អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-បារាំង

បារាំង​​​ផ្តល់​កាំភ្លើង​Ceasarបន្ថែម​ដល់​អ៊ុយក្រែន​ ចំណែក​អ៊ីស្រាអែល​ចង់ឱ្យ​​ប្រព័ន្ធការពារដែនអាកាស

 ក្នុង​ឱកាស​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទីមួយ​របស់​រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន​ ​នៅទីក្រុង​ប៉ារីស​ បារាំង​បាន​ប្រកាស​ផ្តល់​កាំភ្លើង​ផ្លោង​ប្រភេទ​Ceasar ចំនួន​១២​គ្រឿង​បន្ថែម​ទៀត​ឱ្យ​ក្រុង​កៀវ។ ចំណែក​ខាង​អ៊ីស្រាអែលវិញ លោក​នាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ បាន​អះអាង​ថា​កំពុង​ពិចារណា​ផ្តល់​ជំនួយ​យោធា​មាន​អាទិ៍​ប្រព័ន្ធ​ការពារដែន​អាកាសដល់​អ៊ុយក្រែន​ដែរ។

CAESAR self-propelled howitzer of the 11th Marine Artillery Regiment at the Bastille Day 2013 military parade on the Champs-Élysées in Paris.
CAESAR self-propelled howitzer of the 11th Marine Artillery Regiment at the Bastille Day 2013 military parade on the Champs-Élysées in Paris. © Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

កាំភ្លើង​ផ្លោងCeasar​១២គ្រឿង មាន​កាណុង ​១៥៥មីល្លីម៉ែត្រ​ បាញ់​បាន​ចម្ងាយមធ្យម ​​​នឹង​​ដឹក​ទៅ​ដល់​សមរភូមិអ៊ុយក្រែន​​នៅប៉ុន្មាន​​សប្តាហ៍ទៀត​ខាង​មុខ​។ នេះ​ជា​ប្រសាសន៍​របស់​លោក Sabastien Lecornu ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បារាំង ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមភាគី​អ៊ុយក្រែន​លោក​Oleksiï Reznikov ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ជា​លើកទីមួយ គិត​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅថ្ងៃ​២៤​កុម្ភៈ​២០២២​មក។

បើ​តាម​លោករដ្ឋមន្ត្រីការពារជាតិ​បារាំង ពេល​នេះ​អ៊ុយក្រែន​មាន​កាំភ្លើង​ផ្លោង​ច្រើន​សមល្មម ព្រោះបើ​បូក​​នឹង​ជំនួយ​ថ្មី​ទៅ​​ អ៊ុយក្រែន​មាន​កាំភ្លើងផ្លោង​​Ceasar​សរុប​ដល់​៤៩​គ្រឿង ៖ ១៨គ្រឿង​ជា​ជំនួយ​របស់​បារាំង​ផ្តល់​ឱ្យ​រួច​ហើយ​ និង​១៩គ្រឿង​សន្យា​ផ្តល់​ដោយ​ប្រទេស​ដាណឺម៉ាក កាលពី​ពីរ​សប្តាហ៍​មុន។

ជាង​នេះ​ទៅ​ទៀត បារាំង​បាន​សន្យាជួយ​ឧបត្ថម្ភ​ប្រព័ន្ធ រ៉ាដា Ground Master200 ដែល​អាច​ចាប់​សញ្ញា​យន្តហោះ​សត្រូវ​ដល់​​២៥០​គីឡូម៉ែត្រ ហើយ​អាច​បាញ់​កម្ចាត់​បាន​​នៅចម្ងាយ​១០០​គីឡូម៉ែត្រ នូវ​យានយន្ត​លើ​អាកាសហោះ​ក្នុង​ល្បឿន​យឺត និង​ក្នុង​រយៈ​កម្ពស់​ទាប ដូច​យ៉ាង​ដ្រូន ឬ​យន្តហោះ​ចម្បាំង​ហោះ​នៅទី​​ខ្ពស់​ខ្លាំង។ ប្រព័ន្ធ​រ៉ាដា​បារាំង​ដែល​អាច​ដឹក​ជញ្ជូន​តាម​ឡាន​កាមីញ៉ុង ក៏​អាច​ការពារ​កងកម្លាំង​ជើង​គោក ពី​គ្រាប់​រ៉ុកកែត​ និង​គ្រាប់​កាំភ្លើង​ធំ​របស់​សត្រូវ​បាន​ទៀត។ ជា​ចុងក្រោយ លោក​Lecornu បាន​បញ្ជាក់ថា​បារាំង​កំពុង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ប្រមូល​ស្តុក​មីស៊ីលCrotaleឱ្យ​​បាន​គ្រប់គ្រាន់​សម្រាប់​ជួយ​អ៊ុយក្រែន​ទៀត។ ទាហាន​បារាំង​១៥០​នាក់​នឹង​បញ្ជូនទៅប៉ូឡូញ​ដើម្បី​ជួយ​បំពាក់​បំប៉នទាហាន​អ៊ុយក្រែន។

ក្រៅ​អំពី​បារាំង អ៊ីស្រាអែល​ក៏​គ្រោង​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ដែរ។ តាំងពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន​មក​ ដើម្បី​កុំឱ្យ​រង្គាស​ចិត្ត​រុស្ស៊ី អ៊ីស្រាអែល​​មិនដែល​បញ្ជាក់​ជំហរ​កាន់​ជើង​​អ៊ុយក្រែនសោះ ប៉ុន្តែជាមួយ​នឹង​សំណើ​សុំ​ធ្វើ​​អន្តរការីដោះស្រាយ​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី ​នៅថ្ងៃពុធទី​១​កុម្ភៈនេះ ក្នុង​បទសម្ភាសន៍​ជាមួយ​​បណ្ដាញ​​CNN នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​អះអាង​​ថារដ្ឋាភិបាល​របស់​លោក​​កំពុង​ពិចារណារឿង​​ផ្តល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែនដែរ។ បើ​តាម​លោក នេតាន់យ៉ាហ៊ូ អ៊ីស្រាអែល​ចង់​ឱ្យ​ប្រព័ន្ធ​ការពារដែន​អាកាស​។ ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ធ្វើ​ឡើង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ អង់តូនី ប្លីងកិន នៅ​តំបន់​ដើម​បូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ