អានតួអត្ថបទ

អង្គការ​​ការពារ​សិទ្ធិមនុស្ស​ ​ដាស់តឿនព្រមាន ​អ៊ុយក្រែន ពីការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស

មាន​ភស្តុតាង​ជាក់ស្តែងបញ្ជាក់ថា ​កម្លាំង​យោធា​អ៊ុយក្រែន បាន​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ដែល​ជាប្រភេទ​មីន​ហាម​ឃាត់​។ នេះបើតាម​របាយការណ៍​ស៊ើប​អង្កេត​ របស់​អង្គការការពារសិទ្ធិមនុស្ស Human Rights Watch  ដែល​ទើបតែទម្លាយ​ចេញ ថ្ងៃទី៣១មករា ម្សិលមិញ​។ អង្គការការពារសិទ្ធិមនុស្សដដែល​ បា​នបញ្ជាក់ថា កងទ័ព​ទាហាន​រុស្ស៊ី បាន​ប្រើ​ប្រាស់​គ្រាប់​​មីន​នេះ តែ ​អ៊ុយក្រែន ​មិនត្រូវ​ធ្វើ​ត្រាប់​តាម ​ដោយ​ខុស​ច្បាប់​នោះដែរ​​។​ ​

លោក Steve Goose ប្រធាន​ផ្នែក​ទទួល​បន្ទុក​មីន របស់​អង្គការ Human Rights Watch ​បញ្ជាក់ថា យោធាអ៊ុយក្រែន ទំនង​ជាបាន​ប្រើប្រាស់​មីនមេអំបៅ​ នៅ​ក្នុង​តំបន់​អ៊ីហ្ស៊ូម Izioum ។
លោក Steve Goose ប្រធាន​ផ្នែក​ទទួល​បន្ទុក​មីន របស់​អង្គការ Human Rights Watch ​បញ្ជាក់ថា យោធាអ៊ុយក្រែន ទំនង​ជាបាន​ប្រើប្រាស់​មីនមេអំបៅ​ នៅ​ក្នុង​តំបន់​អ៊ីហ្ស៊ូម Izioum ។ ASSOCIATED PRESS - Stian Lysberg Solum
ផ្សាយពាណិជ្ជកម្ម

មីន​​​ប្រឆាំង​ម​នុស្ស នេះ គេ​ហៅ​សាមញ្ញថា មីន​មេអំបៅ ​គឺ​ជា​ប្រភេទ​មីន​ត្រូវ​ហាម​ឃាត់​។ លោក Steve Goose ប្រធាន​ផ្នែក​ទទួល​បន្ទុក​មីន របស់​អង្គការ Human Rights Watch បាន​បញ្ជាក់ថា យោធាអ៊ុយក្រែន ទំនង​ជាបាន​ប្រើប្រាស់​មីនមេអំបៅ​ នៅ​ក្នុង​តំបន់​អ៊ីហ្ស៊ូម Izioum ហើយ​ មីននេះ ​​បង្កគ្រោះថ្នាក់​ដល់​ប្រជា​​ពលរដ្ឋ​ស៊ីវិល​ ហើយ​វា​នឹង​នៅតែបន្ត​ឲ្យ​រងគ្រោះ​ទៅថ្ងៃ​មុខ​ទៀត។​​ ​

ទីក្រុង អ៊ីហ្ស៊ូម Izioum ត្រូវ​កម្លាំងទាហាន​អ៊ុយក្រែន ដណ្តើមពី រុស្ស៊ី​ ​បាន​មកវិញ នៅ​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំទៅមិញ​។ អង្គការ​ Human Rights Watch ក៏​បើក​ការ​ស៊ើប​អង្កេត​ នៅទីក្រុងនោះ​ នា​​ចន្លោះ​ថ្ងៃទី​១៩កញ្ញា​ ដល់ទៅ​៩តុលាឆ្នាំ២០២២។ ក្នុង​ពេល​ស៊ើប​អង្កេត អង្គការ​​សិទ្ធិមនុស្ស​មួយ​នេះ ​សាក​សួរសាក្សី​ចំនួន​ ១០០ នាក់ ​និង​កត់​សម្គាល់​​ជន​រងគ្រោះ​១១នាក់។ ប៉ុន្តែ នៅពេល​សាកសួរ​ទៅ​ផ្នែក​សុខភាព គឺ​បាន​ទិន្នន័យថា ជន​ស៊ីវិល​យ៉ាងហោច​៥០នាក់​ មាន​កូនក្មេង​៥នាក់​ផង រងគ្រោះ​ដោយ​គ្រាប់​មីន​ ពីក្នុង​ពេលនិងក្រោយ​ពេលដែល ​​រុស្ស៊ី​ កាន់កាប់​តំបន់​នោះ​។ អ្នក​ខ្លះ​ ដាច់​ប្រអប់​​ជើង ខ្លះទៀត​​ដាច់​ជើង​ពាក់កណ្តាល​តែម្តង។​

ស្នងការ​អ៊ុយក្រែនទទួល​បន្ទុក​សិទ្ធិមនុស្ស Dmytro Luninets បាន​ប្រកាស​នៅក្នុង​ប្រព័ន្ធ​តេលេក្រាម​ថា អ៊ុយក្រែន  ចូល​ជារដ្ឋ​​សមាជិក​សន្ធិសញ្ញា​អន្តរជាតិ ​ស្តីពីការ​ហាម​ឃាត់​មិន​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ​នៅ​​​ឆ្នាំ​១៩៩៧  ហើយ​ អ៊ុយក្រែន តែង​ទទួល​យក​ការ​ស៊ើប​អង្កេត​ជានិច្ច​។​ បញ្ហា​មីននេះបន្ត​កើត​មាន​​តាំងតែ​ពីឆ្នាំ២០១៤មកម្ល៉េះ ក៏ព្រោះតែ​ អ៊ុយក្រែន ​ត្រូវ​ប្រឈម​មុខ​នឹង​សត្រូវ ​ដែល សត្រូវ​នេះ ចង់​បំផ្លាញ​ប្រជាជន​អ៊ុយក្រែន។ នេះ​ជា​សម្តី​អ្នក​តំណាង​អ៊ុយក្រែន។​

ផ្ទុយទៅវិញ ​​រ​បាយការណ៍ ​Human Rights Watch លើក​ហេតុផលថា ពុំ​មែន​ពីព្រោះតែ​​ទាហាន​រុស្ស៊ី​ប្រើ​មីន​នេះ ដូច្នេះ ទាហាន​អ៊ុយក្រែន​ត្រូវ​តែ​ប្រើ​វា​ដែរទេ។​ អង្គការ​​ការពារ​សិទ្ធិមនុស្សដដែល​ ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​អ៊ុយក្រែនបើ​កការ​ស៊ើបអង្កេត​ពីការ​ប្រើប្រាស់​និងដាក់​មីន​នេះ ពី​សំណាក់​កងទ័ព​អ៊ុយក្រែន​ ហើយ​និងត្រូវ​​កម្ទេច​​​ចោលចេញពី​​ស្តុក។​

អង្គការ​​ការពារ​សិទ្ធិមនុស្ស​ បាន​រំឭកថា នៅឆ្នាំ២០០៥ ​អ៊ុយក្រែន ​បាន​ផ្តល់​សច្ចាប័ន លើ សន្ធិសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់មិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ។​ កតិកាសញ្ញានេះ គេហៅថា ​កតិកាសញ្ញាទីក្រុង​អូត្តាវ៉ា ដែល​ចូល​​ជាធរមាន នៅ​​ឆ្នាំ​១៩៩៩ និង​ប្រទេស​​១៦៤ ជារដ្ឋសមាជិក​ វៀរលែង​តែ សហរដ្ឋអាមេរិក សហព័ន្ធ​រុស្សី និង មហាយក្ស​ចិន​ ​គឺ​​មិនព្រម​​ផ្តល់​សច្ចាប័ន​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ