អានតួអត្ថបទ
អឺរ៉ុប-អំពើ​ពុករលួយ

សំណុំ​រឿង​ពុក​រលួយ​អឺរ៉ុប ឈាន​ដល់​កា​រចោទ​ប្រកាន់​ជា​ផ្លូវការ​សមាជិក​សភា​ជាតិ​បែលហ្ស៊ិកម្នាក់

សំណុំ​រឿង​ពុក​រលួយ​ក្នុង​រង្វង់​សភា​អឺរ៉ុប​ពាក់​ព័ន្ធ​ជាមួយ​នឹង​ប្រទេស​កាតា​ បាន​ផុស​ឡើង​ជា​ថ្មី។ ក្រោយ​ពីសេចក្តី​សម្រេច​របស់​​សភា​​អឺរ៉ុប​ដក​អភ័យឯកសិទ្ធិ​សមាជិក​ជាប់​សង្ស័យ​ប្រលាក់​ប្រលូស​នឹង​អំពើ​ពុក​រលួយកាលពី​ថ្ងៃទី​២​កុម្ភៈ​មក នៅថ្ងៃ​សៅរ៍​នេះ តុលាការ​បែលហ្ស៊ិក​បាន​សម្រេច​ធ្វើ​កា​រចោទ​ប្រកាន់​ជា​ផ្លូវការ​សមាជិក​សភា​អឺរ៉ុប​ជាតិបែលហ្ស៊ិក Marc Tarabella​ ម៉ាក តារ៉ាបែលឡា ពី​បទ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​។

លោក Marc Tarabella អស់​អភ័យឯកសិទ្ធិសភា នៅថ្ងៃទី​២​កុម្ភៈ ត្រូវ​តុលាការ​បែលហ្ស៊ិក​ចោទប្រកាន់​ជា​ផ្លូវការ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​
លោក Marc Tarabella អស់​អភ័យឯកសិទ្ធិសភា នៅថ្ងៃទី​២​កុម្ភៈ ត្រូវ​តុលាការ​បែលហ្ស៊ិក​ចោទប្រកាន់​ជា​ផ្លូវការ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

អស់​អភ័យឯកសិទ្ធ និង​ឃាត់​ខ្លួន​បាន​កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ​ លោក តារ៉ាបែលតា ត្រូវ​ជាប់​ឃុំ​ឃាំង​បណ្តោះ​អាសន្ន ក្រោយ​ពី​បាន​​ទទួល​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ ប្រព្រឹត្ត​អំពើ​ពុក​រលួយ លាង​លុយ​ និង​ចូល​ដៃ​ជាមួយ​អង្គការ​ឧក្រិដ្ឋកម្ម​។ នេះ​បើ​តាមអ្នក​នាំពាក្យ​​តុលាការប៊ែលហ្សិក​ ដោយ​បញ្ជាក់​ថា ជន​ជាប់​ចោទត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ រយៈ​ពេល​៥​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​ ស្រប​តាម​ច្បាប់​របស់​បែលហ្ស៊ិក។

សូម​រំលឹក​ថា​នៅក្នុង​សំណុំ​រឿង​ពុករលួយ​អឺរ៉ុប​នេះ មាន​សមាជិក​សភា​បី​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​ម្នាក់​ជា​អតីត​អនុប្រធាន​សភា​អឺរ៉ុប​ជាតិ​ក្រិក​ អេវ៉ា កាយលី​ Eva Kaili និង​សមាជិក​សភា​អ៊ីតាលី​ ព្យេរ អង់តូនីញ៉ូ ប៉ង់ហ្សេរី Pier Antonio Panzeri ជាប់​ឃុំ​ឃាំង​រួច​ទៅហើយ ក្រោយ​ការ​ផ្ទុះ​រឿង​អាស្រូវ​នៅថ្ងៃទី​៩ធ្នូ​២០២២ភ្លាម។ អតីត​សមាជិក​សភា​ជាតិ​អ៊ីតាលី​នេះ ជា​ជនសង្ស័យ​ដ៏​សំខាន់​ ដែល​បាន​ទទួល​សារភាព​ថា​បាន​រៀប​ចំ​ផែនការ​ពុករលួយ តែព្រមព្រៀង​ចង្អុល​មុខ​អ្នក​រួម​ដៃ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​ជាប់ទោស​ក្នុង​ពន្ធនាគារ​យ៉ាង​យូរ​បំផុត​ត្រឹម​មួយ​ឆ្នាំ។

បើ​តាម​កាសែត​បែលហ្ស៊ិក លោក ប៉ងហ្សេរី​នេះ បានឱ្យ​លុយ​ជា​សំណូក​ដល់​លោក តារ៉ាបែលតា ​ប្រមាណ​១២-១៤ម៉ឺន​អឺរ៉ូ។ ​លោក​តារ៉ាបែលតាបាន​​បដិសេធទាំង​ស្រុង។ ប៉ុន្តែ​​នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប​ សមាជិក​សភា​ផ្សេង​ទៀត​បាន​សម្គាល់​ឃើញ​ថាលោក តារ៉ាបែលតា ​បាន​ការពារ​កាតាខ្លាំង​ក្នុង​វិស័យគោរព​​សិទ្ធិមនុស្សដែល​ជា​ជំហរ​ផ្ទុយ​ស្រលះ​​កាលពី​ឆ្នាំ​២០១៥ ពេល​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​សម្រេច​ឱ្យ​កាតា​ធ្វើ​ជាម្ចាស់​ផ្ទះ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២។ ម្សិលមិញ តុលាការ​បែលហ្ស៊ិក​បាន​ចុះ​ទៅ​ឆែកឆេរដល់​ផ្ទះ និង​ការិយាល័យ​ធ្វើ​ការ​ព្រមទាំង​គណនី​ក្នុង​ធនាគារ​ទៀត។

នៅ​ក្នុង​ការ​អង្កេត​តែ​មួយ​នេះ តាម​រយៈ​ដីកា​អន្តរជាតិ តុលាការ​បែលហ្ស៊ិក​បាន​ចាប់​ខ្លួន​សមាជិក​សភា​អឺរ៉ុប​ជាតិ​អ៊ីតាលី​ម្នាក់​ទៀត លោកAndrea Cozzolino ស្និទ្ធ​នឹង​លោក​ប៉ង់ហ្សេរី និង​​កំពុង​រង់ចាំ​ការ​ធ្វើ​បត្យាប័ន។ នេះ​បើ​តាមតុលាការបែលហ្ស៊ិកដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ