អានតួអត្ថបទ
អឺរ៉ុប-អំពើ​ពុករលួយ

សភា​អឺរ៉ុបបើកប្រជុំ​​​ដក​អភ័យឯកសិទ្ធិសមាជិក​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ

មួយខែ​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយពាក់ព័ន្ធ​នឹង​ប្រទេស​កាតា​មក ​សភា​អឺរ៉ុប​បាន​ប្រមូល​សមាជិក​បើក​​ប្រជុំ​ពេញ​អង្គ​ពី​ថ្ងៃ​ទី ១៦ដល់​ថ្ងៃទី១៩​មករា។ នាំមុខ​​ដោយលោកស្រី​​ប្រធាន ​សភា​អឺរ៉ុប​ចង់​បោស​សម្អាត​អំពើ​ពុករលួយ​និង​កែលម្អមុខ​មាត់​សភា​អឺរ៉ុប​ឡើង​វិញ​ឱ្យ​​បាន​ឆាប់​រហ័ស​បំផុត។ កម្មវត្ថុ​នៃ​ជំនួប​ប្រជុំ​ថ្ងៃ​នេះ ផ្តោត​ជា​អាទិ៍​​ទៅ​លើការ​ដក​អភ័យឯកសិទ្ធិសមាជិក​ពីរ​រូប​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​។

សភា​អឺរ៉ុប​នៅ​ក្រុង​ Strasbourg ប្រទេស​បារាំង
សភា​អឺរ៉ុប​នៅ​ក្រុង​ Strasbourg ប្រទេស​បារាំង © AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

សម័យ​ប្រជុំសភា​​ពេញ​អង្គ​លើក​ទីមួយ​ឆ្នាំ​២០២៣ ត្រូវ​បើក​ជាមួយ​នឹង​សេចក្តី​ប្រកាស​​របស់​ប្រធាន​សភា​បើក​សំណុំបែបបទ​លើក​អភ័យឯកសិទ្ធិ​សមាជិកសភា​ពីរ​នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពុករលួយ​ជាមួយប្រទេស​កាតា គឺ​សមាជិកសភា​អ៊ីតាលី អង់ដ្រេអា កូហ្សូលីណូ និង​សមាជិកជាតិ​ប៊ែលហ្សិក ម៉ាក តារ៉ាបាឡា។ បន្ទាប់​មក​ គណៈកម្មការយុត្តិធម៌​សភា​អឺរ៉ុប នឹង​សិក្សា​សំណុំ​រឿង​នេះ។

រហូត​​ដល់ខែក្រោយ​ ក្នុង​សម័យ​ប្រជុំ​សភាពេញ​អង្គ​ខែកុម្ភៈ​ ទើប​សមាជិក​សភា​អឺរ៉ុប​ត្រូវ​បោះឆ្នោត​សម្រេច​ជុំ​វិញ​ការ​លើក​​អភ័យឯកសិទ្ធិ​សមាជិកសភា​ពីរ​រូប​នេះ។ ប៉ុន្តែ​គ្មាន​អ្វី​គួរ​ឱ្យស​ង្ស័យ​ទេ ព្រោះ​គ្មាន​ក្រុម​ណា​ប្រឆាំងទេនៅ​​ក្នុង​សភា​អឺរ៉ុប។

សូម​បញ្ជាក់​ថា រឿង​អាស្រូវ​ពុក​រលួយ​ជាមួយ​ប្រទេសកាតា​បាន​ផ្ទុះ​ឡើង​កាលពី​ខែ​ធ្នូ​ ដោយ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​​យ៉ាង​តិច​៥​នាក់ ក្នុង​នោះ​ម្នាក់​ជា​អនុប្រធាន​សភា​អឺរ៉ុប​​លោកស្រី ​អេវ៉ា កាយលី​ជា​ជនជាតិ​ក្រិក​ ​២នាក់​ជា​​សមាជិក​សភា​អឺរ៉ុបនៃក្រុម​សម្ព័ន្ធ​ចម្រើន​សង្គមនិយម និង​ប្រជាធិបតេយ្យ​ហៅ​កាត់ S&D ជាតិ​អ៊ីតាលី និង​ជាតិ​ប៊ែលហ្សិក។ សភា​អឺរ៉ុប​បាន​ដក​លោកស្រី​ អេវ៉ា កាយលី ពី​តំណែង​ភ្លាម​ ហើយ​បាន​ប្រកាស​ព្យូរ​ទំនាក់ទំនង​ជាមួយ​កាតា​ ដើម្បី​អង្កេត។ ប៉ុន្តែ​សមាជិកសភា​អឺរ៉ុប និង​អ្នក​អង្កេតការណ៍​ទាមទារ​ឱ្យ​អឺរ៉ុប​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​កែលម្អ​ស្ថាប័ន។

លោកស្រី​ប្រធាន​សភា​ ដែល​ត្រូវ​ថ្លែង​បើក​អង្គ​ប្រជុំ​នៅ​វេលា​ម៉ោង​៥​រសៀល​ម៉ោង​នៅប្រទេស​បារាំង បាន​បង្ហាញ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​យក​ប្រយោជន៍​និង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ទី​បី​ ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១២​មករា​។ ក្នុង​ចំណោម​អាទិភាព​ ​ចម្បងៗទាំង​១៤​ចំណុច មាន​មួយ​ចែង​ហាមឃាត់​មិន​ឱ្យ​សមាជិក​សភា​ធ្វើ​សកម្មភាពLobbie​​ទេ។ សមាជិក​សភា​អឺរ៉ុប​ត្រូវ​បង្ហាញ​រាល់​គ្រប់​សកម្មភាព​ណាត់​ជួប​របស់​ខ្លួន​ក្នុង​អាណត្តិ។

ឆន្ទៈ​ធ្វើ​កំណែទម្រង់​ត្រូវ​បានទទួល​ការ​គាំទ្រ​ពី​គ្រប់​គណបក្ស​ក្នុង​សភា​អឺរ៉ុប​ទាំងអស់ ព្រោះ​នៅ​តែប្រមាណ​១៨​ខែ​ទៀត នឹង​ដល់​ថ្ងៃ​រៀប​ចំ​បោះឆ្នោត​សភា​អឺរ៉ុប​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ