អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

រុស្ស៊ី​និង​អ៊ុយក្រែន ដោះដូរ​អ្នក​ទោស​សង្គ្រាម ជាថ្មីម្តងទៀត​ ​​ប្រមាណជិត ​២០០ នាក់

​ថ្ងៃ​សៅរ៍​​ អ៊ុយក្រែន បា​នទទួល​ស្វាគមន៍​​ទាហាន​របស់ខ្លួន ​ចំនួន​ជាង​១០០នាក់ ដែល​ត្រូវ​កងទ័ព​រុស្ស៊ី​ចាប់ឃុំ។ ចំណែក​ រុស្ស៊ី វិញ បាន​ទទួល​ជាង៦០នាក់។ ​កាល​ដើមខែ​មករា កន្លងទៅ​​​ រុស្ស៊ីនិងអ៊ុយក្រែន ធ្លាប់​បាន​ដោះដូរ​អ្នក​ទោស​សង្គ្រាម​ម្តង​ហើយ។​ ចំពោះ​​ការដោះដូរ​អ្ន​កទោស​លើកទី២ នៅដើមឆ្នាំ២០២៣​នេះ គឺ​មាន​សាកសព​ពលរដ្ឋ​អង់គ្លេស​ពីររូប​ផង។​

ទាហាន​អ៊ុយក្រែន​​ ដែល​ដោះដូរអ្នក​ទោស​ជាមួយ​រុស្ស៊ី​។​​ រូបភាពផ្សាយដោយ​នាយកខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Andriy Yermak  ក្នុង​ប្រព័ន្ធ​បណ្តាញសង្គម។​
ទាហាន​អ៊ុយក្រែន​​ ដែល​ដោះដូរអ្នក​ទោស​ជាមួយ​រុស្ស៊ី​។​​ រូបភាពផ្សាយដោយ​នាយកខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Andriy Yermak ក្នុង​ប្រព័ន្ធ​បណ្តាញសង្គម។​ © Andriy Yermak
ផ្សាយពាណិជ្ជកម្ម

គូសត្រូវ​ទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន​ សុទ្ធតែបានបញ្ជាក់ពីដំណឹងដោះដូរឈ្លើយសឹក នៅ​ថ្ងៃសៅរ៍​។ ភាគីអ៊ុយក្រែន ទទួល​បានឈ្លើយសឹក​​ ចំនួន​ ១១៦ នាក់។ នេះ​ជាការ​បញ្ជាក់​របស់ នាយកខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Andriy Yermak ដែល​បាន​ផ្សាយក្នុង​ប្រព័ន្ធតេលេក្រាម​និង​ធ្វីតធ័រ ដោយប្រកាស​ថា សូម​ស្វាគមន៍​វីរបុរស​យើង​ ត្រឡប់​មក​មាតុប្រទេស​វិញ​។​ តាមរយៈ​សំណេរ​របស់នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន គឺ​​អាច​ឲ្យដឹងថា ក្នុង​ចំណោម​អ្នក​ទោស​សង្គ្រាមដែល​អ៊ុយក្រែន​​​ដោះដូរបានមកវិញ​​នោះ​ គឺជា​​កម្លាំង​តស៊ូ​ប្រយុទ្ធ​នៅ​តំបន់​ Marioupol និង​កងទ័ព​អ៊ុយក្រែននៅ​តំបន់​ Kherson ហើយ​និង​អ្នកប្រយុទ្ធ​ដៃឆើត​នៅ​សមរភូមិមុខ នៅ​ក្រុង​ Bakhmout ព្រមទាំង ​វីរជន​ក្លាហាន​ជាច្រើនរូប​​ផ្សេងទៀត​។ ​

​ចំណែកភាគី ​រុស្ស៊ី វិញ ក្រសួង​ការ​ពារជាតិ​រុស្ស៊ី​ បញ្ជាក់ថា ចំណាប់ថ្នូរទាហាន ដែល​រុស្ស៊ីទទួល​បានទៅ​​វិញ ​មាន​ចំនួន ​៦៣ នាក់​។ ក្រសួងការពារជាតិរុស្ស៊ី  ​​មិនបាន​បញ្ជាក់​អ្វី​ច្បាស់​លាស់​ច្រើនទេ​ គឺ​គ្រាន់តែ​គូស​បង្ហាញ​ អ្នក​ទោស​សង្គ្រាម​ទាំង​ជាង​៦០នាក់​នេះ គឺ​ជា​ «បុគ្គលឋិត​ក្នុង​ក្របខ័ណ្ឌពិសេស​»។

​ខ្លឹមសារ​នៅក្នុងសេចក្តីថ្លែង​ការ​ណ៍​ របស់​ភាគី ​រុស្ស៊ី គឺ ឲ្យ​ដឹងដែរថា ការ​ដោះដូរ​ឈ្លើយ​សឹក​សង្គ្រាម​​លើក​នេះ គឺអាច​ប្រព្រឹត្ត​ទៅបាន ​អាស្រ័យ​នឹង​ការ​ជួយ​​ចរចា​សម្របសម្រួលអន្តរាគមន៍​ពីសំណាក់​​ ប្រទេស​អេមីរ៉ាត់​អារ៉ាប​រួម។​ ក៏ប៉ុន្តែ គេ​ពុំ​ដឹង​ថា តើ អន្តការីនោះ ជា​នរណា​ទេ។​

ដំណឹង​​មួយ​ គួរ​កត់​សម្គាល់​!​ ​ក្នុង​​ចំណោម​អ្នក​ទោស​ដែលរុស្ស៊ី​​ផ្តល់​ទៅ​ឲ្យ​អ៊ុយក្រែន គឺ​ គេ​បាន​ដឹង​ថា​ មា​នសាកសព​បុរស​ជនជាតិ​ អង់គ្លេស ពីរនាក់​ផង​ គឺ លោក Chris Parry និង លោក​ Andrew Bagshaw ដែល​​ជា​អ្នក​ស្មគ្រ​ចិត្ត​ ទៅ​ជួយ​ផ្នែក​មនុស្ស​ធម៌ ខាង​ភាគី​អ៊ុយក្រែន ហើយ​ស្លាប់​នៅ​ក្នុង​ខែ​មករា​។ ​គ្រួសារ​របស់​សពលោក Andrew Bagshaw ឲ្យកាសែត​អង់គ្លេស​ ដឹង​ថា នៅ​ថ្ងៃទី​៦មករា លោកបាន​ព្យាយាម​ជួយ ដូន​ចាស់ម្នាក់ ពី​គំនរអគារ​បាក់បែក ដោយ​គ្រាប់បែក​រុស្ស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ