អានតួអត្ថបទ
កីឡាអូឡាំពិក-បារាំង-រុស្ស៊ី

ប៉ារីស​ម្ចាស់​កម្មវិធី​អូឡាំពិក​២០២៤ ប្រកាន់​ជំហរ​តឹង​តែ​ងដាក់​កីឡាកររុស្ស៊ី

នៅថ្ងៃអង្គារ​ទី ៧​កុម្ភៈ​២០២៣ លោកស្រី អាន អ៊ីដាល់ហ្គោ (Anne Hidalgo) អភិបាល​ក្រុង​ប៉ារីស ដែល​ជា​ម្ចាស់​ផ្ទះ​ទទួល​​រៀប​ចំ​កម្មវិធីកីឡា​អូឡាំពិក​២០២៤ បាន​បង្ហាញ​​ជំហរ​តឹង​តែង​ខ្លាំង ដាក់​កីឡា​ករ​រុស្ស៊ី​ ដូច​ជំហរ​របស់​អ៊ុយក្រែន​។ លោក​ស្រីយល់​ស្រប​នឹង​គំនិត​ផាត់​កីឡាករ​រុស្ស៊ី​​ចេញ​ពី​កម្មវិធី​អូឡាំពិក​២០២៤​តែ​ម្តង​ បើលោក​ពូទីន​​នៅ​តែ​បន្ត​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។

អភិបាល​ក្រុង​ប៉ារីស Anne Hidalgo ប្រកាសជំហរ​តឹងតែង​ខ្លាំង​ដាក់​កីឡាកររុស្ស៊ី
អភិបាល​ក្រុង​ប៉ារីស Anne Hidalgo ប្រកាសជំហរ​តឹងតែង​ខ្លាំង​ដាក់​កីឡាកររុស្ស៊ី REUTERS/Mariana Bazo
ផ្សាយពាណិជ្ជកម្ម

វត្តមាន​កីឡាករ​រុស្ស៊ី​​ក្នុង​កម្មវិធី​ប្រកួត​កីឡាអូឡាំពិក​២០២៤ ជា​សំណុំរឿង​​នយោបាយ​ដ៏​ក្តៅ​រលាក ជាពិសេស​នៅក្នុង​ផ្ទះ​អ្នក​រៀប​ចំ​កម្មវិធី​តែម្តង។ កាលពី​ចុង​ខែមករា ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ស្នើសុំ​ឱ្យ​ប្រធានាធិបតី​បារាំង​ប្រកាស​ផាត់​រុស្ស៊ី​ពី​កម្មវិធី​អូឡាំពិក​ឆ្នាំ​ក្រោយ។ នៅថ្ងៃ​អង្គារ​ទី​៧កុម្ភៈ​នេះ អភិបាល​ក្រុង​ប៉ារីសលោកស្រី អាន អ៊ីដាល់​ហ្កោ បានបញ្ជាក់​ជំហរ​ប្រឆាំង​នឹង​វត្តមាន​កីឡាករុស្ស៊ី​នៅ​ប៉ារីសតែ​ម្តង។ សម្រាប់​លោក​ស្រី ព្រម​ឱ្យ​កីឡាករ​រុស្ស៊ី​ចូល​ប្រកួត​ក្រោម​ទង់​អព្យាក្រិត្យ​ ជា​ប្រការ​មិន​សមរម្យឡើយ។ គេ​មិន​អាច​ឱ្យ​ប្រទេស​មួយដែល​កំពុង​ឈ្លានពាន​គេ មក​ដង្ហែក្បួន​កីឡាដោយហី ដូច​ជា​​គ្មានរឿង​អ្វីកើត​សោះ​បាន​ទេ។​ ម្យ៉ាង​ទៀត​​មាន​កីឡាកររុស្ស៊ី ជា​ជនភៀសខ្លួន និង​​ជា​ជន​ផ្តាច់​ខ្លួន ដែល​ប្រឆាំង​នឹង​នយោបាយឈ្លានពាន​​របស់​លោក​ពូទីន​ផ្សេង​ទៀត ចង់​ចូល​រួម​ប្រកួត ក្រោម​ទង់​ “ជនភៀសខ្លួន”។

ប៉ុន្តែ​គឺ​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​CIO ជាអ្នក​សម្រេ​ចចុងក្រោយ។ ជិត​មួយ​ឆ្នាំ​ក្រោយ​សង្គ្រាម​​​ចូល​ឈ្លានពាន​អ៊ុយក្រែន​ គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​បាន​បង្ហាញ​គម្រោង​​ចង់​បញ្ចូល​អត្តពលិករុស្ស៊ី​ក្នុង​ពិភពកីឡា​វិញ ដោយ​ឈរ​លើ​ទស្សនៈ​ថា គ្មាន​អត្តពលិក​ណា​ម្នាក់​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ចូល​ប្រកួត​ព្រោះ​សញ្ញាតិ​ទេ។ តែនៅ​ចំពោះ​មុខ​ការ​ទទូច​របស់​​ក្រុង​កៀវ ​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​បាន​ប្រកាស​សិក្សា​លទ្ធភាព​ អនុញ្ញាត​ឱ្យ​កីឡាកររុស្ស៊ី ចូល​ប្រកួត​ក្រោម​ទង់​អព្យាក្រិត្យ។ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផ្ទាល់​មិន​ទាន់​បញ្ចេញ​ជំហរ​ទាក់​ទង​នឹង​រឿង​នេះ​ទេ ហើយ​រដ្ឋាភិបាល​​ក៏​ដូច​ជា​វិមាន​ប្រធានាធិបតីបារាំង​និង​គណៈកម្មការអូឡាំពិក​អន្តរជាតិ ក៏​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ជុំ​វិញ​ជំហរ​ថ្មី​របស់​អភិបាល​ក្រុង​ប៉ារីស​ដែរ។

ករណី​ផាត់​កីឡាករ​រុស្ស៊ី​ជា​សំណុំ​រឿង​ចម្រូង​ចម្រាស់​តាំង​ពី​​អូឡាំពិក​ក្រុង​រីយ៉ូ​ឆ្នាំ​២០១៦​មក ក្រោយពី​​ផ្ទុះ​រឿង​អាស្រូវ​​រុស្ស៊ី​ប្រើ​ថ្នាំ​ប៉ូវ​កីឡាករ​ជា​ប្រព័ន្ធ។​ ដោយ​ហេតុសំណុំ​រឿង​នេះ រុស្ស៊ី​គ្មាន​មុខ​​ជា​ផ្លូវការក្នុង​កម្មវិធី​អូឡាំពិករដូវក្តៅ​​ក្រុង​តូក្យូ​២០២១ និង​​រដូវ​រងារ​ក្រុង​​ប៉េកាំង​២០២២ទេ ​តែ​កីឡាករ​អាច​ចូល​រួម​ប្រកួត​កីឡា​ក្រោម​ទង់ “​អព្យាក្រិត្យ”។ វត្តមាន​រុស្ស៊ី​ក្នុង​អូឡាំពិក​ក្រុង​ប៉ារីស បាននិង​កំពុង​​ក្លាយ​ជា​ប្រធានបទ​ប្រទាញប្រទង់​អន្តរជាតិ។ គំនិត​របស់​គណៈកម្មការ​អូឡាំពិក​អន្តរជាតិដាក់​លក្ខខណ្ឌ​​ឱ្យ​កីឡាករ​រុស្ស៊ីកុំ​គាំទ្រ​សង្គ្រាម​អ៊ុយក្រែន​ដោយ​សកម្ម​ទើប​អាច​​ស្ថិត​ក្រោម​​ទង់ជាតិ​អព្យាក្រិត្យ​ ត្រូវ​បាន​អាជ្ញាធរ​អ៊ុយក្រែន ​​ច្រាន​ចោល​ជា​ដាច់​ខាត​ ហើយ​ជាមួយ​ប៉ូឡូញ អេស្តូនី និង​សាធារណរដ្ឋ​ឆែក ពួកគេ​គំរាម​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កីឡាអូឡាំពិក​ក្រុង​ប៉ារីសផង។ តែសហរដ្ឋ​អាមេរិក​ចង់​បាន​ការ​សម្របសម្រួល​បែប​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ