អានតួអត្ថបទ
បារាំង-ការពារជាតិ

បារាំងធ្វើសមយុទ្ធទ្រង់ទ្រាយធំសម្រាប់ប្រតិបត្តិការសង្គ្រាមរដ្ឋទល់នឹងរដ្ឋ

សមយុទ្ធទ្រង់ទ្រាយធំ​ដ៏​​កម្រ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​បារាំង។ សមយុទ្ធ​នេះ ដែល​នឹង​ត្រូវ​បន្ត​ធ្វើ​រហូតដល់​ថ្ងៃទី១១មីនា​ខាងមុខ មាន​ការ​ចូលរួម​ពី​សំណាក់​កងទ័ព​ចម្រុះ ហើយ​ផ្តោត​ចម្បង​​លើ​​ការ​ហាត់ស​ម​ អំពី​ប្រតិបត្តិការ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ រវាង​រដ្ឋ និង​រដ្ឋ។

ទាហាន​បារាំង ដែល​ចូលរួម​ក្នុង​សមយុទ្ធ "Orion" នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង កាល​ពីថ្ងៃទី២៦ កុម្ភៈ ២០២៣។
ទាហាន​បារាំង ដែល​ចូលរួម​ក្នុង​សមយុទ្ធ "Orion" នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង កាល​ពីថ្ងៃទី២៦ កុម្ភៈ ២០២៣។ AFP - SYLVAIN THOMAS
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ដែល​កំពុងប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​បារាំង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ការចូលរួម​ពី​សំណាក់​កងទ័ព​ចំនួន ៧ពាន់នាក់ មក​ពី​កងទ័ពជើងគោក ជើងទឹក និង​ជើងអាកាស ដាក់ពង្រាយ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន នៅប៉ែក​ខាង​ត្បូង​ប្រទេស ដោយ​ត្រូវ​​ហាត់សម​អំពី​ប្រតិបត្តិការ​វាយលុក​ដោយ​ទ័ពឆ័ត្រយោង ក៏ដូចជា​ប្រតិបត្តិការ​វាយលុក​ឡើងគោក​ពី​ទីសមុទ្រ ដើម្បី​ចូល​ជួយ​ប្រទេស​មួយ ដែល​រងការឈ្លានពាន​ពី​សំណាក់​ប្រទេស​មួយ​ទៀត។

សមយុទ្ធនេះ គឺ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធទ្រង់ទ្រាយ​ធំ ដែល​គេ​ឲ្យឈ្មោះ​ថា “Orion 2023” ដែល​បារាំង​គ្រោងធ្វើ​ជា​បន្តបន្ទាប់ នៅ​ក្នុង​ឆ្នាំ​នេះ ហើយនឹង​ត្រូវ​ធ្វើ​ជាប់ជាប្រចាំ​ទៅថ្ងៃ​អនាគត នៅ​រៀងរាល់​៣ឆ្នាំម្តង។ ដំណាក់កាល​ទីពីរ​នៃ​សមយុទ្ធ Orion នេះ ដោយ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​កងទ័ព​រហូតដល់​ទៅ ១ម៉ឺន២ពាន់នាក់ នឹង​ត្រូវបើក​ធ្វើ​ នៅ​ក្នុង​អំឡុងខែមេសាខាងមុខ។

នេះ​ជា​សមយុទ្ធ​ទ្រង់ទ្រាយធំ​បំផុត​មួយ​ ដែល​បារាំង​មិន​ធ្លាប់​បើក​ធ្វើ នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ២០ឆ្នាំ​កន្លងទៅនេះ ហើយវាក៏​​ជា​សមយុទ្ធ​ដ៏កម្រមួយ​ដែរ ដែល​ហាត់សមអំពី​ប្រតិបត្តិការ​សង្គ្រាម​ទ្រង់ទ្រាយធំ ​រវាង​រដ្ឋ និង​រដ្ឋ។

គួរកត់សម្គាល់ថា នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំកន្លងទៅនេះ កងទ័ព​បារាំង​ផ្តោត​ចម្បង​តែ​ទៅលើ​ប្រតិបត្តិការ​ប្រឆាំងភេរវកម្ម ឬ​ប្រតិបត្តិការទល់នឹង​កងកម្លាំង​ប្រដាប់អាវុធ​តូចៗ​ ដែល​មិនមែន​ជា​កងទ័ព​ជាតិ​របស់រដ្ឋ។

ការងាកមកផ្តោត​លើ​ការហាត់សមប្រតិបត្តិការ​សង្គ្រាម​រវាង​រដ្ឋ និង​រដ្ឋ បូករួម​ជាមួយ​នឹង​ការ​សម្រេច​បង្កើន​ថវិកាការពារជាតិ​​ដ៏ច្រើន​សន្ធឹកសន្ធាប់​ កាល​ពីពេល​ថ្មីៗនេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យឃើញ អំពី​ចំណុចរបត់​ដ៏ចម្បងមួយ​នៃវិស័យ​ការពារជាតិ​បារាំង នៅ​ក្នុង​បរិបទ​ថ្មី​នៃ​សន្តិសុខ ​និង​ភូមិសាស្រ្ត​នយោបាយ​​អឺរ៉ុប នៅ​ក្រោយ​ពេល​ដែល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ