អានតួអត្ថបទ
អ៊ីស្រាអែល-សង្រ្គាមអ៊ុយក្រែន

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន៖ អ៊ីស្រាអែល​កំពុង​ងាក​ទៅរក​អ៊ុយក្រែន?

មាន​ជំហរ​អព្យាក្រិត តាំងពី​ដំបូងទី​នៃសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន រដ្ឋាភិបាល​របស់អ៊ីស្រាអែល​បានបង្ហាញទំនោរ​ទៅរក​អ៊ុយក្រែន តាមរយៈ​ទស្សនកិច្ច ជាលើកទី១ របស់​ប្រមុខការបរទេស​អ៊ីស្រាអែល នៅទីក្រុង​កៀវ។ ធ្វើដំណើរទៅដល់​ទីក្រុង​កៀវ កាលពីថ្ងៃ​ព្រហស្បតិ៍ ក្នុង​ឱកាសសម្ពោធ បើក​ឲ្យដំណើរការឡើងវិញ ស្ថានទូត​អ៊ីស្រាអែល នៅ​អ៊ុយក្រែន រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល​បាន​ប្រកាស​សាមគ្គីភាព​ជាមួយអ៊ុយក្រែន គាំទ្រ​បូរណភាព និង​ដែនអធិបតេយ្យរបស់អ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន លោក​Dmytro Kuleba (ស្តាំ) ក្នុងសន្និសីទកាសែតជាមួយ​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក Eli Cohen ដែលធ្វើដំណើរទៅដល់​ក្រុង​កៀវ នៅថ្ងៃទី​១៦ កុម្ភៈ ២០២៣
រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន លោក​Dmytro Kuleba (ស្តាំ) ក្នុងសន្និសីទកាសែតជាមួយ​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក Eli Cohen ដែលធ្វើដំណើរទៅដល់​ក្រុង​កៀវ នៅថ្ងៃទី​១៦ កុម្ភៈ ២០២៣ AP - Gleb Garanich
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរយៈពេល​ជិត​១ឆ្នាំ​នៃសង្រ្គាមរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន អ៊ីស្រាអែល​ព្យាយាម​ប្រកាន់ជំហរ​អព្យាក្រិត។ អ៊ីស្រាអែល​ថ្កោលទោស​ការឈ្លានពាន​របស់រុស្ស៊ី នៅអ៊ុយក្រែន ប៉ុន្តែ បដិសេធ​មិន​ផ្តល់​ជំនួយ​សព្វាវុធ ទៅតាម​ការទទូចសុំ​ពី​ប្រធានាធិបតី​អ៊ុយក្រែន ដើម្បីកុំ​ឲ្យ​រុស្ស៊ី​ខឹងថ្នាំងថ្នាក់​ចិត្តជាមួយ​អ៊ីស្រាអែល។

ប៉ុន្តែ នៅចំពោះមុខ​ការវិវត្ត​នៃ​សង្រ្គាម ជាពិសេស នៅក្រោយ អ៊ីរ៉ង់ ដែល​ជា​សត្រូវដ៏ធំ​របស់អ៊ីស្រាអែល នៅ​ដើមបូព៌ា បាន​ផ្គត់ផ្គង់​យន្តហោះដ្រូន ទៅ​ឲ្យរុស្ស៊ីធ្វើ​សង្រ្គាមនៅអ៊ុយក្រែន រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ផ្លាស់ប្តូរជំហរ​របស់ខ្លួន នៅក្នុង​សំណុំរឿង​សង្រ្គាមអ៊ុយក្រែន។

នៅថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល បាន​បញ្ជូន​រដ្ឋមន្រ្តីការបរទេស​របស់ខ្លួន ទៅធ្វើទស្សនកិច្ច​ជា​លើកទី១ នៅ​ទីក្រុង​កៀវ ជា​ទីដែល​អ៊ីស្រាអែល​ត្រូវបើកទ្វារ​ស្ថានទូតឡើងវិញ នៅក្រោយ បិទទ្វារ​ជិត​មួយឆ្នាំ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។

នៅក្នុង​សារធ្វីត មុន​ទៅដល់​ទីក្រុង​កៀវ ប្រមុខការបរទេស​អ៊ីស្រាអែល លោក​Eli Cohen បាន​សរសេរ​ថា លោក​ទៅ​អ៊ុយក្រែន ដើម្បី​ឈរនៅខាង​អ៊ុយក្រែន ជាមួយ​ប្រជាជនអ៊ុយក្រែន ក្នុង​ពេលវេលា​ដ៏​លំបាក។

នៅមុនជំនួបជាមួយសមភាគី​អ៊ុយក្រែន រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៊ូឆា កន្លែង​ដែល​មាន​ការសម្លាប់រង្គាលប្រជាជន​ស៊ីវិល ក្នុងអំឡុងកាន់កាប់​មួយរយៈ​របស់​កងទ័ពរុស្ស៊ី។ សម្រាប់​ប្រមុខការបរទេស​អ៊ីស្រាអែល គេ​មិនអាចធ្វើ មិនដឹង មិនលឺ​នៅចំពោះមុខ រូបភាព រឿងរ៉ាវ​កាប់សម្លាប់ដ៏ឃោឃៅ នៅ​ប៊ូឆាបានទេ។ អ៊ីស្រាអែល​ថ្កោលទោស ការវាយប្រហារ ដោយចេតនា​ទៅលើ​ប្រជាជន​ស៊ីវិល។

នៅក្នុង​សន្និសីទកាសែត​ជាមួយ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ប្រមុខការបរទេស​អ៊ីស្រាអែល លោក​Eli Cohen​បាននិយាយ​ថា អ៊ីស្រាអែល​គាំទ្រ​សន្និសីទ​ដើម្បី​សន្តិភាព ដែលរៀបចំឡើង​នៅ​អង្គការ​សហប្រជាជាតិ នៅសប្តាហ៍ក្រោយ ដែល​ស្នើឡើង​ដោយភាគី​អ៊ុយក្រែន ប៉ុន្តែ ដែល​រុស្ស៊ីទាត់ចោល មិនទទួលស្គាល់។

ប្រមុខ​ការបរទេស​អ៊ីស្រាអែល​អះអាង​ថា អ៊ីស្រាអែល​នឹង​ស្វែងរកជំនួយ​ឲ្យ​២០០លាន​ដុល្លារ ដើម្បី​ជួយ​អ៊ុយក្រែន ប៉ុន្តែ បដិសេធ​មិននិយាយ​ពីជំនួយ​សព្វាវុធ តាម​ការចង់បាន​របស់អ៊ុយក្រែន។ នៅក្នុងសន្និសីទកាសែត រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល​គ្រាន់តែបញ្ជាក់ថា អ៊ីស្រាអែល​អាច​ជួយ​អ៊ុយក្រែន​អភិវឌ្ឍ​ប្រព័ន្ធ​ការពារដែនអាកាស ដែល​អាច​ជួយ​ឲ្យ​អ៊ុយក្រែនដឹង​តម្រុយ មុន​មានការវាយប្រហារ​ផ្លូវអាកាស។

នៅ​ខែ​កុម្ភៈ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយ​ប្រាប់ទូរទស្សន៍អាមេរិក CNNថា ប្រទេសរបស់លោក​អាច​គ្រោង​ផ្តល់ជំនួយ​យោធា​ដល់​អ៊ុយក្រែន ប៉ុន្តែ អ៊ីស្រាអែល​ក៏ចង់​ដើរតួជា​អាជ្ញាកណ្តាល​សម្របសម្រួល​ភាគីជម្លោះដែរ។ ក្រសួងការបរទេស​រុស្ស៊ី​បាន​ប្រតិកម្ម​ភ្លាម ដោយ​ព្រមាន​ទៅកាន់​ប្រទេស​ផ្តល់ជំនួយយោធា​ទៅ​អ៊ុយក្រែន​ថា រាល់​ការផ្តល់សព្វាវុធ​ទៅ​អ៊ុយក្រែន ជាមេភ្លើង ធ្វើឲ្យ​ផ្ទុះសង្រ្គាមកាន់តែធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ