែកភាគហ៊ុន របស់ស្រីកំណាន់ខ្លួន​។

ក្រៅពី​អភិបាលរដ្ឋទាំង​៤នេះ យ៉ាងហោចណាស់​មានអនុរដ្ឋមន្រ្តីចំនួន​៤នាក់ ក៏ត្រូវដកចេញពីមុខងារដែរ ក្នុង​នោះមាន​អនុ​រដ្ឋមន្ត្រីក្រសួងការពារជាតិ។ យោងតាមគេហទំព័រព័ត៌មាន ZN.UA ក្រសួង​ការពារជាតិ​អ៊ុយក្រែន បាន​ចុះកិច្ចសន្យា​តម្លៃ​៣២៤លានអឺរ៉ូ ជាមួយ​ក្រុមហ៊ុនឯកជន ដើម្បីផ្គត់ផ្គង់ចំណីអាហារឲ្យ​កងទ័ព​អ៊ុយក្រែន។ ជាតម្លៃ​ដែលថ្លៃខ្លាំង លើស​​តម្លៃចំណីអាហារជាក់ស្តែងនៅ​លើទីផ្សារដល់ទៅ ២ឬ៣ដង។

ដោយឡែក អនុ​ប្រធាន​ការិយ​ាល័យដឹកជញ្ជូន​ផ្លូវទឹក ចំនួន​២នាក់ ក៏ត្រូវបាន​ដកហូតពីមុខងារដែរ។ ការដកហូតតំណែងបន្តបន្ទាប់​ផ្ទួនៗគ្នា ក្រោយ​ការផ្ទុះរឿងអាស្រូវ ពុករលួយ បំប៉ោងតម្លៃ បក្សពួកនិយម ឬទទួលប្រាក់សំណូក ជាដើម។ល។ បន្ថែមពីនេះ លោក Oleksiï Simonenko រដ្ឋអាជ្ញារងអ៊ុយក្រែន បាន​លាឈប់ពីមុខងារ បន្ទាប់ពី​បណ្តាញព័ត៌មាន​ផ្សាយថា ​លោក​បានលបលួចទៅលំហែរកាយ​នៅអេស្ប៉ាញ ខណៈដែលសង្គ្រាម​កំពុងឆាបឆេះនៅក្នុងប្រទេស ហើយដែលច្បាប់ហាមឃាត់មិន​ឲ្យមនុស្សប្រុសពេញកម្លាំងប្រយុទ្ធ ចាកចេញពីប្រទេស។​

​កាលពីថ្ងៃអាទិត្យ លោក Vassyl Lozinsky អនុរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពីមាន​ការចោទប្រកាន់ថាលោក​ម្នាក់នេះ បានទទួលប្រាក់សំណូកចំនួន​៤សែនដុល្លារ ទិញ​ម៉ាស៊ីនភ្លើងក្នុង​តម្លៃ​ខ្ពស់​ហួសពីតម្លៃទីផ្សារ​។ លោក Pavlo Galimon អនុប្រធានគណបក្ស "អ្នកបម្រើជាតិ" របស់​លោក​ប្រធានាធិបតីហ្សេឡេនស្គី ក៏ត្រូវបាន​ដកចេញពីតំណែងដែរ​នៅ​ថ្ងៃចន្ទ ក្រោយ​ផ្ទុះរឿងអាស្រូវបន្លំគេចពន្ធ។​

សូមបញ្ជាក់ថា នេះគឺជារឿងអាស្រូវពុករលួយ​ដ៏ធំ ខណៈដែលអ៊ុយក្រែន កំពុងតែឆ្លងកាត់សង្គ្រាម ហើយទទូចសុំជំនួយយោធា និង​ថវិកាពី​បណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។ តាំងតែពីមុនមានសង្គ្រាម​ អ៊ុយក្រែនត្រូវគេដឹងថាមានបញ្ហា​ពុករលួយ​ធ្ងន់ធ្ងរណាស់ ជាប់ចំណាត់ថ្នាក់លេខ​​១២២ ក្នុងចំណោម​១៨០ប្រទេស។ យ៉ាងណាមិញ សហភាពអឺរ៉ុបបានដាក់កំហិតថា អ៊ុយក្រែនត្រូវតែ​ដោះស្រាយ​បញ្ហា​ពុករលួយឲ្យបាន​ស្អាតស្អំ ទើបអាចចូលជាសមាជិក​អឺរ៉ុប នៅថ្ងៃអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ