អានតួអត្ថបទ
អេហ្វែល

ទួរអេហ្វែល​គ្រោងរៀបចំ​ប្រារព្ធ​ខួប១០០ឆ្នាំ​នៃ​មរណភាព​លោកហ្គូស្តាវ អេហ្វែល

ឆ្នាំ២០២៣នេះ គឺ​ជា​ខួបគម្រប់ ១០០ឆ្នាំ​នៃ​មរណភាព​លោក​ហ្គូស្តាវ អេហ្វែល (Gustave Eiffel) ដែល​ជា​អ្នក​សាងសង់​ទួរអេហ្វែល ក៏​ដូចជា​សំណង់​ដែក​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត។ នៅ​ក្នុង​ឱកាស​ខួប​១០០ឆ្នាំ​នេះ ក្រុមហ៊ុនគ្រប់គ្រង​ទួរអេហ្វែល ក៏ដូចជា សមាគម​កូនចៅត្រកូល​អេហ្វែល គ្រោង​រៀបចំ​កម្មវិធី​ជាច្រើន ដើម្បី​រំឭកខួប​វិស្វករ និង​សហគ្រិន​ដ៏​ជោគជ័យ​មួយ​នេះ។

ទួរអេហ្វែល​ នៅ​មាត់ទន្លេសែន ក្នុងទីក្រុងប៉ារីស សាងសង់ឡើង កាល​ពីឆ្នាំ១៨៨៩ ដោយ​ហ្គូស្តាវ អេហ្វែល
ទួរអេហ្វែល​ នៅ​មាត់ទន្លេសែន ក្នុងទីក្រុងប៉ារីស សាងសង់ឡើង កាល​ពីឆ្នាំ១៨៨៩ ដោយ​ហ្គូស្តាវ អេហ្វែល AFP
ផ្សាយពាណិជ្ជកម្ម

នៅចុងសតវត្សរ៍ទី១៩ សាងសង់​​នៅចំកណ្តាល​ក្រុង​ប៉ារីស នូវ​ប៉ម​កម្ពស់ ៣០០ម៉ែត្រ ដែល​ជាប៉ម​ខ្ពស់​បំផុត​នៅលើ​ពិភពលោក​នៅ​ពេលនោះ គឺ​ជា​រឿង​ដ៏សែន​ស្មុគស្មាញបំផុត ដែល​គេមិននឹកស្មាន​ថា​នឹង​អាចធ្វើបាននេះ​គឺ​ជា​ការលើកឡើង​របស់លោក ហ្សង់ហ្វ្រង់ស័រ ម៉ារតាំង (Jean-François Martins) នាយកក្រុមហ៊ុន​គ្រប់គ្រង​ទួរអេហ្វែល (Société d’exploitation de la tour Eiffelហៅកាត់ថា SETE) នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ទួរអេហ្វែល កាល​ពីថ្ងៃ​ព្រហស្បតិ៍ ៩មីនា។

គួរបញ្ជាក់ថា ទួរអេហ្វែល ត្រូវ​បាន​សាងសង់ឡើងដោយ​លោក ហ្គូស្តាវ អេហ្វែល កាល​ពី​ឆ្នាំ១៨៨៩ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេស្គាល់​ជាទូទៅ​ថា​ជា​និមិត្តរូប​នៃ​ទីក្រុង​ប៉ារីស។ ទួរអេហ្វែល​ក៏​ជា​ទីតាំង​ទេសចរណ៍​ដ៏​ល្បីមួយផងដែរ ដោយ​នៅ​ឆ្នាំ២០២២​កន្លងទៅនេះ មានអ្នកចូលទស្សនា​រហូតដល​់ទៅជាង ៦លាននាក់ ហើយ​រកប្រាក់ចំណូល​បាន​ប្រមាណ​ជា ១០០លាន​អឺរ៉ូ (យោងតាម​តួលេខ​ផ្តល់​ដោយ​ក្រុមហ៊ុន SETE)។

នៅក្នុងឱកាស​ខួប១០០ឆ្នាំ​នៃ​មរណភាព​របស់​លោក​ហ្គូស្តាវ អេហ្វែល កម្មវិធី​ជាច្រើន​នឹង​ត្រូវ​គេ​រៀបចំ​ធ្វើឡើង នៅ​ក្នុង​ចន្លោះ​ពីខែ​ឧសភា ដល់​ខែ​វិច្ឆិកា ដោយ​នៅ​ប៉ារីស អ្នក​ចូល​ទស្សនា​ទួរអេហ្វែល នឹង​អាច​ទស្សនាផងដែរ​ប្រវត្តិ​នៃ​ការ​សាងសង់​ទួរអេហ្វែល តាមរយៈ Virtual Tour ដោយ​នៅ​ក្នុងនោះ គេ​នឹង​អាច​ឃើញលោក​ហ្គូស្តាវ អេហ្វែល ជាអ្នក​រៀបរាប់​ អំពី​ប្រវត្តិសាងសង់នេះ។

គួរបញ្ជាក់ផងដែរ​ថា ហ្គូស្តាវ អេហ្វែល មិនមែន​សាងសង់​តែ​ទួរអេហ្វែល​នេះមួយទេ តែ​បាន​សាងសង់​សំណង់​ជាច្រើន​ផ្សេងទៀត ទាំង​នៅ​ក្នុង​ប្រទេស​បារាំង និង​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​សំណង់​នៅបរទេសនោះ ក៏មានដែរ គ្រោងឆ្អឹង​រូបសំណាក​សេរីភាព (Statue of Liberty) នៅ​ទីក្រុង​ញូវយ៉ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ