អានតួអត្ថបទ
បារាំង-អង់គ្លេស

លោក​ម៉ាក្រុង​ជួប​​​លោកស៊ូណាក់ ក្នុង​ជំនួបកំពូល​ទ្វេភាគី​បារាំង-អង់គ្លេស

នៅប្រមាណជាង១០ថ្ងៃ​ មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីមួយ មកកាន់ប្រទេសបារាំង​ របស់ព្រះអង្គសាលទី៣ ព្រះមហាក្សត្រអង់គ្លេស​ នៅថ្ងៃសុក្រទី​១០មីនា លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ក្នុងក្របខណ្ឌជំនួប​កំពូល​ទ្វេភាគី។ ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងរវាង​រដ្ឋាភិបាលបារាំង​ អង់គ្លេស បានជួបបញ្ហារកាំរកូសជាបន្តបន្ទាប់។ តាមការគ្រោងទុក សំណុំរឿងគ្រប់គ្រងជនអន្តប្រវេសន៍ខុសច្បាប់ គឺជាអ្វីដែលភាគី​ទាំង២នឹងលើក​មកនិយាយគ្នាជាអាទិភាព ខណៈសំណុំរឿងជួយ​អ៊ុយក្រែន ក៏នៅមិនឆ្ងាយ​ប៉ុន្មានពី​ជំនួប​នេះដែរ​។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស​ Rishi Sunak ចាប់រលាក់ដៃជាមួយលោក Emmanuel Macron ក្នុងកិច្ចប្រជុំទ្វេភាគីក្របខណ្ឌ​ COP27 នៅទីក្រុង​ Sharm el-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី ៧វិច្ឆិកា ២០២២​
លោកនាយករដ្ឋមន្ត្រីអង់គ្លេស​ Rishi Sunak ចាប់រលាក់ដៃជាមួយលោក Emmanuel Macron ក្នុងកិច្ចប្រជុំទ្វេភាគីក្របខណ្ឌ​ COP27 នៅទីក្រុង​ Sharm el-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី ៧វិច្ឆិកា ២០២២​ AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូលទ្វេភាគីប្រចាំឆ្នាំ រវាង​បារាំងនិង​អង់គ្លេស ត្រូវបាន​អាក់ខានចាប់តាំងពីឆ្នាំ​២០១៨មក ដោយសារតែបញ្ហារកាំរកូសជាបន្តបន្ទាប់ រាប់ចាប់ពី​បញ្ហាBrexit បញ្ហាសម្ព័ន្ធភាព​Aukus នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប្រទេសទាំង២ មើលមុខគ្នាមិនសូវត្រង់​។ នរណាក៏ដឹងដែរ ថាទំនាក់ទំនងរវាង​លោក​ម៉ាក្រុង​និង​លោកបូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីអង់គ្លេស មិនសូវជាល្អនោះទេ។ ក្រោយ​មក​លោកស្រី លីស ត្រាស់ ដែលមក​កាន់តំណែងបានតែជាង​៤០ថ្ងៃ បានបដិសេធមិនឆ្លើយនឹងសំណួរអ្នកកាសែតទៀត ដែលសួរថា “តើលោក​ម៉ាក្រុង ជាមិត្ត ឬជាសត្រូវ” ?

ក្រោយ​ការចូលកាន់តំណែងរបស់​លោករីស៊ី ស៊ូណាក់ គេសង្កេតឃើញថា រដ្ឋាភិបាលទាំង២ ហាក់បាន​បង្ហាញជំហរ ប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២នេះ បានល្អប្រសើរឡើងវិញ។ ជាងនេះទៀត នៅក្នុងបរិបទ​សង្គ្រាម​អ៊ុយក្រែន ដែលតម្រូវឲ្យ​មហាអំណាចនុយក្លេអ៊ែរទាំង២ប្រចាំអឺរ៉ុបនេះ ត្រូវតែ​រួមសាមគ្គីគ្នា​។

យ៉ាងណាក៏ដោយ អ្វី​ដែលកម្មវត្ថុធំបំផុត របស់រដ្ឋាភិបាលអង់គ្លេស​នាពេលនេះ គឺនិយាយជាមួយ​ភាគីបារាំង ស្តីអំពី​ការគ្រប់​គ្រង​ព្រំដែន ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជិះទូកឆ្លងសមុទ្រផ្សងគ្រោះថ្នាក់ ចូលទៅកាន់ប្រទេសអង់គ្លេស។ បញ្ហា​គ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់ វាគឺជាការសន្យារបស់​គណបក្សអភិរក្សនិយមអង់គ្លេស​ ដែល​អះអាងថា​នឹងគ្រប់គ្រងព្រំដែន​ឲ្យ​បានតឹងតែង ​​នៅពេលណា​អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។​ ប្រភពពីមន្ត្រីរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា អង់គ្លេសត្រូវការការសហការពីបារាំង នៅក្នុងការរឹតបន្តឹងឲ្យកាន់តែខ្លាំង ដល់ការយាមល្បាត​តាមឆ្នេរនិងនៅក្នុងសមុទ្រ ដើម្បីទប់ស្កាត់ទូក​ដឹកជនអន្តោប្រវេសន៍។

សូមបញ្ជាក់ថា អង់គ្លេស និងបារាំងបានចុះកិច្ចព្រមព្រៀងនឹងគ្នា ច្រើនដងមកហើយ ដើម្បីព្យាយាមទប់ជនអន្តោប្រវេសន៍ឆ្លងសមុទ្រម៉ង់ឆ៍ (Manche)។ តែយ៉ាងណា ចំនួន​ជនអន្តោប្រវេសន៍​ឆ្លងសមុទ្រកាន់តែកើន។ ឆ្នាំ២០២២កន្លងទៅ មានជនអន្តោប្រវេសន៍ចំនួន ៤៦០០០នាក់ ដែលបានឆ្លងទៅដល់ឆ្នេរអង់គ្លេសដោយខុស​ច្បាប់។ កាលពីថ្ងៃអង្គារ​កន្លងទៅ រដ្ឋាភិបាលរបស់​លោករីស៊ី ស៊ូណាក់ បានបង្ហាញសេចក្តីស្នើច្បាប់ថ្មីមួយ ប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់ ហើយដែលទទួលបានការរិះគន់យ៉ាងខ្លាំង ពីអង្គការសហប្រជាជាតិ​។​

ក្រៅពីសំណុំរឿងអន្តោប្រវេសន៍ ថ្នាក់ដឹកនាំបារាំងនិងអង់គ្លេសនឹងនិយាយ​គ្នា​ផងដែរ អំពីផែនការផ្តល់ជំនួយទៅកាន់អ៊ុយក្រែន។ ជំនួយដែលមានជាគ្រឿងបរិក្ខាយោធា និង​ការបណ្តុះបណ្តាលបច្ចេកទេសជំនាញ​ដល់ទាហានអ៊ុយក្រែន​។ ជាមួយនឹងវត្តមាន​ចូលរួមដោយរដ្ឋមន្ត្រី៧រូបទាំងសងខាង ក្នុងជំនួបកំពូលនេះ បារាំងនិងអង់គ្លេស គ្រោងចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយគ្នាដែរ ស្តីពីការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ