អានតួអត្ថបទ
បារាំង-អ៊ីស្រាអែល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​មក​ប៉ារីស ដើម្បី​ជជែក​ពី​បញ្ហា​អ៊ីរ៉ង់​និង​អំពើហិង្សាជាមួយ​ប៉ាឡេស្ទីន

លោក​ នេតាន់យ៉ាហ៊ូ​ ត្រូវអញ្ជើញ​​មក​ដល់​ក្រុង​ប៉ារីស ថ្ងៃព្រហស្បតិ៍​ទី​២ កុម្ភៈ​២០២៣នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​​ជា​​លើក​ទីមួយ គិតតាំង​ពី​លោក​ត្រលប់​មក​កាន់​តំណែង​ជា​​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ជា​ថ្មី។ គ្មាន​គម្រោង​ថ្លែងជា​សាធារណៈ ​ជំនួប​រវាង​​ប្រធានាធិបតី​បារាំង លោក​ អេម៉ានុយអែល​ ម៉ាក្រុង និង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្តោត​សំខាន់​ទៅ​លើ​សំណុំ​រឿង​អ៊ីរ៉ង់ដែល​កាន់​តែតាន​តឹង​ខ្លាំង និង​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល-​ប៉ាឡេស្ទីន។

ប្រធានាធិបតី​បារាំង​ម៉ាក្រុង និង​លោក​នេតាន់យ៉ាហ៊ូ។ រូបថត​កាល​ជួប​គ្នា​នៅក្រុង​ប៉ារីស​ឆ្នាំ​២០១៨
ប្រធានាធិបតី​បារាំង​ម៉ាក្រុង និង​លោក​នេតាន់យ៉ាហ៊ូ។ រូបថត​កាល​ជួប​គ្នា​នៅក្រុង​ប៉ារីស​ឆ្នាំ​២០១៨ REUTERS/Philippe Wojazer/Pool
ផ្សាយពាណិជ្ជកម្ម

បើតាម​វិមាន​អេលីហ្សេ ក្នុងពេលទទួល​ជួប​លោក​នេតាន់យ៉ាហ៊ូ​ លោក​ប្រធានាធិបតី​ម៉ាក្រុង​ នឹង​បញ្ជាក់​ជា​ថ្មី​អំពី​សាមគ្គីភាពរបស់​​បារាំង​ ជាមួយ​អ៊ីស្រាអែល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម តែលោក​ម៉ាក្រុង​នឹង​រំលឹក​អំពី​ភាព​សំខាន់​នៃ​ការ​បញ្ចៀស​​អំពើ​ហិង្សា​ ដោយ​ចង់​​ចូល​រួម​ចំណែក​បើក​ផ្លូវចរចាអ៊ីស្រាអែល​-ប៉ាឡេស្ទីន​ឡើង​វិញ។ តាំងពី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​ប៉ាឡេស្ទីន​បាន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​ដល់​ជីវិត​ជា​ច្រើន​នាក់ ៖ ១០នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅក្នុង​ប្រតិបត្តិការយោធា​អ៊ីស្រាអែល​ក្នុង​ជំរំជនភៀសខ្លួន​ប៉ាឡេស្ទីន​ហ្សេនីន។ ៧នាក់​កាលពី​ថ្ងៃសុក្រ​ នៅក្នុង​ការ​វាយប្រហារ​របស់​ជន​ប៉ាឡេស្ទីន​នៅ​ក្រុងហ្សេរុយសាឡិម​ខាង​កើត​។ រួច​បន្ត​ដោយ​ការ​បាញ់​រ៉ុកកែត និង​មីស៊ីល​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកលើ​តំបន់​ហ្កាហ្សា នៅយប់​មិញ​នេះ​

ចំណែក​​ខាង​អ៊ីស្រាអែលចង់​ជជែក​អំពី​បញ្ហា​អ៊ីរ៉ង់​ច្រើនជាង​ ក្នុង​ដំណើរទស្សនកិច្ច​នៅ​ប៉ារីសនេះ។ បើ​តាម​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ក្រុង​ប៉ារីស លោក​នាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​មក​ប៉ារីស​ដើម្បី​ស្វែង​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ ឱ្យ​បញ្ចេញ​កិច្ច​ខិត​ខំប្រឹង​ប្រែង​សង្កត់​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ និង​រក​មធ្យោបាយ​ពង្រឹង​ពង្រីក​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​បណ្តា​ប្រទេស​អារ៉ាប់។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលចង់បង្កើតសម្ព័ន្ធ​យោធា​ ដែ​ល​មាន​ អាមេរិក បារាំង​ និង​ប្រទេស​អារ៉ាប់ស្អប់​​អ៊ីរ៉ង់​ចូល​រួម​ដែរ ព្រោះចង់​ធ្វើ​អ្វីម្នាក់ឯង​។ អ៊ីស្រាអែល​បាន​រៀប​ចំយុទ្ធសាស្ត្រ​ ជា​លាយ​លក្ខណ៍​អក្សរ​រួច​ហើយ​ សម្រាប់​បង្ក្រាប​​អ៊ីរ៉ង់។ នេះ​បើ​តាម​ប្រភព​ការទូត​មួយ។

​អាមេរិក​និង​បារាំង​​ប្រឆាំង​ដាច់​ខាត​នឹង​ផែនការ​បើ​កម្លាំង​របស់​អ៊ីស្រាអែល ហើយ​ផ្តល់​អាទិភាព​ដល់​ការ​ចរចា​ជាមួយ​អ៊ីរ៉ង់​ជា​និច្ច គ្រាន់​តែ​ស្ថានការណ៍​ហាក់​ចាប់​ប្តូរ​ផ្លាស់។ កិច្ចព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទំនង​ងាប់​ស្តូក​គ្មាន​ច្រក​ចេញ ឯ​អ៊ីស្រាអែល​បាន​បង្ហាញ​ជំហរ​ងាក​មក​ខាង​បស្ចិមលោកសុខចិត្ត​គាំទ្រ​អ៊ុយក្រែន ដោយ​ចង់​បញ្ជូន​ជំនួយ​យោធា​ឱ្យ​ក្រុង​កៀវ​ផង។ នេះ​ជា​សារ​មួយ​ដែល​លោក​នេតាន់យ៉ាហ៊ូ ចង់​បញ្ជាក់​ថា អ៊ីស្រាអែលគាំទ្រ​សង្គ្រាម​របស់​បស្ចិមលោក​ ដូច្នេះ​បស្ចិមលោក​ត្រូវ​គាំទ្រ​អ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់វិញ។ នេះ​ហើយ​ជា​អ្វី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​មក​ស្វែង​រក​នៅប៉ារីស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ