អានតួអត្ថបទ
រូម៉ានី មីស៊ីលរុស្ស៊ី

រូម៉ានី សមាជិកអូតង់ថា គ្រាប់មីស៊ីលរុស្ស៊ីមិនបាន​ហោះចូលក្នុង​ដែនអាកាសរបស់រូម៉ានី

ក្រសួងការពារជាតិរូម៉ានី​បានបញ្ជាក់ កាលពីថ្ងៃ​សុក្រម្សិលមិញ​ថា គ្រាប់មីស៊ីល​រុស្ស៊ី​មិនបានហោះរំលោភចូលដែនអាកាសរបស់រូម៉ានី។ នៅព្រឹកថ្ងៃសុក្រ ភាគីអ៊ុយក្រែន​បាន​លើកឡើង​ថា គ្រាប់មីស៊ីល​ពីរដើម​របស់​រុស្ស៊ី​ដែលបាញ់​ចេញ​ពី​សមុទ្រ​ខ្មៅ បាន​ហោះរំលង​ទឹកដីរូម៉ានី និង​ប្រទេស​ម៉ុលដាវី មុន​នឹង​ធ្លាក់​លើ​គោលដៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ីបាញ់ស្រោច​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់អ៊ុយក្រែន នៅមួយថ្ងៃក្រោយ ដែល​ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​ធ្វើដំណើរ​ទៅ ទីក្រុង​ព្រុចសែល ដើម្បី​ស្វែងរកសព្វាវុធ​ទំនើប​បន្ថែម​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច។

ប្រព័ន្ធបាញ់មីស៊ីលអាមេរិកាំង HIMARS ដែលកងទ័ពរូម៉ានីបាញ់​នៅក្នុង​ក្របខ័ណ្ឌសមយុទ្ធ នៅសមុទ្រ​ខ្មៅ នៅថ្ងៃទី ៩​កុម្ភៈ​​២០២៣
ប្រព័ន្ធបាញ់មីស៊ីលអាមេរិកាំង HIMARS ដែលកងទ័ពរូម៉ានីបាញ់​នៅក្នុង​ក្របខ័ណ្ឌសមយុទ្ធ នៅសមុទ្រ​ខ្មៅ នៅថ្ងៃទី ៩​កុម្ភៈ​​២០២៣ Inquam Photos/Octav Ganea via RE - INQUAM PHOTOS/Octav Ganea
ផ្សាយពាណិជ្ជកម្ម

សមាជិក​របស់អូតង់​រូម៉ានី​បាន​បដិសេធថា មីស៊ីលរុស្ស៊ី​មិនបាន​ហោះចូលក្នុងដែនអាកាសរបស់ខ្លួន។ តាមសេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រូម៉ានី ប្រព័ន្ធតាមដានផ្លូវអាកាស​របស់​រូម៉ានី​ចាប់បានសញ្ញា​គ្រាប់​ដែលបាញ់​ចេញពីកប៉ាល់ទឹក​រុស្ស៊ី នៅ​សមុទ្រ​ខ្មៅ ក្បែរ​តំបន់គ្រីមេ សំដៅទឹកដីអ៊ុយក្រែន។ តាម​ភាគីរូម៉ានី​ដដែល គ្រាប់រុស្ស៊ី​បាន​ហោះ​នៅចម្ងាយ ៣៥គីឡូម៉ែត្រ​ពីតំបន់ដែនអាកាសរបស់​រូម៉ានី ប៉ុន្តែ មិនបានហោះចូលក្នុងដែនអាកាសរបស់រូម៉ានីឡើយ។

តាម​ក្រសួងការពារជាតិ​រូម៉ានី ការបញ្ជូនយន្តហោះចម្បាំង​ពីរគ្រឿង នៅក្នុងក្របខ័ណ្ឌ​របស់​អូតង់ ទៅកាន់ភាគខាងជើង​រូម៉ានី បានជួយ​ឲ្យ​រូម៉ានីអាច​តាមដាន​ស្ថានការណ៍ជាក់ស្តែង​កាលពីថ្ងៃសុក្រ។

ការចេញមុខមកបញ្ជាក់​របស់​ភាគីរូម៉ានី​ ​ ធ្វើឡើង នៅបន្ទាប់ពី​មេបញ្ជាការកងទ័ព​អ៊ុយក្រែន លោក​វ៉ាឡេរី ហ្សាលូនី អះអាងថា គ្រាប់មីស៊ីល​រុស្ស៊ី​ពីរគ្រាប់​បាន​ហោះឆ្លងកាត់ដែនអាកាសរបស់​រូម៉ានី ប្រទេសសមាជិករបស់អូតង់ និង​ប្រទេស​ម៉ុលដាវី ដែលមាន​ព្រំដែនជាប់អ៊ុយក្រែន។ ក្រសួងការពារ​ជាតិ​ម៉ុលដាវី​វិញ និយាយថា ម៉ុលដាវី​ចាប់បានសញ្ញាមីស៊ីល​ដែលហោះរំលោភ​ចូលដែនអាកាស​របស់ម៉ុលដាវី កាលពី​ថ្ងៃ​សុក្រ ដូច្នេះ ម៉ុលដាវីដែល​មិនមែនជា​សមាជិក​របស់អូតង់ ប៉ុន្តែ ​ឧស្សាហ៍​ទទួលបំណែកគ្រាប់មីស៊ីល​របស់​រុស្ស៊ី ចាប់តាំង​ពី​សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានកោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ឲ្យឆ្លើយបញ្ជាក់ជុំវិញ ឧប្បត្តិហេតុ នៅថ្ងៃ​ម្សិលមិញ។

នៅថ្ងៃសុក្រ រុស្ស៊ី​បាន​បាញ់មីស៊ីល​ស្រោច​ទៅលើ​ទីតាំង​រោងចក្រ​អគ្គិសនី នៅក្នុងតំបន់ចំនួន ៦​របស់​អ៊ុយក្រែន នៅក្នុង​ខណៈពេល​ដែលប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​ត្រលប់ចូលទីក្រុង​កៀវ នៅក្រោយទស្សនកិច្ច​ស្វែងរកជំនួយសព្វាវុធ​ពីសម្ព័ន្ធមិត្តអឺរ៉ុប។

តាម​ក្រសួងការពារជាតិ​អ៊ុយក្រែន ប្រព័ន្ធមីស៊ីលដែលអ៊ុយក្រែន​បាន​ទទួលពីប្រទេស​លោកខាងលិច បាន​បាញ់ស្កាត់​ទម្លាក់ មីស៊ីលរុស្ស៊ី​ចំនួន ៦១ដើម នៅក្នុងចំណោម​មីស៊ីល​៧១ដើម ដែលនៅក្នុងនោះ មាន១០​ដើម នៅទីក្រុង​កៀវ។ ប៉ុន្តែ កងទ័ពអ៊ុយក្រែន​សោកស្តាយថា ប្រព័ន្ធការពារ​ដែនអាកាស ពិបាក​នឹង​ស្ទាក់ចាប់បាន​គ្រាប់រ៉ុកកែ្កត​៣៥ដើម ដែលបានដៅ​បំផ្លាញ ទីក្រុង​ខាកៀវ និង​ហ្សាប៉ូរីចា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ