អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-ជំនួយ​មនុស្សធម៌

សង្គ្រាម​អ៊ុយក្រែន ៖ អ.ស.ប. ត្រូវការ​ជំនួយ​មនុស្ស​​ធម៌​៥,៦ពាន់​លាន​សម្រាប់​ឆ្នាំ​២០២៣

នៅថ្ងៃពុធ​ទី ១៥​កុម្ភៈ​នេះ អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ស្វែង​រក​ជំនួយ​មនុស្សធម៌ ប្រចាំ​ឆ្នាំ​២០២៣​ ចំនួន ៥៦០០​លាន​ដុល្លារ។ ជា​ជំនួយដែល​​សម្រាប់​យក​ទៅ​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់​​របស់​ពលរដ្ឋ​អ៊ុយក្រែនរស់​ប្រឈម​នឹង​សង្គ្រាមក្នុង​ប្រទេស​​ និង​ជនភៀស​ខ្លួនអ៊ុយក្រែន​ព្រមទាំង​​សហគម​ទទួល​ជន​ភៀស​ខ្លួន នៅ​​អឺរ៉ុប។​

លោក Martin Griffiths (ឆ្វេង) ប្រធាន​ភ្នាក់ងារ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ និង​លោក Filippo Grandi ប្រធាន​ភ្នាក់ងារ​ជនភៀសខ្លួនអង្គការ​សហប្រជាជាតិ​ អំពាវនាវ​រក​ជំនួយមនុស្ស​ធម៌​​សម្រាប់​អ៊ុយក្រែន ថ្ងៃទី ១៥​កុម្ភៈ​២០២៣​
លោក Martin Griffiths (ឆ្វេង) ប្រធាន​ភ្នាក់ងារ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ និង​លោក Filippo Grandi ប្រធាន​ភ្នាក់ងារ​ជនភៀសខ្លួនអង្គការ​សហប្រជាជាតិ​ អំពាវនាវ​រក​ជំនួយមនុស្ស​ធម៌​​សម្រាប់​អ៊ុយក្រែន ថ្ងៃទី ១៥​កុម្ភៈ​២០២៣​ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន បាន​រំកិល​​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។ សង្គ្រាម​បន្ត​សម្លាប់​មនុស្ស​ បន្ត​បង្ហិន​បង្ហោច​​ និង​បន្ត​ជំរុញ​ឱ្យ​មាន​ជន​ភៀស​ខ្លួន ក្នុង​បរិមាណ​កាន់​តែ​ច្រើន​គួរ​ឱ្យ​តក់​ស្លុត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ជួយ​សហគមន៍​​ដែល​ពិបាក​ចូល​ជួយ​ ពោល​គឺ​រាប់​ទាំង​អ្នក​រស់​នៅ​ជិត​ខ្សែសមរភូមិប្រយុទ្ធ​ជួរ​មុខ​ផង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​របស់​លោក Martin Griffiths នាយក​ប្រតិបត្តិការ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ ដោយ​បន្ថែម​ថា ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​មិន​ងាយ​បញ្ចប់​ទេ​ ពួកគេ​បន្ត​ត្រូវការ​ជំនួយ​គាំទ្រ​ពី​អន្តរជាតិណាស់។

ដូច្នេះ​សម្រាប់​ឆ្នាំ​២០២៣​នេះ ភ្នាក់ងារ​មនុស្ស​ធម៌​អង្គការ​សហប្រជាជាតិ​ចាំ​បាច់​ត្រូវការ​ប្រាក់​ចំនួន ៣ពាន់​៩​រយលាន​ដុល្លារ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ចំនួន ១១,១លាន​នាក់ និង​ ១ពាន់​៧រយ​លាន​ដុល្លារ សម្រាប់​ជួយ​​ជន​ភៀស​ខ្លួន​ ដែល​មួយភាគធំ​នៃ​ជំនួយ​ត្រូវ​​ចែក​ទៅ​ឱ្យ​ប៉ូឡូញ​ ប្រទេស​ទទួល​ជនភៀសខ្លួន​អ៊ុយក្រែន​ច្រើន​ជាង​គេ បន្ទាប់​មក​គឺ​ប្រទេស​ម៉ុលដាវី។ បើ​តាម​អង្គការ​សហប្រជាជាតិ គិតចាប់​ពី​ថ្ងៃទី ២៤​កុម្ភៈ២០២២​ដល់​​ខែ​មករា​២០២៣ មាន​ពលរដ្ឋ​អ៊ុយក្រែន​៤,៩​លាននាក់ ក្លាយ​ជា​ជន​ភៀស​ខ្លួន ដោយ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ទទួល​ការ​ការពារ​បណ្តោះ​អាសន្ន​ពី​សហភាព​អឺរ៉ុប ឬ​ពី​ប្រទេស​នៅ​អឺរ៉ុប​ (៨៦%​ជា​ស្រ្តី​និង​កុមារ)។

ជា​លើក​ទី​មួយ អឺរ៉ុប​បាន​បង្ហាញ​សមត្ថភាព​បញ្ចេញ​សកម្មភាព​ជាធ្លុង​មួយ​ជួយ​ជនភៀស​ខ្លួន​អ៊ុយក្រែន ប៉ុន្តែ​បើ​តាម​ប្រមុខ​ភា្នក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ សមានចិត្ត​និង​ការ​ទទួល​ស្វាគមន៍​ជនភៀសខ្លួន​នៅ​មិន​ចប់​ទេ អន្តរជាតិ​ត្រូវ​បន្ត​គាំទ្រ​ទៀត រហូត​ណា​ទាល់​តែ​ជនភៀស​ខ្លួនអ៊ុយក្រែនអាច​ត្រលប់​ទៅ​ផ្ទះ​ពួកគេ​វិញ​ប្រកប​ដោយ​សុខសុវត្ថិភាព​ និង​ភាព​ថ្លៃថ្នូរ។

នៅក្នុង​សារ​អំពាវនាវ​រក​ជំនួយ​មូលនិធិ​ អង្គការ​សហប្រជាជាតិ ​បាន​គូស​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២២ អង្គការ​បាន​ទទួល​ជំនួយ​៨០%​​នៃ​ផែនការ​ស្នើ​សុំចំនួន​​៤៣០០​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។ ចំណែក​ការ​គាំទ្រ​ដល់​ជន​ភៀសខ្លួន​ដែល​មាន​ទឹក​ប្រាក់​សរុប​១៧៩០​លាន​ដុល្លារ​វិញ បាន​ទទួល​ការ​ឧបត្ថម្ភ​ដល់​ទៅ​៧១%។ ​សង្ឃឹម​ថា​អន្តរជាតិ​នឹង​បន្ត​មាន​សណ្តាន​ចិត្ត​ល្អ​ចំពោះ​អ៊ុយក្រែនជា​រហូត​ទៅ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ប្រមុខ​ដឹកនាំ​ស្ថាប័ន​ជនភៀស​ខ្លួន​អង្គការ​សហប្រជាជាតិលោក Filippo Grandi៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ